ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅរសៀលនេះ មានប្រសាសន៍ថា ផ្អែកតាមបទពិសោធន៍ និងភាពជោគជ័យនៃការអនុវត្តកំណែទម្រង់នៅថ្នាក់ឃុំ សង្កាត់ រាជរដ្ឋាភិបាលបានពង្រីកវិសាលភាពនៃកំណែទម្រង់នេះទៅគ្រប់រដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈការបោះឆ្នោតអសកលជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ទូទាំងប្រទេស និងការដាក់ឱ្យដំណើរការនូវប្រព័ន្ធគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិតាមបែបវិមជ្ឈការ និងវិសហមជ្ឈការ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ លើការរៀបចំរចនាសម្ព័ន្ធប្រព័ន្ធគ្រប់គ្រងរដ្ឋបាលសាធារណៈនៅថ្នាក់ក្រោមជាតិ ឈរលើគោលការណ៍គន្លឹះនានានៃអភិបាលកិច្ចល្អ គឺគណនេយ្យភាព តម្លាភាព ប្រសិទ្ធភាព ការចូលរួម ការឆ្លើយតប នីតិរដ្ឋ និងការលើកកម្ពស់បរិយាប័ន្ន និងសមធម៌សង្គម។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា កម្មវិធីកំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ក្នុងដំណាក់កាលនៃការពង្រីកនេះ គឺមានវិសាលភាពកាន់តែទូលំទូលាយពាក់ព័ន្ធគ្រប់ក្រសួង ស្ថាប័នទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងមានលក្ខណៈសាំញ៉ាំស្មុគស្មាញ ដែលទាមទារឱ្យរាជរដ្ឋាភិបាលត្រូវរៀបចំ និងដាក់ឱ្យអនុវត្តនូវកម្មវិធីជាតិសម្រាប់អភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិរយៈពេល១០ឆ្នាំ គឺចាប់ពីឆ្នាំ២០១០-២០២០ ដើម្បីផ្តល់ជាផែនទីបង្ហាញផ្លូវសម្រាប់អនុវត្តច្បាប់រៀបចំអង្គការពាក់ព័ន្ធនឹងការគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ។
សូមបញ្ជាក់ថា, សម្ដេចតេជោនាយករដ្ឋមន្ត្រី បានផ្តល់នូវអនុសាសន៍ដូចខាងក្រោម ៖
ទី១) អំពីការបន្តលើកកម្ពស់ប្រសិទ្ធភាពនិងចីរភាពនៃការគ្រប់គ្រងការងារកែទម្រង់ត្រូវបន្តបែងចែកឲ្យបានច្បាស់លាស់នូវតួនាទី សិទ្ធិអំណាច និងការទទួលខុសត្រូវលើការផ្ដល់សេវាសាធារណៈដែលត្រូវបានផ្ទេរពីក្រសួងស្ថាប័នថ្នាក់ជាតិទៅរដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេសរវាងថ្នាក់រដ្ឋបាលនីមួយៗដើម្បីរៀបចំគោលនយោបាយ និងការផ្ដល់សេវាក្នុងវិស័យនីមួយៗ។ គ.ជ.អ.ប ត្រូវពង្រឹងការអនុវត្តតួនាទីរបស់ខ្លួនដោយផ្សារភ្ជាប់ជាមួយកម្មវិធីកែទម្រង់សំខាន់ៗដទៃទៀតហើយត្រូវដឹកនាំសម្របសម្រួលជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ពិនិត្យ និងកែសម្រួលច្បាប់ លិខិតបទដ្ឋានគតិយុត្តដែលពាក់ព័ន្ធឲ្យស្របទៅនឹងគោលនយោបាយនិងការវិវត្តន៍នៃការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។ គ.