ខេត្តស្វាយរៀង ៖ មានការភ្ញាក់ផ្អើលដល់ព្រះសង្ឃក៏ដូចជាប្រជាពលរដ្ឋខណៈដែលបុរសអ្នកបើកត្រាក់ទ័ររុញដីម្នាក់បានជ្រុលចង្កូតធ្លាក់ចូលរណ្ដៅដីដែលមានកម្ពស់ប្រមាណជាង៣ម៉ែត្រកន្លះបណ្ដាលឱ្យត្រាក់ទ័រក្រឡាប់ធ្លាក់សង្កត់លើអ្នកបើកស្លាប់ភ្លាមៗនៅនឹងកន្លែងគួរឱ្យសង្វេគបំផុតមិនអាចសង្គ្រោះបានឡើយ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីថ្ងៃទី១៧ខែមីនាឆ្នាំ២០២២ស្ថិតនៅត្រង់ចំណុចភូមិបាក្រុង ឃុំស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀង។
សមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថាបុរសដែលស្លាប់មានឈ្មោះភិន ឃ្នី អាយុ៣៦ឆ្នាំ មុខរបរបើកត្រាក់ទ័ររុញដីរស់នៅភូមិត្រពាំងផ្អាវ ឃុំពងទឹក ស្រុករំដួល ខេត្តស្វាយរៀង។
តាមអ្នកភូមិបានឱ្យដឹងថា មុនកើតហេតុមានត្រាក់ទ័រមួយគ្រឿងបានកាយនិងជីកយកដីដើម្បីទៅចាក់នៅវត្តបាក្រុងដូចសព្វដង។ ពេលកំពុងតែបើកសុខៗមិនដឹងជាយ៉ាងម៉េចស្រាប់តែជ្រុលចង្កូតធ្លាក់ទៅក្នុងរណ្ដៅដីដែលមានកម្ពស់ប្រមាណជាង៣ ម៉ែត្រកន្លះបណ្ដាលឱ្យត្រាក់ទ័រនោះសង្កត់ពីលើអ្នកបើកបរស្លាប់ភ្លាមៗនៅនឹងកន្លែងគួរឱ្យសង្វេគបំផុត។
ក្រោយកើតហេតុសមត្ថកិច្ចបានមកដល់ធ្វើការពិនិត្យនិងប្រគល់សពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលនិងសោកសង្រេងបំផុត៕
ដោយ៖យឹមសុថាន