ភ្នំពេញ ៖ រថយន្តស៊េរីទំនេីបម៉ាក Tundra មួយគ្រឿងបេីកបរដោយបុរសម្នាក់ធ្វេីដំណេីរក្នុងល្បឿនលឿននិងខ្វះការប្រុងប្រយ័ត្ន ក៏រេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យបាក់អស់ចំនួន ៤កង់ រួចរថយន្តបង្កបន្តល្បឿនបើករត់ តែត្រូវសមត្ថកិច្ចដេញតាមឃាត់ជាប់ កាលពីវេលាម៉ោង ៤និង ២០នាទីទៀបភ្លឺឈានចូលថ្ងៃទី ១៨ខែមីនាឆ្នាំ ២០២២ស្ថិតនៅតាមបណ្ដោយផ្លូវព្រះសីហនុ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា នៅមុនកើតហេតុគេបានឃើញរថយន្តបង្កម៉ាក Tundra មួយគ្រឿង ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2AY-6028 ដែលបើកបរដោយបុរសម្នាក់ ធ្វេីដំណេីរតាមបណ្ដោយផ្លូវព្រះសីហនុ ទិសដៅពីកើតមកលិចក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុស្រាប់តែរេចង្កូតមកឆ្វេងដៃទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យបាក់អស់ចំនួន៤កង់ ឯរថយន្តបង្កមិនឈប់នៅកន្លែងកេីតហេតុទេ ដោយបន្តល្បឿន បើករត់មកដល់ផ្លូវ ២៩៤ ក្នុងខណ្ឌបឹងកេងកង ក៏ត្រូវសមត្ថកិច្ចដេញតាមឃាត់ជាប់តែម្ដង រីឯតៃកុងបើករថយន្តបង្ក បានគេចខ្លួនបាត់ ។
ក្រោយមក សមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ ឲ្យចុះមកធ្វេីការវាស់វែង ស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដេីម្បីដោះស្រាយតាមនីតិវិធី ៕
ដោយ ៖ ភារ៉ា ដង្កោ