ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្ត​ព្រៃវែង​ អញ្ជើញជាអធិបតីក្នុងពិធីឆ្លងសាលាភត្ត និងសមិទ្ធផលនានា នៅវត្តឧត្តមព្រៃធំ ស្ថិតនៅស្រុកកំចាយមារ

ចែករំលែក៖

ខេត្ត​ព្រៃវែង​៖​ លោក​ ជា​ សុមេធី​ អភិបាល​នៃ​គណៈអភិបាលខេត្តព្រៃវែង​ និងភរិយា តំណាង ដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាថ្ងៃពុធ ៦រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២នេះ​ បានអញ្ជើញជាអធិបតីក្នុងពិធីឆ្លងសាលាភត្ត និងសមិទ្ធផលនានា នៅវត្តឧត្តមព្រៃធំ ស្ថិតនៅឃុំស្មោងត្បូង ស្រុកកំចាយមារ ខេត្តព្រៃវែង។

ឆ្លៀតក្នុងឱកាសនេះ លោក​ ជា​ សុមេធី​ សូមរម្លឹកបន្តិចថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាប្រមុខ ជាមួយការចង្អុលបង្ហាញដោយផ្ទាល់ ពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានខិតខំប្រឹងប្រែង រក្សាបាននូវសុខសន្តិភាពពេញលេញ ខាងនយោបាយ សន្តិសុខរឹងមាំ ការអភិវឌ្ឍសង្គម សេដ្ឋកិច្ច សង្គមកិច្ច សាមគ្គី ឯកភាពជាតិ ការពង្រឹងលទ្ធិប្រជាធិបតេយ្យ ជាពិសេស លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមានការរីកចម្រើន និយាយដោយឡែក ក្នុងពិធីសម្ពោធនាពេលនេះ ក៏បានបញ្ជាក់ពីសមិទ្ធផលថ្មីមួយទៀតសម្រាប់ជាចំណងដៃចំពោះព្រះសង្ឃ ប្រជាពលរដ្ឋ ពុទ្ធបរិស័ទ នៃស្រុកកំចាយមារយើង សម្រាប់បូជាគោរពប្រតិបត្តិតាមគន្លងព្រះពុទ្ធសាសនាផងដែរ។

ជាមួយគ្នានេះដែរ លោកអភិបាលខេត្ត​ សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ អស់លោក លោកស្រី ថ្នាក់ដឹកនាំគ្រប់មន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងមន្ត្រីរាជការពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមចំណែក និងផ្តល់កិច្ចសហការគាំទ្រ សម្របសម្រួល ក្នុងការអនុវត្តការងារ និងបំពេញតួនាទីភារកិច្ចរបស់ខ្លួន ញាំងអោយកម្មវិធីសម្ពោធនាពេលនេះ ប្រព្រឹត្តទៅយ៉ាងរលូនគួរជាទីមោទនៈ។

ទន្ទឹមនឹងនេះ​ លោក​ ជា​ សុមេធី​ សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ និងសូមបោះឆ្នោតជូនគណបក្សណាដែលនាំមកនៅសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍន៍ពិតប្រាកដ។

 

សារជាថ្មីម្តងទៀត អភិបាល​ សូមបួងសួងដល់វត្ថុស័ក្តសិទ្ធិលើលោក ជួយតាមថែរក្សាថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះអនុគុណស្រុក ព្រះគ្រូចៅអធិការវត្ត ឧបាសក ឧបាសិកាចំណុះជើងវត្ត អង្គពិធីទាំងមូល និងប្រជាពលរដ្ឋទូទាំងខេត្តព្រៃវែង សូមមានសុខភាពល្អ​ បរិបូរណ៍​ប្រាជ្ញា​ឈ្លៀសវៃ​ និងជ័យជំនះ​គ្រប់ភារកិច្ច​ ពិសេស ចៀសផុតពីជម្ងឺឆ្លងកូវីដ-១៩ ដ៏កាចសាហាវនាបច្ចុប្បន្ននេះ៕

ដោយ​៖សហការី​


ចែករំលែក៖