ភ្នំពេញ ៖ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ បានសម្រេចឃុំខ្លួនឈ្មោះគូ សួយលីន ភេទប្រុស អាយុ៦១ឆ្នាំ ជនជាតិចិនតៃវ៉ាន់ ជាម្ចាស់យានដ្ឋានជួសជុលរថយន្តពីបទលួចថតសកម្មភាពរបស់ខ្លួនរួមភេទជាមួយអតីតសង្សារ រួចបង្ហោះតាមបណ្តាញសង្គមក្រោយពេលបែកគ្នា។
ជនជាប់ចោទវ័យ៦១ឆ្នាំរូបនេះត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារព្រៃសកាលពីម្សិលមិញពីបទគំរាមហែកកេរ្តិ៍ ផលិត និងចែកចាយរូបភាព អាសអាភាស រង់ចាំបើកសវនាការផ្តន្ទាទោសនាពេលក្រោយអំពីករណីលួចថតសកម្មភាពរបស់ខ្លួនរួមភេទជាមួយអតីតសង្សារ រួចបង្ហោះតាមបណ្តាញសង្គមក្រោយពេលបែកគ្នា ព្រោះនាងមានគូដណ្តឹងថ្មី។
តុលាការបានបញ្ជាក់ថា ជនជាប់ចោទត្រូវបានចោទប្រកាន់តាមបញ្ញត្តិមាត្រា ៣៧២ មាត្រា៣៧៣ និងមាត្រា៣៩ ពីបទគំរាមហែកកេរ្តិ៍ ផលិត និងចែកចាយ រូបភាពអាសអាភាស តាមក្រមព្រហ្មទណ្ឌ និងច្បាប់ស្តីពីការបង្រ្កាបអំពេីជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ។
យោងតាមមាត្រា៣៧៣នៃក្រមព្រហ្មទណ្ឌ បទគំរាមកំហែងហែកកេរ្តិ៍ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី២ឆ្នាំទៅ៤ឆ្នាំនិងពិន័យជាប្រាក់ពី៤លានរៀលទៅ១០លានរៀលប្រសិនបើតុលាការរកឃើញកំហុស។
ការឃាត់ខ្លួនសង្ស័យឈ្មោះគូ សួយលីន ភេទប្រុស អាយុ៦១ឆ្នាំ ជនជាតិចិនតៃវ៉ាន់ ជាម្ចាស់យានដ្ឋានជួសជុលរថយន្តនេះធ្វើឡើងកាលពីរសៀល ថ្ងៃទី១២ ខែមីនានៅចំណុចយានដ្ឋានជួសជុលរថយន្តរបស់ជនសង្ស័យដែលស្ថិតនៅតាមផ្លូវបេតុងលេខ១០០៣ ភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ចំណែកនារីរងគ្រោះមានអាយុ៣២ឆ្នាំ ។
សមត្ថកិច្ចបានឱ្យដឹងទៀតថា ជនសង្ស័យនិងជនរងគ្រោះបានស្គាល់គ្នាតាំងពីឆ្នាំ២០១៦ ខណៈដែលនាងមកធ្វើការជាអ្នកគិតលុយនិងជាអ្នកបកប្រែភាសាចិនក្នុងយានដ្ឋានរបស់ជនសង្ស័យ។ ក្រោយមកពួកគេទាំងពីរនាក់ក៏បានស្រលាញ់គ្នារហូតដល់ឈានរួមភេទជាមួយគ្នា ហើយត្រូវជនសង្ស័យ បានដាក់បង្កប់កាម៉េរាថតពីសកម្មភាពរួមភេទនោះ៕
ដោយ ៖ រ៉ារ៉ា