ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា ការបែងចែកមុខងារ ព្រមទាំងការងារផ្ទេរតួនាទីកាន់តែច្រើនទៅថ្នាក់មូលដ្ឋាន រយៈពេល២ឆ្នាំកន្លងមកជាបទពិសោធន៍ដ៏ជោគជ័យ នៃការប្រយុទ្ធប្រឆាំងនឹងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។ សម្តេចតេជោ មានប្រសាសន៍បែបនេះក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសផ្សព្វផ្សាយ និងដាក់អនុវត្តជាផ្លូវការ កម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ (២០២១-២០៣០) នារសៀលថ្ងៃចន្ទ ទី២១ ខែមីនា ឆ្នាំ២០២២ នៅសណ្ឋាគារសុខាភ្នំពេញ។
សម្តេចតេជោ ហ៊ុន សែន មានប្រសាស៍ឱ្យដឹងថា “ការបែងចែកមុខងារ ព្រមទាំងការងារផ្ទេរតួនាទីកាន់តែច្រើនទៅថ្នាក់មូលដ្ឋាន រយៈពេល២ឆ្នាំកន្លងមកជាបទពិសោធន៍ដ៏ជោគជ័យ នៃការប្រយុទ្ធប្រឆាំងនឹងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ប៉ុន្តែប្រសិនបើអ្វីៗ ត្រូវរង់ចាំនៅថ្នាក់ជាតិ ហើយថ្នាក់មូលដ្ឋានមិនបានធ្វើសកម្មភាពទៅតាមទំហំនៃការងារ នឹងការឆ្លើយតបបន្ទាន់ទេនោះ គឺយើងមិនអាចគ្រប់គ្រងកូវីដ១៩បានជោគជ័យតាមរបៀបសព្វថ្ងៃបាននោះទេ ព្រោះជំងឺរាតត្បាតនេះធ្ងន់ធ្ងរពេក ហួសពីលទ្ធភាពដែលគ្រប់គ្រង”។
សម្តេចតេជោ បានបញ្ជាក់បន្ថែមថា “ដោយសារតែយើងបានផ្ទេរមុខងារ ព្រមទាំងបែងចែកមុខងារទៅដល់មូលដ្ឋាន ហើយមូលដ្ឋានបានប្រឹងប្រែងយ៉ាងខ្លាំងក្នុងការឆ្លើយតប ទើបបានជាមូលដ្ឋាននៃខេត្តមួយចំនួន មិនមានករណីឆ្លងនោះទេក្នុងមួយថ្ងៃៗ។ ចំណុចនេះមិនមែនបានមកពីថ្នាក់ជាតិទាំងអស់នោះទេ តែថ្នាក់ជាតិបានផ្តល់មធ្យោបាយ ផ្តល់សិទ្ធិអំណាចឱ្យមូលដ្ឋានចាត់ចែងនោះហើយ ដែលនេះជាបទពិសោធន៍ជោគជ័យទទួលបានពីការដោះស្រាយ ពង្រឹងឱ្យថ្នាក់មូលដ្ឋានចេះគ្រប់គ្រង និងទទួលខុសត្រូវកាន់តែខ្ពស់។
ក្នុងឱកាសនោះដែរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានប្រសាសន៍បន្ថែមទៀតថា “ក្នុងពេលដែលថ្នាក់មូលដ្ឋានទទួលខុសត្រូវ យើងបានឃើញថាថ្នាក់មូលដ្ឋានមួយចំនួនខ្វះកម្លាំង និងធនធាន ហេតុដូច្នេះទើបយើង ត្រូវរៀបចំ វិសោធនកម្មច្បាប់ដើម្បីកំណត់ចំនួនអ្នកទទួលខុសត្រូវក្នុងក្របខណ្ឌគណៈអភិបាលខេត្ត និងស្រុកផងដែរ។ ជាមួយគ្នានេះ សម្តេចតេជោ បានសង្កត់ធ្ងន់ថា “ការផ្ទេរការងារទៅថ្នាក់មូលដ្ឋានជាបទពិសោធន៍ដ៏ល្អដែលចាំបាច់ត្រូវតែជំរុញនៅពេលខាងមុខ ព្រោះយើងមិនអាចធ្វើអ្វីៗនៅតែថ្នាក់ជាតិ ហើយថ្នាក់មូលដ្ឋានមិនធ្វើអ្វីនោះទេ”៕
ដោយ៖ សិលា