ព័ត៌មានទាន់ហេតុការណ៍៖

រុស្ស៊ីថានឹងប្រើប្រាស់គ្រាប់បែកបរមាណូ ប្រសិនបើសន្តិសុខរុស្ស៊ីរងការគំរាមកំហែង

ចែករំលែក៖

រុស្ស៊ីបានដាក់ពង្រាយកម្លាំងទាហានប្រមាណ១៥០ពាន់នាក់នៅជុំវិញប្រទេសអ៊ុយក្រែន មុនពេលចាប់ផ្តើមវាយប្រហារនៅថ្ងៃទី ២៤ខែកុម្ភៈ ។ រុស្ស៊ីបានដាក់ពង្រាយសព្វាវុធជាច្រើនទាំងយន្តហោះចម្បាំង រថក្រោះ កាំភ្លើងធំ មីសុីល…។

អ្នកនាំពាក្យវិមានប្រធានាធិបតីរុស្ស៊ី លោក Dmitry Peskovបានលើកឡើងបញ្ចាក់ប្រាប់បណ្តាញព័ត៌មាន CNNរបស់អាមេរិកនាថ្ងៃទី២២ខែមីនាថា នៅក្នុងគោលនយោបាយសន្តិសុខជាតិរបស់រុស្ស៊ីបានបញ្ជាក់យ៉ាងច្បាស់ថា ក្នុងពេលសន្តិសុខជាតិរងការគំរាមកំហែងគឺជាពេលវេលាដែលរុស្ស៊ីត្រូវប្រើប្រាស់គ្រាប់បែកបរមាណូ ។
លោក Dmitry Peskov បានលើកឡើងនៅក្នុងបទសម្ភាសន៍ជាមួយបណ្តាញព័ត៌មាន CNN ដែលអ្នកដឹកនាំកម្មវិធីសួរថា តើលោកជឿជាក់ថា ប្រធានាធិបតីពូ
ទីននឹងប្រើប្រាស់គ្រាប់បែកបរមាណូដែរឬទេ? លោក Dmitry Peskov បានបញ្ជាក់ថា «យើងមានគោលជំហរពីសន្តិសុខជាតិដោយ
បើកចំហ ហើយអស់លោកអាចដឹងពីហេតុផលដែលជំរុញឱ្យរុស្ស៊ីត្រូវប្រើប្រាស់ដល់គ្រាប់បែកបរមាណូ ។ ប្រសិនបើជាការគំរាមកំហែងដល់ប្រទេសជាតិរបស់យើងខ្ញុំ គឺអាវុធបរមាណូនឹងត្រូវបានប្រើប្រាស់»។ មន្ត្រីរុស្ស៊ីបានបញ្ជាក់ទៀតថា ការចំណាយប្រាក់ជាច្រើនសម្រាប់ផលិតគ្រាប់បែកបរមាណូដើម្បីការពារសន្តិសុខជាតិ ហើយក្នុងពេលសន្តិសុខជាតិរងការគំរាមកំហែង យើងមិនអាចមិនប្រើប្រាស់បរមាណូនោះឡើយ។
អគ្គមេបញ្ជាការកម្លាំងទាហានអាមេរិកប្រចាំនៅតំបន់អឺរ៉ុប លោក Hodges បានបញ្ជាក់ថា រុស្ស៊ីនឹងមិនទទួលបានជោគជ័យនៅក្នុងសង្គ្រាមនៅប្រទេសអ៊ុយក្រែននោះឡើយ។ ចំណែករុស្ស៊ីវិញបានប្រកាសថា ដាច់ខាតសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែនគឺត្រូវតែទទួលបានជ័យជម្នះ គ្មានឡើយបរាជ័យ។
ទាំងនោះហើយបានបង្កក្តីបារម្ភថាប្រសិនបើលោកខាងលិចបង្ខំឱ្យរុស្ស៊ីដើរដល់ផ្លូវទាល់ ហើយសន្តិសុខរុស្ស៊ីរងការគំរាមកំហែងនោះ រុស្ស៊ីមិនអាចរក្សាទុកគ្រាប់បែកបរមាណូនោះឡើយ គឺត្រូវតែប្រើប្រាស់ដើម្បី ដើម្បីរៀបចំសន្តិសុខសណ្តាប់ធ្នាប់ឡើងវិញ៕ ដោយ៖ ធីរីណា

ប្រភពរូបថត៖m.nguoidoatin.vn


ចែករំលែក៖