ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីបាត់ខ្លួន តើជាសង្គ្រាមចិត្តសាស្ត្របំបាក់ស្មារតីទាហានរុស្ស៊ី ឬជាការណ៍ពិត?

ចែករំលែក៖

តាមសារព័ត៌មាន UNIAN របស់អ៊ុយក្រែនបានផ្សាយថា រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergei Shoigu បានបង្ហាញខ្លួនជាសាធារណៈតាំងពីថ្ងៃទី១១ ខែមីនា ហើយតាំងពីពេលនោះមកលោកមិនបានបង្ហាញខ្លួនជាសាធារណទៀតឡើយ ដែលធ្វើឱ្យមានពាក្យចចាមអារ៉ាមថា លោក Sergei Shoigu មានសុខភាពចុះខ្យោយ ហើយបេះដូងមានបញ្ហា ។ ក្រៅពីនេះក៏មានពាក្យចចាមអារ៉ាមផ្សេងទៀតថា រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីត្រូវបានដកហូតតំណែង ហើយត្រូវបានឃុំខ្លួននៅក្នុងផ្ទះ។
ការបាត់ខ្លួនរបស់រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី មិនទាន់មានការបញ្ជាក់ណាមួយពីរដ្ឋាភិបាលរុស្ស៊ី ឬក៏ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីនោះឡើយ។ ការផ្សព្វផ្សាយនោះធ្វើឡើងដោយប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែន និងបណ្តាលោកខាងលិចតែប៉ុណ្ណោះ។ ចំណុចទាំងនោះហើយបានបង្កឱ្យមានការមន្ទិលសង្ស័យថា គឺជាសង្គ្រាមចិត្តសាស្ត្រ ក្នុងគោលដៅបំបាក់ស្មារតីកម្លាំងទាហានរុស្ស៊ីដែលកំពុងតែធ្វើសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន។
អ្នកឯកទេសវិភាគបានលើកឡើងថា ប្រព័ន្ធផ្សព្វផ្សាយធំៗ របស់ប្រទេសលោកខាងលិច គឺជាឧបករណ៍នយោបាយសម្រាប់វាយប្រហារទៅលើប្រទេសដែលមិនមែនជាបក្ខសម្ព័ន្ធរបស់អាមេរិកនិងអឺរ៉ុប ។ នៅថ្ងៃទី២៤ខែមីនានេះ រដ្ឋាភិបាលអង់គ្លេសបានសម្រេចផ្តល់ជំនួយរហូតដល់ ៤,១លានផោនដល់បណ្តាញព័ត៌មាន BBC ដើម្បីបង្កើនការផ្សាយទាំងភាសារុស្ស៊ី និងអ៊ុយក្រែនផងដែរ។ ការផ្សាយស្ទើរតែទាំងអស់គឺវាយប្រហារទៅលើប្រទេសរុស្ស៊ី៕

ដោយធីរីណា


ចែករំលែក៖