ព័ត៌មានទាន់ហេតុការណ៍៖

ទៀតហើយ! ទៅឆក់ត្រីភ្លាត់ស្នៀតឆ្លងចរន្តឆក់ស្លាប់ខ្លួនឯង

ចែករំលែក៖

ខេត្ត​បាត់ដំបង​ ៖​ ប្រជាពលរដ្ឋបាននាំគ្នាភ្ញាក់ផ្អើលកាលពីព្រឹកថ្ងៃ​ទី​២០​ ខែមីនា​ ឆ្នាំ​២០២២​នៅចំណុច​ប្រឡាយ​ទឹក​ ស្ថិត​ក្នុង​ក្រុម​ទី​២​ ភូមិ​ពោធិ​២​ ឃុំ​គារ​ ស្រុក​មោងឫស្សី​ ខេត្តបាត់ដំបង បន្ទាប់ពី ដឹដឹងថាមានមនុស្ស​ម្នាក់ស្លាប់​ដោយ​ឆ្លង​ចរន្តអគ្គិសនី​ឧបករណ៍​ឆក់​ត្រី​។

មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំគារបានឲ្យដឹងថា ជន​រង​គ្រោះ​ឈ្មោះ​ សាំង​ ចាន់​ ភេទ​ប្រុស​ អាយុ​៣៩​ឆ្នាំ​ ស្នាក់​នៅ​ភូមិ​ពោធិ៍​១​ ឃុំ​គារ​ ស្រុក​មោងឫស្សី​ ខេត្តបាត់ដំបង​ ។​

មុនពេលកើតហេតុ ជន​រង​គ្រោះ​ខាងលើបានស្ពាយឧបករណ៍ឆក់ត្រីទៅឆក់ត្រីដូច​សព្វដង​។លុះ នៅ​ថ្ងៃ​កើតហេតុ​មិនដឹងរឿងអីស្រាប់តែភ្លាត់ស្នៀតឆ្លង​ចរន្តអគ្គិសនី​ពី​ឧបករណ៍​ឆក់​ត្រី​របស់​ខ្លួន​បណ្តាល​ឲ្យ​ឆក់ខ្លួនឯងស្លាប់​ក្នុងទឹកប្រឡាយតែ​ម្តង​។​

  ប្រភពដដែលបានឲ្យដឹងទៀតថាក្រោយទទួលព័ត៌មាននេះភ្លាម សមត្ថកិច្ចជំនាញនគរបាលស្រុកមោងឫស្សីបានចុះទៅដល់កន្លែងកើតហេតុដើម្បីពិនិត្យនិងធ្វើកោសល្យវិច័យហើយសន្និដ្ឋានថាជនរងគ្រោះបានស្លាប់ក្នុងប្រឡាយទឹកដោយមានឧបករណ៍ឆក់ត្រីនៅក្បែរជាប់នឹងខ្លួនផង។ ករណីនេះសមត្ថកិច្ចជំនាញបានសន្និដ្ឋានថាជនរងគ្រោះពិតជាបាត់បង់ជីវិតដោយភ្លាត់ស្នៀតត្រូវឧបករណ៍ឆក់ត្រីឆក់បណ្ដាលឲ្យស្លាប់ខ្លួនឯងប្រាកដមែន។

  ក្រោយធ្វើកំណត់ហេតុរួចសមត្ថកិច្ចជំនាញបានប្រគល់សាកសពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

សូមបញ្ជាក់ថាករណីបែបនេះកើតមានម្ដងរួចទៅហើយកាលពីវេលាម៉ោង៤ និង០៥នាទីរសៀល ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ នៅត្រង់ចំណុចក្រុមទី៤ ភូមិព្រៃដំរី ឃុំព្រៃតូច ស្រុកមោងឬស្សី ខេត្តបាត់ដំបង ៕


ដោយ ៖ ប្រាថ្នា


ចែករំលែក៖