ភ្នំពេញ ៖ កាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានរៀបចំពិធីប្រគល់-ទទួលផ្ទះ ជំហានទី៣ ចំនួន៣២៨ខ្នងបន្ថែមទៀត (បង្គ្រប់ចំនួន ៦២៨ខ្នង ក្នុងនោះមានព្រះរាជអំណោយរបស់ ហ្លួងម៉ែ ចំនួន១០ខ្នង ដែលបានប្រគល់ជំហានទី២) ជូនអតីតយុទ្ធជនកម្ពុជាក្រីក្រចំនួន ៦២៨គ្រួសារ ដែលកំពុងរស់នៅភូមិ ប៊ុន រ៉ានី សែនជ័យដំណាក់ត្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
ពិធីប្រគល់ និងទទួលនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា និងលោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា ព្រមទាំងមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ-មន្ត្រីពាក់ព័ន្ធ និងសប្បុរសជនជាច្រេីនរូបផងដែរ។
ក្នុងឱកាសនោះ លោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្តពោធិ៍សាត់ បានមានមតិស្វាគមន៍ និងបានលើកឡើងពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការជួយដល់ប្រជាជនរងគ្រោះ និងងាយរងគ្រោះគ្រប់ប្រភេទក្នុងសង្គម ជាពិសេសអតីតយុទ្ធជន និងបានសម្តែងនូវការគោរពកោតសរសើរដ៏ស្មោះអស់ពីដួងចិត្ត ចំពោះគុណបំណាច់ដ៏ថ្លៃថ្លាប្រកបដោយវីរភាព របស់អតីតយុទ្ធជន និងគ្រួសារ ដែលបានបូជាសាច់ស្រស់ ឈាមស្រស់ជូនជាតិមាតុភូមិ។
ជាមួយគ្នានេះ លោកបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត ប្រធានកិត្តិយសសមាគមអតីតយុទ្ធជនខេត្តកំពត និងជាបេសកជនពិសេសរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងការជួយអភិវឌ្ឍន៍ភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង បានថ្លែងរបាយការណ៍សង្ខេបស្តីពីវឌ្ឍនភាពនៃការអភិវឌ្ឍភូមិ ចាប់តាំងពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចផ្តល់ដីសម្បទានសង្គមកិច្ច ទន្ទឹមនឹងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានទទួលរ៉ាប់រងក្នុងការសាងសង់ផ្ទះជូនបងប្អូនអតីតយុទ្ធជនទាំង ៦២៨គ្រួសារ រួមជាមួយការបំពេញនូវតម្រូវការកសាងហេដ្ឋារចនាសម្ព័ន្ធជាបន្តបន្ទាប់ដូចជា ស្ថាបនាផ្លូវថ្នល់, តបណ្តាញអគ្គិសនី, អណ្តូងទឹក, សាងសង់សាលារៀន, អគារស្នាក់នៅគ្រូបង្រៀន, សាងសង់មណ្ឌលសុខភាព, អគារពិនិត្យ និងព្យាបាលជំងឺទូទៅ។ល។
ក្នុងនាមកាកបាទក្រហមកម្ពុជា លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ បានសម្តែងនូវក្តីសោមនស្សរីករាយ និងបានពាំនាំព្រះរាជបណ្ដាំផ្ញើសួរសុខទុក្ខរបស់ ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខចំពោះអតីតយុទ្ធជនទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្តការពារបូរណភាពទឹកដី និងពលីជីវិត ដើម្បីបុព្វហេតុជាតិមាតុភូមិ ជាពិសេសធ្វើឱ្យប្រទេសជាតិទទួលបានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍដូចសព្វថ្ងៃនេះ។
