ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចបាន ចែករំលែកពិសោធន៍ទៅកាន់ប្រទេសជាមិត្តជាច្រើន ពាក់ព័ន្ធការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩

ចែករំលែក៖

.    ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ក៏បានថ្លែងថា សម្តេចបាន ចែករំលែកពិសោធន៍ទៅកាន់ប្រទេសជាមិត្តជាច្រើន ពាក់ព័ន្ធការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។ សម្តេចតេជោ បានបញ្ជាក់ថា ជោគជ័យរបស់កម្ពុជា គឺការចាក់វ៉ាក់សាំង ហើយការចាក់នោះឈរលើយុទ្ធសាស្ត្រផ្ការីក ពោលគឺចាក់ ឱ្យជោកជាំ ដើម្បីបង្កើតភាពសាំក្នុងសហគមន៍។

សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ជ័យជំនះលើសមរភូមិប្រឆាំងកូវីដ-១៩របស់កម្ពុជា​ គឺការប្រើប្រាស់វ៉ាក់សាំង ហើយការប្រើប្រាស់វ៉ាក់សាំងនេះ​ ត្រូវបានគិតគូរយ៉ាងខ្លាំង ដោយត្រូវចាក់ស្រោចនៅកន្លែងដែលមានកម្រិតឆ្លងខ្ពស់បំផុត ដែលកាលនោះមាននៅរាជធានីភ្នំពេញ និងខេត្តកណ្តាលជាដើម។

សម្តេចតេជោ ហ៊ុន សែន ប្រកាសអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជា ដែលកំពុងស្នាក់នៅប្រទេសអ៊ុយក្រែន សូមបបន្តរស់នៅទីនោះ រួមសុខ​ រួមទុក្ខ ជាមួយប្រជាជនអ៊ុយក្រែន។ សម្តេចបញ្ជាក់ថា ប្រជាជនអ៊ុយក្រែនរស់នៅយ៉ាងម៉េច សូមរស់នៅរបៀបនោះ។

សម្តេចតេជោ ហ៊ុន សែន​ ប្រកាសថា ការបង្កើតសមិទ្ធផលនានាសម្រាប់ជាតិ និងប្រជាជន ជារឿងងាយស្រួលនោះទេ អ្វីដែលយើងបារម្ភ​​ គឺការរក្សានិរន្តរភាពការពារសមិទ្ធផលទាំងនោះទៅវិញទេ ក្នុងនោះ ក៏មានកៀរគរថវិកា សម្រាប់គាំពារដំណើរមន្ទីរពេទ្យជារឿងចាំបាច់ ដែលទាមទារអោយយើងគិតគូរអោយបានដិតដល់។

សម្តេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រីបានផ្តល់អនុសាសន៍ដល់​ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ផ្សព្វផ្សាយសេវាកម្មសុខាភិបាលពិនិត្យ និងព្យាបាលជំងឺអោយបានជ្រួតជ្រាបដល់ប្រជាពលរដ្ឋ​ ជាពិសេសពាក់ព័ន្ធការពិនិត្យ ព្យាបាលជំងឺធំៗ និងធ្ងន់ៗ ជៀសវាងប្រជាពលរដ្ឋមិនបានដឹង បែរជាទៅសេវាទាំងនោះនៅក្រៅប្រទេស។

សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ក្រុមគ្រូពេទ្យកម្ពុជា ត្រូវបានផ្តល់រហស្សនាម​​ ជាកងទ័ពអាវស ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋដែលមានជំងឺ ដែលសម្តេចចាត់ទុកជារឿងសំខាន់ ហើយគ្រូពេទ្យក៏ត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនឯងជានិច្ចដរាបផងដែរ។

សម្តេចមានប្រសាសន័ខាង ខណៈនៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ(ពេទ្យលោកសង្ឃ) ដែលជាមន្ទីរពេទ្យបំពាក់បរិក្ខារវេជ្ជសាស្ត្របម្រើការព្យាបាលដ៏ទំនើប ដែលបានសាងសង់រួចរាល់ជាស្ថាពរ។

សូមបញ្ជាក់ថា, មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ត្រូវបានសាងសង់ ដោយចំណាយថវិកាជាង ៨០លានដុល្លារអាមេរិក ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន។ មន្ទីរពេទ្យនេះ ត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ ដោយចំណាយពេល ៣៩ខែ។ អគារមន្ទីរពេទ្យថ្មីនេះ ត្រូវបានសាងសង់លើទំហំដីជាង ១៣ពាន់ម៉ែត្រក្រឡា មានកម្ពស់ ១១ជាន់ ជាមួយប្រវែង ៥៣ម៉ែត្រ។ ចែកចេញជាផ្នែកពិគ្រោះជំងឺក្រៅ ផ្នែកសង្គ្រោះបន្ទាន់ ផ្នែកបច្ចេកវិទ្យាវេជ្ជសាស្ត្រ ផ្នែកជំងឺទូទៅ ជំងឺវះកាត់ ផ្នែកសម្ភព រោគស្ត្រី ព្រមទាំងសេវាជំនួយផ្សេងៗទៀត។ នៅលើដំបូលអគារមានចំណតឧត្ថម្ភាគចក្រចុះចត ទម្ងន់ពី ៣តោន ទៅ ៥តោនថែមទៀតផង។

មន្ទីរពេទ្យនេះមានគ្រែសម្រាប់ព្យាបាលអ្នកជំងឺរហូតដល់ទៅ ៤០០គ្រែ។ មន្ទីរពេទ្យថ្មីនេះ ជាមន្ទីរពេទ្យដ៏ធំមួយក្នុងប្រទេសកម្ពុជា ដែលអាចផ្តល់សេវាថែទាំជូនប្រជាជននៅទូទាំងប្រទេស ដែលមានអាការៈជំងឺធ្ងន់ៗ ហើយក៏ជាកន្លែងបណ្តុះបណ្តាលធនធានមនុស្សមួយដ៏សំខាន់ផងដែរ៕

ដោយ ៖ សិលា


ចែករំលែក៖