ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី២៤ មីនានេះ បានទទួលជួបពិភាក្សាការងារជាមួយលោកស្រី បណ្ឌិត ដេវយ៉ានី ឃូប្រ៊ាហ្គឺដេ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា នៅអគ្គបញ្ជាការដ្ឋាន។
ក្នុងជំនួបពិភាក្សានោះក៏មានវត្តមាន លោកវរសេនីយ៍ឯក វ៉ារ៉ាដាន គូម៉ា (Varadan Kumar ) នាយការិយាល័យអនុព័ន្ធយោធាឥឥណ្ឌាប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ ប្រទេសវៀតណាម ផងដែរ។
លោកស្រីបណ្ឌិត ដេវយ៉ានី ឃូប្រ៊ាហ្គឺដេ បានថ្លែងអំណរគុណនាយឧត្តមសេនីយ៍អគ្គមេបញ្ជាការ ដែលបានអនុញ្ញាតទទួលជួបពិភាក្សាការងារ ហើយបានអបអសាទរ និងគាំទ្រដល់កងយោធពលខេមរភូមិន្ទ ក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពលើកទី១៩ សម្រេចបានលទ្ធផលផ្លែផ្កា។
លោកស្រីឯកអគ្គរដ្ឋទូត បានលើកឡើងពីកិច្ចសហប្រតិបត្តិការជិតស្និតរវាងកងទ័ពប្រទេសទាំងពីរ កម្ពុជា-ឥណ្ឌា ពិសេសលើជំនាញប្រតិបត្តិការរក្សាសន្តិភាព ហើយតទៅថ្ងៃខាងមុខ ឥណ្ឌាបានត្រៀមជាស្រេច ក្នុងការឆ្លើយតបចំពោះតម្រូវការនានារបស់កងយោធពលខេមរភូមិន្ទ និងស្នើពិនិត្យលទ្ធភាពក្នុងការបង្កើតស្ថានអនុព័ន្ធយោធាឥណ្ឌានៅកម្ពុជា។
ក្នុងកិច្ចឆ្លើយតប នាយឧត្តមសេនីយ៍ វង្ស ពិសេន បានជម្រាបជូនលោកស្រីបណ្ឌិតឯកអគ្គរដ្ឋទូតឥណ្ឌា ពីស្ថានភាពបច្ចុប្បន្នដែលបញ្ហាប្រឈមជំងឺកូវីដ១៩មានភាពធូរស្រាល និងឈានទៅបើកដំណើរការសេដ្ឋកិច្ចប្រទេសឡើងវិញ។
នាយឧត្តមសេនីយ៍ វង្ស ពិសេន បានគូសបញ្ជាក់ថា ភាពធូរស្រាលនៃការឆ្លងរាលដាលជំងឺកូវីដ១៩នេះ មិនមែនជារឿងចៃដន្យនោះទេ គឺអាស្រ័យដោយមានការដឹកនាំពូកែ បុិនប្រសប់ និងផ្លាស់ប្តូរគ្រប់យុទ្ធវិធី ទាន់សភាពការណ៍ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គួបផ្សំនឹងការចូលរួមពីមន្ត្រីរាជការ ប្រជាពលរដ្ឋ និងការឧបត្ថម្ភគាំទ្រពីបណ្តាប្រទេសជាមិត្ត។
ពាក់ព័ន្ធលើទំនាក់ទំនង នាយឧត្តមសេនីយ៍អគ្គមេបញ្ជាការ បានលើកឡើងពីចំណងការទូតរវាងប្រទេសទាំងពីរ ដែលមានរយៈពេល ៧០ ឆ្នាំមកហើយ ក្នុងនោះលើកិច្ចសហប្រតិបត្តិការយោធា ឥណ្ឌាបានជួយឧបត្ថម្ភទាំងសម្ភារ ថវិកា ពិសេសការបណ្តុះបណ្តាលកងយោធពលខេមរភូមិន្ទ ឲ្យក្លាយជាកងទ័ពមានសមត្ថភាពបំពេញបេសកកម្មក្រោមក្របខ័ណ្ឌរបស់អង្គការសហប្រជាជាតិ។
នាយឧត្តមសេនីយ៍ បានលើកឡើងពីការពិចារណានៅក្នុងការស្នើបើកស្ថានអនុព័ន្ធយោធាឥណ្ឌានៅកម្ពុជា និងសិក្សាជាមួយស្ថាប័នជំនាញពាក់ព័ន្ធ អំពីតម្រូវការនានារបស់កងយោធពលខេមរភូមិន្ទ ដើម្បីស្នើសុំឱ្យឥណ្ឌាបន្តជួយឧបត្ថម្ភ៕
ដោយ ៖ សិលា