ព័ត៌មានទាន់ហេតុការណ៍៖

មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការ យោធភូមិភាគទី៥ ៖ កងការពារព្រំដែនលេខ៥០១ ត្រូវការពារសុខសន្តិភាពដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖  នេះជាប្រសាសន៍របស់ លោក ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ ដែលបានអញ្ជើញជាអធិបតីក្នុងពិធីប្រជុំបូកសរុបលទ្ធផលការងារយោធាសន្តិសុខឆ្នាំ២០២១ និងផ្សព្វផ្សាយផែនការសកម្មភាពការងារយោធាសន្តិសុខឆ្នាំ២០២២ របស់កងការពារព្រំដែនលេខ៥០១ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២។

អញ្ជើញចូលរួមអមដំណើរមាន មេបញ្ជាការរង នាយសេនាធិការរង យោធភូមិភាគទី៥ មេបញ្ជាការទិសទី៤ មេបញ្ជាការ មេបញ្ជាការរង កងការពាព្រំដែនលេខ៥០១ និងប្រតិភូអមដំណើរ បណ្ដាការិយាល័យ អង្គភាពព្រមទាំងភ្ញៀវកិត្តិយស។

ក្នុងឱកាសបូកសរុប លោក ឧត្តមសេនីយ៍ឯក ឯក សំអូន បានធ្វើការកោតសរសើរដល់កម្លាំងកងការពាព្រំដែនលេខ៥០១ ដែលកន្លងមកបានប្រឹងប្រែងសម្រេចបានជោគជ័យគ្រប់ភារកិច្ចដែលថ្នាក់លើដាក់ជូន និងការចុះជួយសង្គ្រោះប្រជាពលរដ្ឋដែលជួបគ្រោះមហន្តរាយផ្សេងៗ រហូតមានការសរសើរមិនដាច់ពីមាត់ពីសំណាក់ប្រជាពលរដ្ឋរស់នៅក្នុងភូមិសាស្ត្រដែលខ្លួនទទួលខុសត្រូវ អង្គភាពបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការទប់ស្កាត់និងការពារជំងឺកូវីដ-១៩។ ជាពិសេសការការពារសុខសន្តិភាពដល់បងប្អូនប្រជាពលរដ្ឋ តាមខ្សែបន្ទាត់ព្រំដែន និងជួយសម្រួលដល់ការប្រកបរបបចិញ្ជឹមជីវិត តាមច្រកព្រំដែនកម្ពុជា-ថៃ។ 

ដោយឈរលើផែនការការងារកសាងពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យរបស់យោធភូមិភាគទី៥ ធ្វើឱ្យកងការពាព្រំដែនលេខ៥០១ ធានាបានគ្រប់ភារកិច្ចដែលថ្នាក់លើប្រគល់ជូន ជាពិសេសលើការងារហ្វឹកហ្វឺន ប្រមូលផ្តុំគ្រប់គ្រងកម្លាំង ជំរុញការងារបង្កបង្កើនផល ចិញ្ចឹមសត្វ ធានាជីវភាពកងទ័ព មានផ្ទះបាយរួម មានម្ហូបអាហារហូបគ្រប់គ្រាន់ ហើយបានបញ្ជូនកម្លាំងចុះប្រតិបត្តិការជួយសង្រ្គោះប្រជាពលរដ្ឋ រងគ្រោះដោយធម្មជាតិ គ្រោះទឹកជំនន់ ខ្យល់កន្រ្តាក់ ជួយកសាង ជួសជុលផ្ទះ​។ល។

លោក ឧត្តមសេនីយ៍ឯក ក៏បានធ្វើការផ្តាំផ្ញើកងទ័ពក្នុងកងការពារព្រំដែនលេខ៥០១ ឱ្យបង្កើនការផ្សព្វផ្សាយនិងអនុវត្តឲ្យបានជាដាច់ខាតនូវវិធានការរបស់ក្រសួងសុខាភិបាល ក៏ដូចជាវិធានការរបស់សម្ដេចតេជោ ៣ការពារ ៣កុំ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនូវជំងឺកូវីដ-១៩ កុំឱ្យមានការឆ្លងរាលដាលចូលក្នុងសហគមន៍ក៏ដូចជាភូមិសាស្រ្តដែលខ្លួនទទួលខុសត្រូវ។

ជាចុងបញ្ជាប់ លោក ក៏បានផ្តល់កិត្តិយសបំពាក់ឋានន្តរសក្តិ ជូនប័ណ្ណសរសើរ លិខិតសរសើរ រង្វាន់ ជូនដល់នាយទាហាន ពលទាហាន ដែលមានស្នាដៃឆ្នើមក្នុងការងារ១ឆ្នាំកន្លងទៅ  ឯកឧត្តម ក៏បានឧបត្ថម្ភថវិកាដល់កម្មវិធី ចំនួន ១.០០០.០០០រៀលផងដែរ។

ដោយឡែក លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងទ័ពជើងគោក  នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែមីនា ឆ្នាំ២០២២ អញ្ជើញប្រជុំការងារចុះពិនិត្យតាមអង្គភាពមួយចំនួន ចំណុះតំបន់ប្រតិបត្តិការសឹករងត្បូងឃ្មុំ យោធភូមិភាគទី២ កងទ័ពជើងគោក ៕

ដោយ ៖ សិលា


ចែករំលែក៖