ព័ត៌មានទាន់ហេតុការណ៍៖

អភិបាល​ខេត្តព្រះសីហនុ​ ចុះពិនិត្យ​ដំណើរការសាងសង់ អគារសិក្សា០១ខ្នង​ ដែលចំណាយថវិកា ៦២ម៉ឺនដុល្លារសហរដ្ឋអាមេរិក

ចែករំលែក៖

ខេត្ត​ព្រះសីហនុ​៖​ អគារសិក្សាមួយខ្នង​ ដែលកំពុងដំណើរការសាងសង់​ មានបណ្តោយប្រវែង ៩០ម៉ែត្រ ទទឹង ៩ម៉ែត្រ ធ្វើអំពីបេតុង មានកម្ពស់ ៣ជាន់ ក្នុងមួយជាន់ស្មើនឹង១០បន្ទប់ សរុបមាន៣០បន្ទប់ ចំណាយថវិកា ៦២ម៉ឺនដុល្លារសហរដ្ឋអាមេរិក។ នេះបេី​យោង​តាមប្រភពព័ត៍មានពី​រដ្ឋបាលខេត្ត​ព្រះសីហនុ​។ 

រដ្ឋបាលខេត្ត​ព្រះសីហនុ​ បានឱ្យដឹងទៀតថា​ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២​ បានអញ្ជើញចុះពិនិត្យដំណើរការសាងសង់ អគារសិក្សា០១ខ្នង នៅក្នុងបរិវេណអនុវិទ្យាល័យទួលកែវ ស្ថិតនៅឃុំទឹកល្អក់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ 

នាឱកាសនោះ លោកអភិបាលខេត្ត បានជម្រុញឱ្យក្រុមហ៊ុនទទួលការត្រូវពន្លឿនការសាងសង់ ដើម្បីឱ្យសិស្សានុសិស្សបានចូលរៀននៅបវេសនកាលឆ្នាំសិក្សាថ្មីនាពេលខាងមុខនេះ! ។ 

ជាមួយគ្នានោះ​ លោក​ គួច​ ចំរើន​ អភិបាល បានអញ្ជេីញចូលរួម​ក្នុងពិធី​សម្ពោធកុដិថ្មី​ និងសមិទ្ធផលនានា ក្នុងវត្តកំពង់ត្រឡាច ស្ថិតក្នុងភូមិកំពង់ត្រឡាច​ សង្កាត់​ព្រៃធំ​ ក្រុងកែប​ ខេត្ត​កែប ក្រោមអធិបតីភាពលោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន​​៕

ដោយ​៖ស​ តារា​


ចែករំលែក៖