ព័ត៌មានទាន់ហេតុការណ៍៖

តុលាការបើកសវនាការលើជនជាតិរុស្ស៊ី២នាក់និងស្ត្រីជនជាតិអ៊ុយក្រែនម្នាក់រឿងផលិត ដឹកជញ្ជូន ជួញដូរគ្រឿងញៀនជាង២០គីឡូក្រាម

ចែករំលែក៖

   ភ្នំពេញ៖ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ លោក សេង រិទ្ធី ប្រធានក្រុមប្រឹក្សា និងលោកសាយ ណូរ៉ា ជាតំណាងអយ្យការ កាលពីថ្ងៃទី២២ ខែមីនាឆ្នាំ២០២២ បានសម្រេចលើកយកសំណុំរឿងជនជាតិរុស្ស៊ី២នាក់និងស្ត្រីជនជាតិអ៊ុយក្រែនម្នាក់មកបើកសវនាការករណីផលិត ដឹកជញ្ជូន និងជួញដូរគ្រឿងញៀនជាង២០គីឡូក្រាម ។

    ជនជាប់ចោទទី១-ឈ្មោះ EVGENY KARAS ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិរុស្ស៊ី, ទី២-ឈ្មោះ DMITRIY KARAS ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិ រុស្ស៊ី និងទី៣-ឈ្មោះ BONDARBNKO KARYNA ភេទស្រី អាយុ២១ឆ្នាំ ជនជាតិ អ៊ុយក្រែន។ អ្នកទាំងនេះជាប់ចោទពីបទផលិត ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅរាជធានីភ្នំពេញកាលពីឆ្នាំ២០១៧ រហូតដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ តាមមាត្រា៤២ មាត្រា៤៧ និងមាត្រា៤៨ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។

   សូមបញ្ជាក់ថា ក្រោយពីបញ្ចប់សវនាការសួរដេញដោលលើជនជាប់ចោទរួចមក លោកចៅក្រមបានសម្រេចកំណត់យកថ្ងៃទី១៩ ខែមេសាឆ្នាំ២០២២ វេលាម៉ោង២រសៀល ដើម្បីធ្វើការប្រកាសសាលក្រម។

    គួររំលឹកថា កាលពីថ្ងៃទី២១ខែកញ្ញាឆ្នាំ២០២០ កម្លាំងនគរបាលសន្តិសុខផ្ទៃក្នុងក្រសួងមហាផ្ទៃបានចុះបង្ក្រាបករណីផលិត ដឹកជញ្ជូន ជួញដូរដោយខុសច្បាប់នូវសារធាតុញៀនទ្រង់ទ្រាយធំ នៅទីតាំងសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (កញ្ចប់បញ្ញើមានលាក់បង្កប់សារធាតុញៀនផ្ញើចេញពីក្រុមហ៊ុន ឌីអេចអិល កម្ពុជា ទៅប្រទេសអង់គ្លេស និងក្រិច៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