ភ្នំពេញ ៖ លោក Martin Vávra(ម៉ាទីន វ៉ាវរ៉ា) ឯកអគ្គរដ្ឋទូតឆែកប្រចាំកម្ពុជា នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២នេះ បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅទីស្តីការក្រសួង ដែលផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការផ្នែកបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ(TVET) របស់កម្ពុជា ទាំងលើការបណ្តុះបណ្តាលសមត្ថភាព សិស្ស-និស្សិត រួមនឹងការបំពាក់សម្ភារបរិក្ខានានាជាការជួយលើកកម្ពស់ទៅលើការបណ្តុះបណ្តាលផ្នែកនេះឲ្យស្របតាមការវិវឌ្ឍន៍យ៉ាងរហ័សនៃបច្ចេកវិទ្យារបស់ពិភពលោក។
នៅក្នុងជំនួបនេះដែរ លោកបណ្ឌិត អ៉ិត សំហេង បានថ្លែងអំណរគុណដល់ លោកអគ្គរដ្ឋទូត ម៉ាទីន វ៉ាវរ៉ា ដែលនៅក្នុងកិច្ចការងារការទូតរបស់លោក ពិតជាបានធ្វើឲ្យទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ក៏ដូចជារដ្ឋាភិបាលប្រទេសយើងទាំងពីរ កម្ពុជា-ឆែក មានភាពស្និទស្នាល បង្កើនកិច្ចសហប្រតិបត្តិការទេសយើងទាំងពីរធ្លាប់មានទំនាក់ទំនងការទូតជាមួយគ្នាជាយូរលង់ណាស់មកហើយ។
បន្ថែមពីនេះ លោកបណ្ឌិត អ៉ិត សំហេង ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលឆែក ដែលបានផ្តល់ជំនួយជួយដល់កម្ពុជានាពេលកន្លងមក ជំនួយអស់ទាំងនេះបានរួមចំណែកឲ្យកម្ពុជាបន្តការអភិវឌ្ឍប្រទេសរបស់ខ្លួនឲ្យមានការរីកចម្រើនបន្តទៅមុខទៀត។ ទន្ទឹមនេះដែរ អ្នកជំនាញការរបស់ឆែកក៏បានមកបំពេញកិច្ចការងារនៅក្នុងប្រទេសកម្ពុជា ដែលគិតមកដល់ពេលនេះ ក្រសួងការងារ បានផ្តល់នូវបណ្ណការងារដល់ពលករជំនាញ ក៏ដូចជាអ្នកជំនាញការរបស់ឆែកប្រមាណជាង១០០នាក់មកហើយ ដោយពួកគេនឹងទទួលបានសិទ្ធគាំពារនានា ដូចពលរដ្ឋកម្ពុជាដែរ។ លោករដ្ឋមន្ត្រី ស្វាគមន៍ដល់អ្នកជំនាញការទាំងនេះដែលបានមកបំពេញការងារនៅក្នុងប្រទេសកម្ពុជា ហើយក៏ចាត់ទុកថាជាកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រជាជនផងដែរ។
លោករដ្ឋមន្ត្រី បញ្ជាក់ថា កន្លងមករាជរដ្ឋាភិបាលកម្ពុជា ក៏មានកិច្ចសហប្រតិបត្តិការជាមួយអង្គការភីន ឬ PIN (People In Need) ដែលជាអង្គការមិនមែនរដ្ឋាភិបាល និងមិនរកប្រាក់ចំណេញនៃប្រទេសឆែក ដែលអនុវត្តលើគម្រោងជំនួយមនុស្សធម៌, គម្រោងអភិវឌ្ឍន៍រយៈពេលវែង, កម្មវិធីអប់រំ, និងកម្មវិធីសិទ្ធិមនុស្សនៅតាមតំបន់ដែលមានវិបត្តិនៅទូទាំងសកលលោក និងបានចូលមកកម្ពុជា ពីឆ្នាំ ២០០៨។ សម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យ TVETវិញ រដ្ឋាភិបាលឆែក ក៏បាន បំពាក់ឧបករណ៍សម្ភារបណ្តុះបណ្តាល, បំប៉នសមត្ថភាពថ្នាក់ដឹកនាំ និងគ្រូ, ផលិតឯកសារសិក្សា, កែលម្អហេដ្ឋារចនាសម្ព័ន្ធ ដល់មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ឆ្នាំង (២០១៩-២០២១) និងវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង (២០២០-២០២១)។
លោកអគ្គរដ្ឋទូតឆែកប្រចាំកម្ពុជា ក៏បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងការទូតរបស់ប្រទេសទាំងពីរ ហើយរដ្ឋាភិបាលឆែកបានផ្តល់នូវជំនួយក្នុងការអភិវឌ្ឍប្រទេសកម្ពុជា ជាបន្តបន្ទាប់។ដោយឡែកចំពោះសកម្មភាពកិច្ចសហប្រតិបត្តិលើការបណ្តុះបណ្តាលផ្នែកបច្ចេកទេស និងវិជ្ជាជីវៈនេះទៀតសោត លោកអគ្គរដ្ឋទូត ចង់ឲ្យគម្រោងនេះមាននិរន្តរ៍ភាព និងលោកទូត ចង់បានការបញ្ជាក់បន្ថែមពីឯកឧត្តមរដ្ឋមន្ត្រី ថាតើក្រសួងចង់ឲ្យរដ្ឋាភិបាលឆេកបន្តជួយលើផ្នែកTVET នេះ ក្នុងកម្រិតណាបន្តទៀត។
ឆ្លើយតបទៅនឹង សំនួររបស់ លោកអគ្គរដ្ឋទូត លោកបណ្ឌិត អ៉ិត សំហេង ចង់ឲ្យមានដំណើរទស្សនកិច្ចរវាងគ្រូ និងគ្រូរបស់ប្រទេសយើងទៅវិញទៅមក ដើម្បីផ្លាស់ប្តូរនូវបទពិសោធន៍ ចែករំលែកនូវចំណេះដឹង ក៏ដូចជាកម្មវិធីសិក្សា លើការបណ្តុះបណ្តាលផ្នែកធនធានមនុស្សនេះ ឲ្យកាន់តែប្រសើរ និងដើរឲ្យទាន់នូវការរីកចម្រើនបច្ចេកវិទ្យារបស់ពិភពលោក។
ឆ្លើយតបទៅនឹងសំណើ របស់លោករដ្ឋមន្ត្រី ឲ្យមានការរៀបចំទស្សនកិច្ចសិក្សារវាងគ្រូ និងគ្រូ របស់ប្រទេសទាំងពីរ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងចែករំលែកនូវចំណេះដឹងផងនោះ ឯកឧត្តមអគ្គរដ្ឋទូតរីករាយនូវសំណើនេះ និងសូមឲ្យខាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបន្តធ្វើកិច្ចការនេះជាមួយស្ថានទូត ដើម្បីដាក់ស្នើសុំទៅរដ្ឋាភិបាលឆែកឲ្យមានកិច្ចសហប្រតិបត្តិការលើកិច្ចការងារទាំងនេះឲ្យបានកាន់តែលឿន៕
ដោយ ៖ សិលា