ព័ត៌មានទាន់ហេតុការណ៍៖

រុស្ស៊ីព្រមានប្រធានាធិបតីអាមេរិកឱ្យប្រយ័ត្នសម្តីរបស់ខ្លួនផង

ចែករំលែក៖

រដ្ឋាភិបាលទីក្រុងមូស្គូ នៅថ្ងៃទី ២១ខែមីនា បានព្រមានថា ទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោន នឹងទីក្រុងមូស្គូអាចនឹងត្រូវដួលរលំ កាត់ផ្តាច់ទាំងស្រុង។ ទន្ទឹមនឹងនោះ រុស្ស៊ីក៏បានកោះហៅឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅរុស្ស៊ី ដើម្បីប្រឆាំង នឹងការលើកឡើងរបស់ប្រធានាធិបតីអាមេរិក ចូ បៃឌិន ថាជារឿង«មិនអាចទទួលយកបានឡើយ»។

ក្នុងពេលជួបជាមួយឯកអគ្គរដ្ឋទូតអាមេរិក លោក John Sullivan រដ្ឋាភិបាលរុស្ស៊ីបានបង្ហាញការមិនពេញចិត្តចំពោះការលើកឡើងរបស់ប្រធានាធិបតីអាមេរិក ចូ បៃឌិន ពាក់ព័ន្ធនឹងប្រធានាធិបតីពូទីន។ រដ្ឋាភិបាលរុស្ស៊ីបញ្ជាក់ថា ការលើកឡើងរបស់លោកបៃឌិនគឺមិនសមស្រប អាចធ្វើឱ្យទំនាក់ទំនងរវាងរុស្ស៊ីនឹងអាមេរិកត្រូវបែកបាក់។
កាលពីសប្តាហ៍កន្លងមក ប្រធានាធិបតីបៃឌិន បានហៅប្រធានាធិបតីរុស្ស៊ី លោកពូទីនថា«អ្នកទោសសង្គ្រាម»។ ក្រោយមកអ្នកនាំពាក្យវិមានប្រធានាធិបតីរុស្ស៊ីលោក Dmitry Peskov ក៏បានថ្កោលទោសយ៉ាងខ្លាំងដល់សម្តីរបស់លោកបៃឌិនថាជារឿងមិនអាចទទួលយកបានឡើយ ។
ទំនាក់ទំនងរវាងអាមេរិកនឹងរុស្ស៊ីកាន់តែតានតឹងឡើងក្រោយពេល រុស្ស៊ីបើកការវាយប្រហារទៅលើប្រទេសអ៊ុយក្រែននៅថ្ងៃទី ២៤ខែកុម្ភៈ ។ អាមេរិកបានបង្កើនការដាក់ទណ្ឌកម្មទៅលើរុស្ស៊ី ទ្រង់ទ្រាយធំបំផុតមិនធ្លាប់មាន ក៏ដូចជាផ្តល់ជំនួយអាវុធទៅឱ្យប្រទេសអ៊ុយក្រែនដើម្បីតបតជាមួយរុស្ស៊ី ទាំងនោះហើយបានធ្វើឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែតានតឹងឡើង ៕ ដោយ៖ ធីរីណា

រូបថត៖Reuters 


ចែករំលែក៖