ព័ត៌មានទាន់ហេតុការណ៍៖

ភ្លើងឆេះផ្ទះប្រជាពលរដ្ឋមួយខ្នងនៅស្រុកកូនមុំ បណ្ដាលឱ្យស្ត្រីម្នាក់រងរបួសធ្ងន់

ចែករំលែក៖

ខេត្តរតនគិរី៖  លំនៅឋានរបស់ប្រជាពលរដ្ឋចំនួន១ខ្នងស្ថិតនៅភូមិតឺន ឃុំតឺន ស្រុកកូនមុំ ខេត្តរតនគិរី ត្រូវបានអគ្គិភ័យលេបត្របាក់អស់ទាំងស្រុង កាលពីយប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង២០និង៥០នាទី។ ក្រោយទទួលបានដំណឹងភ្លាម កម្លាំងនគរបាលនៃអធិការរដ្ឋាននគរបាលស្រុកកូនមុំបានយករថយន្តពន្លត់អគ្គិភ័យទៅសង្ក្រោះជាបន្ទាន់ តែមិនអាចពន្លត់ទាន់ពេលវេលានោះទេ ដោយសារភ្លើងឆាបឆេះខ្លាំងណាស់ទៅហើយ។

   បើតាមមន្ត្រីនគរបាលស្រុកកូនមុំបានឱ្យដឹងថា ក្នុងករណីនេះដើមហេតុបណ្ដាលមកពីភ្លើងចង្រ្កាន។ 

    គួរបញ្ជាក់ផងដែរថា ផ្ទះដែលរងការឆាបឆេះខាងលើមាន ទំហំ៦ម៉ែត្រ × ៩ម៉ែត្រ ដំបូលប្រក់ស័ង្កសី ជញ្ជាំងបាំងក្តារ ខូចខាតទាំងស្រុង។ ចំណែកម្ចាស់ផ្ទះឈ្មោះ សាវី ផយ ភេទប្រុស អាយុ៥៥ឆ្នាំ ជនជាតិគ្រឹង មុខរបរកសិករ និងប្រពន្ធឈ្មោះ ជូ អើង  អាយុ៥១ឆ្នាំ ជនជាតិគ្រឹងមុខរបរកសិករ រងរបួសធ្ងន់។ ចំពោះសម្ភារខូចខាតផ្សេងៗទៀត គឺមិនទាន់បានដឹងនៅឡើយទេ៕

ដោយ៖ សូរិយា


ចែករំលែក៖