ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រី ជ្រឹង បុទុមរង្សី បានទទួលជួបលោក Cho Jungsik អភិបាលស្ដីទីនៃទីក្រុងស៊ូវ៉ុន នៅអគាររដ្ឋបាលក្រុងស៊ូវ៉ុន

ចែករំលែក៖

សាធារណរដ្ឋកូរ៉េ ៖ ស្ថានឯកអគ្គរាជទូតព្រះរាជអាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ នៅរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ បានបញ្ជាក់អោយដឹងថា, កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ លោកស្រី ជ្រឹង បុទុមរង្សី ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ បានទទួលជួបលោក Cho Jungsik អភិបាលស្ដីទីនៃទីក្រុងស៊ូវ៉ុន នៅអគាររដ្ឋបាលក្រុងស៊ូវ៉ុន។​

សូមបញ្ជាក់ថា,  ក្នុងជំនួបនោះ លោក Cho Jungsik បានលើកឡើងពីចំណងមិត្តភាពទីក្រុង ដែលបងប្អូនរវាងខេត្តសៀមរាប និងក្រុងស៊ូវ៉ុន មានចំណងមិត្តភាពតាំងពីឆ្នាំ២០០៤ ដែលបង្កើតបានជាភូមិស៊ូវ៉ុន នៅស្រុកភ្នំក្រាម ខេត្តសៀមរាប មកទល់ពេលបច្ចុប្បន្ន។ ជាការឆ្លើយតប លោកស្រី ឯកអគ្គរាជទូត បានសន្យា នឹងជំរុញបន្ថែមឱ្យកាន់តែល្អ និងសកម្មជាងមុន នៃចំណងមិត្តភាពនេះ។ ភ្ជាប់ជាមួយគ្នានោះដែរ លោក Cho Jungsik ក៏បានបង្ហាញអំពីការកើនឡើងនៃចំនួនអ្នកឆ្លងកូវីដ១៩ នៅតំបន់ស៊ូវ៉ុន ដែលមួយថ្ងៃឆ្លងប្រហែល២៣០០នាក់ ជាមួយគ្នានេះដែរ លោកស្រី ឯកអគ្គរាជទូត ក៏បានបង្ហាញអំពីការគ្រប់គ្រងតួលេខអ្នកឆ្លងបានយ៉ាងល្អនៅកម្ពុជា ទើបធ្វើឱ្យតួលេខអ្នកឆ្លងនៅកម្ពុជា មានតែត្រឹម ៤០០ ទៅ៥០០នាក់ តែប៉ុណ្ណោះក្នុងមួយថ្ងៃ ដែលធៀបនិងប្រទេសជិតខាង គឺកម្ពុជាមានចំនួនឆ្លងតិច ហើយចំពោះទេសចរណ៍ចូលក្នុងប្រទេសកម្ពុជានៅពេលថ្មីៗនេះ គឺមិនតម្រូវឱ្យមាន PCR Test នោះទេ។

ដោយទីក្រុងស៊ូវ៉ុន ជាតំបន់ដែលសហគមន៍ខ្មែរមានការពេញនិយម ស្ថានទូតកម្ពុជា មានបំណងប្រារព្វពិធីចូលឆ្នាំថ្មី ឆ្នាំខ្មែរ នៅទីតាំងណាមួយនៃទីក្រុងនេះ ដោយមានការប្រគុំតន្ត្រីពីសិល្បះករខ្មែរ និងកូរ៉េ។ ជាការឆ្លើយតបលោក Cho Jungsik បានស្នើសុំកម្មវិធី ដើម្បីត្រៀមក្រុមការងារជួយសម្របសម្រួល ៕

ដោយ ៖ សិលា


ចែករំលែក៖