ជ.អ.ប ចាំបាច់ត្រូវសិក្សានូវជម្រើសសមស្របនានាសម្រាប់រៀបចំយន្តការស្ថាប័នជាក់លាក់នៅថ្នាក់ជាតិដែលជាយន្តការអចិន្ត្រៃយ៍ធានាប្រសិទ្ធភាពនៃការដឹកនាំការសម្របសម្រួលការតាមដានត្រួតពិនិត្យរបស់រដ្ឋបាលថ្នាក់ក្រោមជាតិស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តដែលបានកំណត់។
ទី២) អំពីការបន្តពង្រឹងស្ថាប័នរដ្ឋបាលថ្នាក់ក្រោមជាតិត្រូវបន្តពង្រឹងស្ថាប័នរដ្ឋបាលថ្នាក់ក្រោមជាតិបន្ថែមទៀតតាមរយៈការរៀបចំឡើងវិញនូវមុខងាររចនាសម្ព័ន្ធនិងប្រព័ន្ធគ្រប់គ្រងនៃរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ ក្នុងការផ្ដល់សេវាទាន់ពេលវេលាជូនប្រជាពលរដ្ឋនិងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានផ្អែកលើសក្តានុពលនៃមូលដ្ឋាននីមួយៗប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព ការប្រកួតប្រជែង និងសមធម៌សង្គម។ រដ្ឋបាលរាជធានីភ្នំពេញត្រូវរៀបចំឲ្យមានរចនាសម្ព័ន្ធគ្រប់គ្រងនិងមុខងារស្របតាមចរិតលក្ខណៈជាទីក្រុងធំដែលហៅជាសកលថា “ទីក្រុងមេត្រូប៉ូលីតែន” ដើម្បីធានាដោះស្រាយនូវរាល់បញ្ហាប្រឈមនានាដែលជាតម្រូវការសមស្របតាមកំណើនប្រជាជននិងសេវាទីក្រុង។ រដ្ឋបាលខេត្តត្រូវបន្តរៀបចំឲ្យមានរចនាសម្ព័ន្ធគ្រប់គ្រងនិងមុខងារស្របតាមចរិតលក្ខណៈរដ្ឋបាលតំបន់ដែលតំណាងឲ្យរាជរដ្ឋាភិបាល និងក្រសួងស្ថាប័នថ្នាក់ជាតិហើយត្រូវគាំទ្រតាមដានត្រួតពិនិត្យលើការបំពេញការងាររដ្ឋបាលមូលដ្ឋាន ការផ្ដល់សេវាសាធារណៈជាមួយនឹងការគ្រប់គ្រងគម្រោងអភិវឌ្ឍន៍ដែលមានលក្ខណៈបច្ចេកទេសខ្ពស់ហើយដែលក្រុង ស្រុក មិនអាចមានលទ្ធភាពអនុវត្តបាន។ ចំពោះរដ្ឋបាលក្រុង ស្រុក និងឃុំសង្កាត់ ត្រូវពង្រឹងឲ្យក្លាយទៅជារដ្ឋបាលមូលដ្ឋានជួរមុខលើការផ្ដល់សេវាចាំបាច់នានាជូនប្រជាពលរដ្ឋដោយផ្ទាល់ទៅតាមមូលដ្ឋាននីមួយៗ។ ចំពោះប្រព័ន្ធអភិបាលកិច្ចនៃរដ្ឋបាលថ្នាក់ក្រោមជាតិក្រុមប្រឹក្សាដែលជាតួអង្គទី១ ត្រូវបង្កើតឡើងតាមការបោះឆ្នោតដើម្បីធ្វើជាតំណាងឲ្យសំឡេងនិងផលប្រយោជន៍ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់រដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ ហើយមានតួនាទីធ្វើសេចក្តីសម្រេចក្នុងក្របខណ្ឌនៃសិទ្ធិអំណាចដែលបានកំណត់ដោយច្បាប់ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចហើយក៏អាចត្រួតពិនិត្យលើការអនុវត្តការងារគណៈអភិបាលក្នុងការអនុវត្តការងារតាមការសម្រេចរបស់ខ្លួន។ តួអង្គទី២ គឺគណៈអភិបាលដែលត្រូវបានតែងតាំងដោយថ្នាក់ជាតិឲ្យទៅបម្រើការងារជាមួយក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិដើម្បីគ្រប់គ្រង ចាត់ចែងការងារប្រចាំថ្ងៃ មានតួនាទីអនុវត្តសេចក្តីសម្រេចរបស់ក្រុមប្រឹក្សា ហើយមានតួនាទីធ្វើជាតំណាងឲ្យរាជរដ្ឋាភិបាលនិងក្រសួងស្ថាប័នពាក់ព័ន្ធនឹងការងារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងការអនុវត្តច្បាប់នៅក្នុងដែនសមត្ថកិច្ច។
ទី៣) អំពីការពង្រឹងការគ្រប់គ្រងនិងអភិវឌ្ឍធនធានមនុស្សនៅរដ្ឋបាលថ្នាក់ក្រោមជាតិត្រូវបន្តពិនិត្យនិងកែលម្អគោលការណ៍និងកម្មវិធីនានាដែលពាក់ព័ន្ធទៅនឹងការគ្រប់គ្រងនិងការអភិវឌ្ឍធនធានមនុស្សដើម្បីលើកទឹកចិត្តការបំពេញការងារនៅរដ្ឋបាលថ្នាក់ក្រោមជាតិតាមរយៈការផ្ដល់ថវិកា បន្ថែមលើលើបៀវត្ស និងការឧបត្ថម្ភផ្សេងៗ ការដំឡើងកម្រិតថ្នាក់និងឋានន្តរស័កក្នុងមុខតំណែងនានានៃរដ្ឋបាលថ្នាក់ក្រោមជាតិឲ្យសមស្របទៅនឹងមុខជំនាញដើម្បីធានាការគ្រប់គ្រងធនធានមនុស្សប្រកបដោយប្រសិទ្ធភាពយុត្តិធម៌និងគ្មានការរើសអើង។
ទី៤)អំពីធនធានហិរញ្ញវត្ថុរបស់រដ្ឋបាលថ្នាក់ក្រោមជាតិត្រូវបន្តខិតខំពង្រឹងការគ្រប់គ្រងការប្រមូលចំណូលជាមួយនឹងការគ្រប់គ្រងចំណាយប្រកបដោយតម្លាភាព។ គ្រប់ស្ថាប័នទាំងនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិត្រូវកាត់បន្ថយចំណាយដែលពុំមានតម្រូវការចាំបាច់រួមទាំងគម្រោងវិនិយោគសាធារណៈដែលពុំទាន់ចាំបាច់ដើម្បីធានាស្ថេរភាពថវិកាជាតិដែលកំពុងស្ថិតក្នុងស្ថានភាពលំបាកដោយសារជំងឺកូវីដ-១៩។ សាខាពន្ធដាររាជធានី-ខេត្តត្រូវសហការជិតស្និទ្ធជាមួយរដ្ឋបាលរាជធានី-ខេត្តនីមួយៗដើម្បីប្រមូលចំណូល សារពើពន្ធនានា។ ទន្ទឹមនឹងនេះត្រូវពង្រឹងការធ្វើសវនកម្ម អធិការកិច្ចហិរញ្ញវត្ថុ ដើម្បីធានាថាធនធានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិត្រូវបានគ្រប់គ្រងចាត់ចែងនិងប្រើប្រាស់ ស្របតាមច្បាប់និងលិខិតបទដ្ឋាននានាដែលបានកំណត់។
ទី៥) អំពីការរៀបចំនិងពង្រឹងអភិបាលកិច្ចឌីជីថលនៅរដ្ឋបាលថ្នាក់ក្រោមជាតិត្រូវបន្តជំរុញការរៀបចំនិងដាក់ឲ្យប្រើប្រាស់នូវប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាននិងប្រព័ន្ធអភិបាលកិច្ចឌីជីថលនៅរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗដើម្បីធ្វើឲ្យមានប្រសិទ្ធភាពការងាររដ្ឋបាលផ្ទៃក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិនិងការប្រាស្រ័យទាក់ទងជាមួយប្រជាពលរដ្ឋព្រមទាំងធានាដល់ការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋបានឆាប់រហ័សទាន់ពេលវេលា និងមានតម្លាភាព៕
ដោយ ៖ សុខ ខេមរា