ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចចម្រុះឃាត់រថយន្តនីសាន់មួយគ្រឿងដឹកពលករបម្រុងឆ្លងដែនទៅប្រទេសថៃ

ចែករំលែក៖

      ខេត្តបន្ទាយមានជ័យ ៖ រថយន្តនីសាន់មួយគ្រឿងដឹកពលករប្រុសស្រីបម្រុងឆ្លងដែនទៅប្រទសថៃធ្វើការងារខុសច្បាប់ត្រូវកម្លាំងសមត្ថកិច្ចចម្រុះឃាត់បានកាលពីវេលាម៉ោង១២និង០០នាទីរំលងអធ្រាត្រឈានចូល ថ្ងៃ​ទី១៧ ខែមីនា ឆ្នាំ២០២២​ នេះ។

ប្រភពសមត្ថកិច្ចតាមបន្ទាត់ព្រំដែនប្រាប់ថាៈ កម្លាំងនគរបាលការពារព្រំដែនគោក៨១៥ប៉ុស្ដិ៍ចំបក់​ សហការជាមួយកម្លាំងកងរាជអាវុធហត្ថប្រចាំស្រុកម៉ាឡៃ បានទប់ស្កាត់ប្រជាពលរដ្ឋបម្រុងលួចឆ្លងដែនខុសច្បាប់ចំនួន ១៤នាក់ (ស្រី០៥នាក់និង កុមារ០១នាក់) នៅចំណុចផ្លូវលំក្នុងភូមិចំបក់ ឃុំបឹងបេង (ចម្ងាយពីផ្លូវជាតិលេខ៥៩ប្រហែល ១០០ម៉ែត្រ) និងរថយន្ដ ០១គ្រឿង ម៉ាកនីសាន់ ពណ៌ទឹកប្រាក់ ស្លាកលេខ ២B-៣៤៤៣ ។

ក្នុងចំណោមប្រជាពលរដ្ឋទាំង ១៤នាក់  មានម្នាក់ឈ្មោះ លឿម បូរី ភេទប្រុស អាយុ ៤០ឆ្នាំ មានទីលំនៅភូមិចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្ដបន្ទាយមានជ័យ (ជាតៃកុងរថយន្ដ)។

   បន្ទាប់ពីធ្វើការណែនាំស្ដីពីការឆ្លងរាលដាលរបស់ វីរុស Covid-19 រួច​ កម្លាំងកងរាជអាវុធហត្ថ បានបញ្ជូនពួកគាត់ចំនួន ១៣នាក់ ទៅមណ្ឌលចត្ដាឡីស័ក ចំណែកតៃកុងរថយន្ដ បានបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ដបន្ទាយមានជ័យ ដើម្បីចាត់វិធានការបន្តតាមនីតិវិធីច្បាប់ ៕

ដោយ ៖ វណ្ណា


ចែករំលែក៖