ព័ត៌មានទាន់ហេតុការណ៍៖

លោក អ៉ីវ លាង អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យរបាយការណ៍ដើម្បីត្រៀមរៀបចំសន្និបាតប្រចាំឆ្នាំ២០២១ និងទិសដៅបន្តសម្រាប់ឆ្នាំ២០២២របស់អគ្គាធិការដ្ឋាន

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃអង្គារ ៥រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២នៅសាលប្រជុំរបស់អគ្គាធិការដ្ឋាន លោក អ៉ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យរបាយការណ៍ដើម្បីត្រៀមរៀបចំសន្និបាតប្រចាំឆ្នាំ២០២១ និងទិសដៅបន្តសម្រាប់ឆ្នាំ២០២២របស់អគ្គាធិការដ្ឋាន ដោយមានការអញ្ជើញចូលរួមពី អគ្គាធិការរង ប្រធាននាយកដ្ឋាន អនុប្រធាននាយករដ្ឋាន និងមន្ត្រីពាក់ព័ន្ធ។

ជាកិច្ចចាប់ផ្តើម លោក អគ្គាធិការ មានមតិស្វាគមន៍ និងចូលរួមអបអរសាទចំពោះអគ្គាធិការរងថ្មី១រូបទើបទទួលបានការតែងតាំង។បន្ទាប់មក លោក អគ្គាធិការ ស្នើលោក លោកស្រី អគ្គាធិការរង ប្រធាននាយកដ្ឋាន ចូលរួមពិនិត្យ ផ្តល់យោបល់ ដោយខ្លឹមសារត្រូវឱ្យស្របនឹង ទិសដៅការងាររបស់ក្រសួងមហាផ្ទៃដែលបានដាក់ចេញនិងផែនការបូកសរុបប្រចាំឆ្នាំ២០២១របស់អគ្គាធិការដ្ឋាន។

ក្នុងឱកាសនោះ លោក អគ្គាធិការ បានអនុញ្ញាត លោកវរសេនីយ៍ទោ អ៊ុន វ៉ាន់ស៊ុន នាយការិយាល័យសរុបវិភាគ និងផែនការ អានរបាយការណ៍ជូនអង្គប្រជុំ ហើយអង្គប្រជុំបានចូលរួមពិភាក្សា ផ្តល់យោបល់ជាបន្តបន្ទាប់ ដោយបានកែសម្រួលនូវខ្លឹមសារមួយចំនួនផងដែរ។

ចុងក្រោយ លោក អគ្គាធិការ បានថ្លែងការអរគុណចំពោះការចូលរួមយោបល់របស់លោក លោកស្រី អស់លោក ដែលបានជាធាតុចូលថ្មីបន្ថែមទៀតដើម្បីឱ្យរបាយការណ៍កាន់តែប្រសើរ។ទន្ទឹមនឹងនេះ លោក អគ្គាធិការ មានមតិដឹកនាំដល់ក្រុមការងារទទួលខុសត្រូវក្នុងការរៀបចំសន្និបាតនេះ មាន ពិនិត្យទីតាំងសន្និបាត ពិនិត្យរបាយការណ៍នេះបន្ថែមឡើងវិញដោយខ្លឹមសារត្រូវស្របនឹងទិសដៅការងារ និងសន្និបាតរបស់ក្រសួងមហាផ្ទៃ សមាសភាពអ្នកចូលរួម និងបញ្ហាប្រឈម ៕

ដោយ ៖ សិលា


ចែករំលែក៖