ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចជំនាញ(កបប)ខេត្តស្វាយរៀងរកឃើញទំនិញខូចគុណភាពជាច្រើនមុខនិងអាល់កុលនៅតាមស្តង់ ដេប៉ូម៉ាតក្នុងក្រុងស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង ៖ ទំនិញខូចគុណភាពជាច្រើនមុខព្រមទាំងអាល់កុលត្រូវបានសមត្ថកិច្ចជំនាញ(កបប)ខេត្តស្វាយរៀងរកឃើញតាមស្តង់ដេប៉ូម៉ាតនានាក្នុងក្រុងស្វាយរៀង។

ការចុះត្រួតពិនិត្យធ្វើឡើងនៅព្រឹកថ្ងៃទី២២ខែមីនាឆ្នាំ២០២២ ដឹកនាំដោយលោកផាត សាវុទ្ធ ប្រធានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និង បង្ក្រាបការក្លែងបន្លំសាខាខេត្តស្វាយរៀង។

លោក ផាត សាវុទ្ធ ប្រធានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និង បង្ក្រាបការក្លែងបន្លំសាខាខេត្តស្វាយរៀងបានឱ្យដឹងថា ដោយមានការណែនាំពី លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និង បង្ក្រាបការក្លែងបន្លំលោកសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តនិង អាជ្ញាធរមូលដ្ឋានបានចុះអនុវត្តការងារត្រួតពិនិត្យទំនិញ នៅតាមស្តង់  ដេប៉ូ ចែកចាយទំនិញ ម៉ាត និងអាល់កុល ក្នុងក្រុងស្វាយរៀង។

លោកបន្តថាសកម្មភាពការងារ ត្រួតពិនិត្យ មន្ត្រីជំនាញយើងបានពិនិត្យថ្ងៃនេះជាលទ្ធផលក្រោយការចុះអនុវត្តការងារ  មន្ត្រីជំនាញយើងបានរកឃើញទំនិញខូចគុណភាពហួសដឺឡេជាច្រើនមុខព្រមទាំងអាល់កុលជាច្រើនលីត្រហើយសមត្ថកិច្ចបានធ្វើកំណត់ហេតុដកហូតទំនិញទាំងនោះនិងធ្វើការដុតកម្ទេចចោលនាពេលក្រោយបន្តទៀត។

លោក  បានប្រាប់ដល់ម្ចាស់ដេប៉ូទំនិញចំពោះ អាល់កុលក្លែងក្លាយអាចប៉ះពាល់លើសុខភាពរួមមាន៖ រលាកស្បែក រលាកភ្នែក ឈឺក្បាល វិលមុខ ស្រវាំងភ្នែក ងងុយគេង បាត់បង់ស្មារតី ក្អួតចង្អោរ រំខានដល់ការរំលាយអាហារ និងអាចឈានបាត់បង់ជីវិត ក្នុងករណីយកទៅលាយជាមួយស្រា ដោយបរិភោគលើសកម្រិត។

ជាមួយគ្នានេះ លោកក៏បានអំពាវនាវដល់ម្ចាស់ស្តង់ដេប៉ូ ម៉ាត និងអ្នកនាំចូលអាល់កុលទាំងអស់ចូលរួមសហការ ដោយនាំចូលនូវអាល់កុលសុទ្ធហើយចំពោះប្រជាពលរដ្ឋវិញ ក៏ត្រូវមានការប្រុងប្រយ័ត្ន ដោយត្រូវមើលស្លាកសញ្ញា និងប្រភពឱ្យបានត្រឹមត្រូវមុននឹងទិញយកមកប្រើប្រាស់ ក្នុងក្រុមគ្រួសាររបស់យើងផងដែរ ៕

ដោយ៖យឹម សុថាន


ចែករំលែក៖