ព័ត៌មានទាន់ហេតុការណ៍៖

បេក្ខភាពលេចធ្លោរ លីម ណាលី ប្រកាសចូលរួមប្រកួតជាថ្មីលើឆាក Miss Grand Cambodia

ចែករំលែក៖

ភ្នំពេញ៖ មានការចាប់អារម្មណ៍ខ្លាំងក្រោយពីព្រឹត្តិការណ៍ប្រកួតសម្រស់ល្បីឈ្មោះនៅកម្ពុជា Miss Grand Cambodia២០២២ បានប្រកាសទទួលពាក្យពីបេក្ខជនដែលមានទំនុកចិត្តលើសមត្ថភាពទេពកសល្យ និងសម្រស់របស់ខ្លួនបង្ហាញលើឆាកដ៏សម្បើមមួយនេះ។ គេចាប់អារម្មណ៍ក្រោយពីមុននេះបេក្ខភាពលេចធ្លោរកញ្ញាលីម ណាលី ដែលតំណាងឲ្យបេក្ខភាពពីខេត្តប៉ៃលិននិងធ្លាប់ឈានជើងចូលដល់វគ្គ១០នាក់ចុងក្រោយនោះប្រកាសចូលរួមប្រកួតក្នុងកម្មវិធីនេះជាថ្មី។ ការបញ្ជាក់នេះត្រូវបានធ្វើឡើងក៏ក្រោយពីកន្លងទៅថ្មីៗនេះបេក្ខភាពរូបនេះបានបង្ហើបប្រាប់អ្នកគាំទ្រអំពីគោលបំណងវិលរកឆាកប្រកួតជាថ្មីហើយអាចនឹងមានអ្វីពិសេសជាងឆ្នាំកន្លងទៅ។ ពិសេសឆ្នាំនេះនាងបានត្រៀម ការបង្ហាញឆន្ទៈតស៊ូមតិ ឬAdvocacy លើការប្រយុទ្ធប្រឆាំងនឹងសង្គ្រាម និងអត្ថប្រយោជន៍នៃសន្តិភាពក្នុងកម្មវិធីប្រកួតនេះផងដែរ។ នេះបានបង្ហាញពីការត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមប្រកួតបូករួមទាំងរូបសម្រស់ដែលអំណោយផលពីធម្មជាតិផងដែរ។ 

   គេចាំបានដែរថា លីម ណាលី មានវ័យ១៩ឆ្នាំ កម្ពស់១.៧៣ម៉ែត្រ ធ្លាប់ចូលរួមប្រកួតក្នុងកម្មវិធីMiss  Cambodia  មុនពេលនាងចូលរួមប្រកួតMiss Grand Cambodia 2021និងធ្លាប់បានចូលដល់វគ្គ១០នាក់ចុងក្រោយនៃកម្មវិធីនេះ។ អ្នកជិតដិតបានទម្លាយថា នាងបានត្រៀមខ្លួនរួចជាស្រេចក្នុងកម្មវិធីប្រកួតឆ្នាំនេះដោយបានទាំងធ្វើការហ្វឹកហាត់លើការដើរបង្ហាញម៉ូត ការថែរក្សារូបរាងសម្រស់ពីធម្មជាតិ និងការហ្វឹងហាត់និយាយនិងឆ្លើយសំណួរលើភាសាបរទេស ការត្រៀមបង្ហាញឆន្ទៈក្នុងនាមជាកញ្ញាឯក បូកផ្សំនឹងការងារសង្គមដែលនាងធ្លាប់ចូលរួមនោះជាដើម ដែលអ្នកគាំទ្រនាងបានដាក់ក្តីរំពឹងខ្ពស់ថានាងនឹងអាចដណ្តើមបានតំណែងណាមួយកាន់ខ្ពស់សម្រាប់ឆ្នាំនេះ។ 

  គួរបញ្ជាក់ដែរថាថ្ងៃទី២២ ខែមីនា ឆ្នាំ ២០២២នេះ គេហទំព័រផ្លូវការរបស់កម្មវិធីMiss Grand Cambodia  បានប្រកាសអំពីការស្វាមគមន៍ដាក់ពាក្យជាផ្លូវការរបស់បេក្ខភាពដែលមានបំណងចូលរួមប្រកួតដោយលក្ខខណ្ឌបានបេក្ខភាពត្រូវនៅលីវ មានវ័យពី១៨ ទៅ២៧ឆ្នាំ កម្ពស់ពី១.៧០ឡើងទៅ បញ្ចប់ការសិក្សាថ្នាក់ទី១២ និងចំណេះដឹងភាសាបរទេសអាចប្រើការបាន។ កម្មវិធីនេះក៏ជាកម្មវិធីដែលទទួលបានការគាំទ្រនិងចាប់អារម្មណ៍ខ្លាំងពីទស្សនិកជនក្នុងចំណោមកម្មវិធីប្រកួតសម្រស់ល្បីឈ្មោះនៅកម្ពុជាផងដែរ ។ គេរំពឹងដែរថាកម្មវិធីនេះនឹងអាចជ្រើសរើសបានបេក្ខភាពលេចធ្លោរតំណាងឲ្យកម្ពុជាចូលរួមប្រកួតលើឆាកអន្តរជាតិបន្តទៀត៕ 

ដោយ ៖ វឌ្ឍនា


ចែករំលែក៖