ភ្នំពេញ ៖ បុរសជាជនបរទេសម្នាក់ពុំដឹងថាមានវិបត្តិអ្វីនោះទេបានដើរមកដេកនៅលើដងផ្លូវ ហើយត្រូវរថយន្តមិនស្គាល់ម៉ាកបើកទៅបុករួចកិនពីលើបណ្ដាលឲ្យស្លាប់នៅនឹងកន្លែង។
ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១និង ៥០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ១៨ខែមីនាឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវព្រះនរោត្តម ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
បើតាមការបញ្ជាក់ពីសមត្ថកិច្ចនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគាត់បានឃើញបុរសជនបរទេសម្នាក់ស្ពាយកាបូបរួចក៏បានដាក់កើយដេកនៅលើដងផ្លូវ ស្រាប់តែមួយសន្ទុះក្រោយមកក៏មានរថយន្តមិនចាំម៉ាក បើកចេញពីចំណុចរង្វង់មូលវិមានឯករាជ្យ តាមបណ្ដោយផ្លូវព្រះនរោត្តម ក្នុងទិសដៅពីត្បូងទៅជើងយ៉ាងលឿនបានបុករួចកិនពីលើបណ្តាលឱ្យជនបរទេសរូបនោះស្លាប់នៅនឹងកន្លែងកើតហេតុ ចំណែករថយន្តបានបន្ថែមល្បឿនបើកទៅមុខរត់គេចខ្លួនបាត់ស្រមោល។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន និងជំនាញចរាចរណ៍បានចុះមកពិនិត្យកន្លែងកើតហេតុ ហើយធ្វើកំណត់ហេតុប្រគល់សពឱ្យរថយន្តសាមុយដឹកយកទៅតម្កល់ទុកនៅវត្តស្ទឹងមានរងចាំស្វែងរកក្រុមគ្រួសារមកទទួលសពយកទៅធ្វើបុណ្យនៅពេលក្រោយ៕
ដោយ៖ ជ្រោយពេជ្រ