ខេត្តសៀមរាប ៖ អនុលោមតាមប្រការ១៦ ជំពូកទី៤នៃលក្ខន្តិកៈរបស់ខ្លួន គណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា បានបោះឆ្នោតអនុម័តសមាសភាពបំពេញបន្ថែមសមាជិកគណៈកម្មាធិការកណ្តាលចំនួន ៩ រូប ដែលក្នុងនោះ ៣ រូប ត្រូវជ្រើសតាំងជាសមាជិកអចិន្រ្តៃយ៍។ សូមបញ្ជាក់ថា៖ លោក ជា សុមេធី លោក កែវ ពិសិដ្ឋ និងលោក កែ សួនសុភាព ត្រូវបានជ្រើសតាំងជាសមាជិកអចិន្រ្តៃយ៍ នាសម័យប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ នៅខេត្តសៀមរាប។ នេះបើយោងតាមបញ្ជាក់អោយដឹងពី សហភាពសហព័ន្ធយុវជនកម្ពុជា នៅរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ ដែលជាថ្ងៃទី២នៃ នៃកិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា អង្គប្រជុំនឹងស្តាប់របាយការណ៍ និងបទបង្ហាញពីក្រុមពិភាក្សាទាំង៣ ព្រមទាំងធ្វើការអនុម័តលើរបៀបវារៈមួយចំនួនបន្តទៀត។ បន្ទាប់ពីទទួលបានការចែករំលែក ផ្លាស់ប្តូរ យោបល់យ៉ាងផុសផុលពីសំណាក់សមាជិក សមាជិកានៃកិច្ចប្រជុំទាំងអស់កាលពីមិ្សលមិញ តំណាងក្រុមកិច្ចពិភាក្សាទាំងបីបានឡើងធ្វើបទបង្ហាញពីលទ្ធិផលនៃកិច្ចពិភាក្សារបស់ខ្លួន នៅក្នុងកិច្ចប្រជុំពេញអង្គនាព្រឹកនេះ ដើម្បីធ្វើការពិនិត្យ និងសម្រេច។
សូមបញ្ជាក់ថា, ថ្លែងក្នុងពិធីបើកកិច្ចប្រជុំគណៈកម្មាធិការកណ្តាល ស.ស.យ.ក. លោក ហ៊ុន ម៉ានី បានលើកឡើងថាការរៀបចំកិច្ចប្រជុំដោយផ្ទាល់នាពេលនេះ គឺស្របពេលដែលកម្ពុជា បានបើកដំណើរការប្រទេសឡើងវិញលើគ្រប់វិស័យ បន្ទាប់ពីរាជរដ្ឋាភិបាលសម្រេចបានភាពសាំនៅក្នុងសហគមន៍ តាមរយៈយុទ្ធនាការស្រោចវ៉ាក់សាំងជូនប្រជាពលរដ្ឋទូទាំងប្រទេសដោយឥតគិតថ្លៃដោយអនុលោមតាមអភិក្រមផ្ការីក។ លោកបានមានប្រសាសន៍បញ្ជាក់ថា៖ «ការជួបជុំគ្នានៅខេត្តសៀមរាបនាឱកាសនេះ នឹងឆ្លុះបញ្ចាំងឱ្យសាធារណជន ជាតិ និងអន្តរជាតិ ឃើញអំពីការបើកទំព័រថ្មីនៃតំបន់ប៉ូលសេដ្ឋកិច្ចដ៏សំខាន់ និងជាទឹកដី បេតិកភណ្ឌដ៏ល្អពិសិដ្ឋរបស់កម្ពុជា បន្ទាប់ពី បានធ្វើទំនើបកម្ម និងកែលម្អឡើងវិញនូវប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធអស់រយៈពេលជាង ១ឆ្នាំ»។
ទន្ទឹមនឹងនេះ លោកបានចាត់ទុកថាកិច្ចប្រជុំគណៈកម្មាធិការកណ្តាល មិនត្រឹមតែជាសក្ខីភាពបញ្ជាក់នូវការចូលរួមគាំទ្រ និងអបអរសាទរចំពោះសមិទ្ធផលនានាដែលស.ស.យ.ក សម្រេច បាន ក្នុងរយៈពេល ៨ខែកន្លងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសបញ្ជាក់ឱ្យឃើញនូវស្មារតីរួបរួមគ្នា និងការប្តេជ្ញាចិត្តដើម្បីបុព្វហេតុ យុវជនក្នុងកិច្ចការមាតុភូមិទៀតផង ជាពិសេសការកំណត់ទិសដៅការងារដែលយើងត្រូវធ្វើក្នុងជំហាន បន្ទាប់។
គួរបញ្ជាក់ផងដែលថា កាលពីឆ្នាំ២០១៩ គណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា បានរៀបចំកិច្ចប្រជុំរបស់ខ្លួន នៅទឹកដីខេត្តសៀមរាបម្តងរួចមកហើយ ដើម្បីបូកសរុបលទ្ធផលការងារសម្រេចបាន និងលើកទិសដៅការងារបន្ទាប់ ដែលជាដំណើរការជាប្រក្រតីនៃស្ថាប័នយុវជនមួយនេះ។ ដោយឡែកក្នុងឆ្នាំ២០២១ កន្លងទៅនេះ ទោះបីជាក្នុងស្ថានភាពនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ការប្រព្រឹត្តទៅនៃស្ថាប័នមួយនេះនៅតែអាចបន្តអនុវត្តជាប្រក្រតីដោយត្រូវសម្របខ្លួនទៅតាមបរិបទនៃការរស់នៅបែបគន្លងថ្មី ដោយកិច្ចប្រជុំត្រូវរៀបចំតាមប្រព័ន្ធអនឡាញ ដែលអនុញ្ញាតឱ្យសមាជិក សមាជិកាអាចបន្តធ្វើការប្រជុំ ពិភាក្សា និង ដឹកនាំការងាររបស់ ស.ស.យ.ក. ដោយរក្សាបាននូវសុវត្ថិភាពផងដែរ។
លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រ មណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃបានថ្លែងយ៉ាងខ្លីថា ៖ «សាមគ្គីភាព និងឯកភាពផ្ទៃក្នុង ជាស្មារតីរបស់សមាជិក សមាជិកានៃក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជាយើង»៕
ដោយ ៖ សុខ ខេមរា