ភ្នំពេញ ៖ យុវជនម្នាក់បានស្លាប់នៅនឹងកន្លែង ខណៈពេលដែលធ្វើដំណើរ តាមម៉ូតូមួយគ្រឿង ហើយ ត្រូវរថយន្ត ម៉ាក TOYOTA RALLY មួយគ្រឿង បើកបោះពួយក្នុងល្បឿនលឿន បុកពេញទំហឹងក្នុងទិសដៅបញ្ច្រាសគ្នា ។
គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណ២និង៤០នាទី រសៀលថ្ងៃទី២៤ ខែ មីនា ឆ្នាំ ២០២២ នៅតាមបណ្តោយផ្លូវបេតុង ចូលមណ្ឌលឱកាសខ្ញុំ ក្នុង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
យុវជនរងគ្រោះ ពុំទាន់ស្គាល់អត្តសញ្ញាណនៅឡើយ មានអាយុ ប្រមាណជិត២០ឆ្នាំ ជិះម៉ូតូ ម៉ាកវ៉េវ ពណ៌ខ្មៅ ស៊េរីចាស់ពាក់ស្លាកលេខ ភ្នំពេញ១AI.៤៤៩១ ។
តាមនគរបាលឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង រវាង រថយន្តម៉ាក TOYOTA RALLY មួយគ្រឿងពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ២BM.៩៩៥០ បើកបរ ដោយបុរស ម្នាក់គេចខ្លួនបាត់ ជាមួយនឹងម៉ូតូ ម៉ាកវ៉េវ ពណ៌ខ្មៅ ស៊េរីចាស់ពាក់ស្លាកលេខ ភ្នំពេញ១AI.៤៤៩១ បើកបរ ដោយ ជនរងគ្រោះ ។
តាមព័ត៌មានពីកន្លែងកើតហេតុ បានអោយដឹងថា នៅមុនពេលកើតហេតុ គេឃើញ ជនរងគ្រោះ បានជិះម៉ូតូមួយគ្រឿងខាងលើ ធ្វើដំណើរតាមផ្លូវបេតុង ក្នុងទិសដៅពីលិចទៅកើត។ នៅពេលមកដល់កន្លែងកើតហេតុ ស្រាប់តែ មានរថយន្ត ម៉ាក TOYOTA RALLY មួយគ្រឿងខាងលើ ធ្វើដំណើរ ក្នុងទិសដៅពីកើតទៅលិច បញ្ច្រាសគ្នា មកបុកពេញទំហឹង បណ្តាលឱ្យ យុវជនរងគ្រោះ ស្លាប់នៅនឹងកន្លែង ។ចំណែក ម៉ូតូ និង រថយន្ត បានរងការខូចខាតធ្ងន់ធ្ងរ។ភ្លាមៗអ្នកបើកបរ រថយន្តបានគេចខ្លួនបាត់ ។
បន្ទាប់ពីកើតមានគ្រោះថ្នាក់នគរបាលចរាចរណ៍ក៍បានចុះទៅវាស់វែង យករថយន្តនិងម៉ូតូ បញ្ជូន ទៅកាន់ការិយាល័យ ចរាចរណ៍ផ្លូវគោក ដើម្បី ចាត់ការតាមច្បាប់ ។ចំណែកសព ត្រូវបាននគរបាលបញ្ជូន ទៅកាន់ឈាបនដ្ឋានវត្តទឹកថ្លាដើម្បីរង់ចាំបងប្អូនសាច់ញាតិ៕
ដោយ៖និនសុភ័ស្ត