ភ្នំពេញ៖ បេីយោងតាមការបញ្ជាក់ពីលោក ម៉េត មាសភក្ដី អ្នកនាំពាក្យសាលារាជធានីភ្នំពញ បានថ្លែងនៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន នៅព្រឹកថ្ងៃសុក្រទី១៨ ខែមីនា ឆ្នាំ២០២២នេះថា៖ បន្ទាប់ពីទទួលបានការចាត់តាំងពីលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ក្រុមការងារបានប្រជុំសិក្សាជាបន្ទាន់ គិតគូររកដំណោះស្រាយដើម្បីបើកផ្លូវសាធារណៈមួយខ្សែជាប់របងមន្ទីរពេទ្យមិត្តភាព កម្ពុជា-ចិន ព្រះកុសុមៈ ហៅពេទ្យលោកសង្ឃ ដែលជាច្រើនឆ្នាំមកហើយ ត្រូវបានប្រើប្រាស់ជាកន្លែងតាំងទីលំនៅរបស់ប្រជាពលរដ្ឋសហគមន៍៧ ជាង ៥០ខ្នង ស្ថិតនៅសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក។
លោក ម៉េត មាសភក្ដី បានថ្លែងបន្តថា រយៈពេល ០៨ថ្ងៃគត់ ចាប់ពីដំណាក់កាលសិក្សាស្ថានភាពនៃការរស់នៅ ជ្រើសរើសទីតាំងត្រូវផ្តល់គោលនយោបាយ ប្រជុំពិភាក្សាចរចា ឯកភាពបឋមនិងនាំទៅមើលទីតាំងថ្មីផ្ទាល់ភ្នែក ពន្យល់ហើយពន្យល់ទៀតជាច្រើនលើកច្រើនសារទាល់តែយល់ ចុងក្រោយឯកភាពនិងធ្វើពិធីចាប់ឆ្នោតយកទីតាំងដីលំនៅដ្ឋានដើម្បីមានតម្លាភាព ទើបឈានដល់ការស្ម័គ្រចិត្តរុះរើនិងជួយដឹកជញ្ជូន។
ជាចុងក្រោយ កម្មសិទ្ធិកាន់កាប់ស្របច្បាប់មួយសន្លឹកដែលជាទ្រព្យគាប់ចិន្តា ត្រូវបានប្រគល់ជូនបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា ដែលជាកាដូដ៏មានតម្លៃ ថ្នូរនៃការយល់ដឹង និងស្ម័គ្រចិត្តចាកចេញពីការរស់នៅមិនស្របច្បាប់លើផ្លូវថ្នល់ គ្មានសុវត្ថិភាពពិសេសប្រសិនបើមានអគ្គីភ័យកើតឡើង គ្មានសណ្តាប់ធ្នាប់ របៀបរៀបរយ គ្មានផាសុភាព និងអនាម័យ ប៉ុន្តែបានបើកផ្លូវដើម្បីធ្វើចរាចរណ៍ជាសាធារណៈឡើងវិញ។
ជាមួយគ្នានោះ អ្នកនាំពាក្យសាលារាជធានីភ្នំពញរូបនេះ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកអភិបាលរាជធានីភ្នំពេញ ដែលបានផ្តល់ឱកាសឱ្យលោកបានចូលរួមដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋព្រមទាំងបន្តផ្តល់អនុសាសន៍ជាយុទ្ធសាស្ត្រគ្រប់ពេលវេលា អរគុណដល់ក្រុមការងារភូមិ សង្កាត់ ខណ្ឌ រាជធានីពាក់ព័ន្ធទាំងអស់ដែលបានខិតខំនិងសហការគ្នាយ៉ាងល្អ ពិសេសអរគុណដល់បងប្អូនសហគមន៍៧ ដែលបានយល់ស្របតាមការពន្យល់ណែនាំ និងយល់ព្រមទទួលយកការដោះស្រាយ ដោយស្ម័គ្រចិត្ត។
ស្នាមញញឹម និងការសប្បាយរីករាយរបស់បងប្អូនជាង ៥០ខ្នងផ្ទះ គឺជាកម្លាំងចិត្តដ៏មុតមាំសម្រាប់រដ្ឋបាលរាជធានីភ្នំពេញដើម្បីបន្តរៀបចំសណ្ឋាប់ធ្នាប់សាធារណៈ របៀបរៀបរយក្នុងទីក្រុង សម្រាប់ជាប្រយោជន៍រួមរបស់ប្រជាជនទូទៅ៕
ដោយ៖ស តារា