លោកស្រី បានលើកឡើងថា «ប្រមុខថ្នាក់ដឹកនាំ និងឥស្សរជនជាតិសំខាន់ៗបានខិតខំដោយលំបាក ក្នុងការស្វែងរកសុខសន្តិភាព និងកសាងប្រទេសឱ្យមានការរីកចម្រើនដូចសព្វថ្ងៃនេះ។ ដូច្នេះកាកបាទក្រហមកម្ពុជា ក្នុងនាមជាជំនួយការឱ្យអាជ្ញាធរសាធារណៈក្នុងវិស័យមនុស្សធម៌ ក៏បានចូលរួមចំណែកគិតគូរអំពីការលំបាក និងលើកស្ទួយជីវភាពរស់នៅរបស់អតីតយុទ្ធជនផងដែរ»។ លោកជំទាវ បានបញ្ជាក់ថា «ឥឡូវនេះនៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង មានកម្លាំងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ចំនួន២៥នាក់ ដែលមានតួនាទីជាកម្លាំងឈានមុខ សម្រាប់ជួយលើការងារមនុស្សធម៌ដោះស្រាយការលំបាក និងពង្រឹងភាពធន់សហគមន៍»។
លោកស្រី អគ្គលេខាធិការ បានសំណូមពរដល់បងប្អូនអតីតយុទ្ធជនទាំងអស់ ពេលទទួលបានដីសម្បទាន និងផ្ទះនេះហើយ សូមប្រើប្រាស់ឱ្យបានសមស្របក្នុងការបង្កបង្កើនផលសម្រាប់លើកស្ទួយជីវភាពគ្រួសារ និងចេះថែរក្សាផ្ទះសម្បែងជាកេរមរតដ៏ថ្លៃថ្លានេះឱ្យបានគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយរស់នៅ និងអាស្រ័យផលបន្តទៀត។ ពិសេសបងប្អូនទាំងអស់សូមថែរក្សាសុខភាពឱ្យបានល្អ មើលថែកូនចៅឱ្យបានដិតដល់ ប្រកាន់ខ្ជាប់នូវការហូបស្អាត រស់នៅស្អាត និងត្រូវអនុវត្តវិធានការ ៣ការពារ ៣កុំទាំងអស់គ្នាដើម្បីជៀសផុតពីជំងឺកូវីដ-១៩។
ជំនួសមុខឱ្យគ្រួសារអតីតយុទ្ធជនទាំងអស់ និងក្នុងនាមសមាគមអតីតយុទ្ធជនកម្ពុជា ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បានថ្វាយព្រះពរ ហ្លួងម៉ែ ជាម្ចាស់ជីវិតលើត្បូង និងសូមសម្តែងនូវការដឹងគុណចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែយកចិត្តទុកដាក់ គិតគូរពីសុខទុក្ខ ជាពិសេសខិតខំអំពាវនាវសប្បុរសជនគ្រប់មជ្ឈដ្ឋាន ដេីម្បីបានថវិកាយកមកសាងសង់ផ្ទះ ទុកជាកេរមរតកដ៏ថ្លៃថ្លាជូនអតីតយុទ្ធជនកម្ពុជានាពេលនេះ រួមជាមួយសម្ភារសម្រាប់ឡើងផ្ទះជាច្រើនមុខទៀតផង។
លោកទេសរដ្ឋមន្ត្រី បានអំពាវនាវសូមឱ្យអាជ្ញាធរពាក់ព័ន្ធរក្សាដីនៅចំណុចដំណាក់ត្រយឹងឱ្យបានគង់វង្សទុកជាដីសហគមន៍អតីតយុទ្ធជន សម្រាប់ចែកជូននៅពេលពួកគាត់មានកូនចៅ ហើយខ្វះខាតដី និងផ្ទះរស់នៅ ហើយផ្ដល់ឱ្យតែអតីតយុទ្ធជនដែលមានការខ្វះខាតពិតប្រាកដ។
សូមបញ្ជាក់ថា អំណោយកាកបាទក្រហមកម្ពុជា សម្រាប់សង្កត់ផ្ទះនីមួយៗរួមមាន ៖ អង្ករ៣០គីឡូក្រាម, មី១កេស, ត្រីខ១០កំប៉ុង, ទឹកត្រី៦ដប, ទឹកស៊ីអ៉ីវ៦ដប, ប្រេងឆា៤លីត្រ, អំបិល២គីឡូក្រាម, ដុំស៊ុបខ្នរ១០ប្រអប់តូច, ម្ស៉ៅសាប៊ូ២គីឡូក្រាម, ឃីត(មុង ភួយ សារុង ក្រមា អាវយឺត) ១កញ្ចប់, កន្ទេល១, ពាងទឹក១, ប៉ោតទឹក២, ចបកាប់១, កាំបិតផ្គាក់១, កំសៀវទឹក១, ឆ្នាំងបាយ១, ឆ្នាំងសម្ល១, ជ្រុញ១, ខ្ទះឆា១, ចានបាយ១២, ចានសម្ល៦, ចានដែកធំ-តូច២, កាំបិតធំ-តូច២, វែកបាយ២, វែកសម្ល២, វែកឆា២, សម-ស្លាបព្រា១២គូ, កែវទឹក១២, បោយទឹក២, ភេសជ្ជៈប៉ូការីស្វេត ១២កំប៉ុង និងថវិកា ១០ម៉ឺនរៀល៕
ដោយ ៖ សិលា