ព័ត៌មានទាន់ហេតុការណ៍៖

បញ្ជូនខ្លួនជនសង្ស័យម្នាក់ដែលចូលប្លន់យកលុយក្នុងហាងអុីនធើណេតមួយកន្លែងទៅកាន់តុលាការ

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ បានបញ្ជូនជនសង្ស័យម្នាក់ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងបទល្មើសចូលប្លន់លុយក្នុងហាងអុីនធើណេតមួយកន្លែង។

    សូមបញ្ជាក់ថា កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវ រហូតដល់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ ទើបឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់នៅចំណុចមុខនាយកដ្ឋានអង្គរក្ស ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ពាក់ព័ន្ធប្រព្រឹត្តបទល្មើសធ្វើសកម្មភាពយកកូនកាំបិតភ្ជង់ប្លន់នារីម្នាក់យកលុយបានជិត៤ពាន់ដុល្លារក្នុងហាងអុីនធើណេតមួយកន្លែងយីហោ Happy net នៅមូលដ្ឋានខណ្ឌទួលគោក ។

   មន្រ្តីនគរបាលបានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ ធី បូរ៉ាឌី ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ១B១ ផ្លូវលេខ១៩ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ចំណែកជនរងគ្រោះមានឈ្មោះ ង៉ៅ កុលាប ភេទស្រី អាយុ២១ឆ្នាំ មុខរបរបុគ្គលិកហាងអុីនធើណេត ស្នាក់នៅផ្ទះលេខ៣៥ ផ្លូវលេខ១៩២ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

    មន្រ្តីនគរបាលជំនាញបានឱ្យដឹងថា កាលពីវេលាម៉ោង០៦និង៤០នាទីល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ មានជនសង្ស័យម្នាក់បានដើរចូលក្នុងហាងអុីនធើណេតមួយកន្លែងយីហោ «ហែបភីណេត» នៅចំណុចផ្ទះលេខ៣៥ ផ្លូវលេខ១៩២ ក្រុមទី១៣ ភូមិ៤ សង្កាត់ ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយបានធ្វើសកម្មភាពយកកូនកាំបិតចិតបន្លែភ្ជង់ប្លន់យកប្រាក់បានចំនួន៣៨០០ដុល្លារ ហើយក៏រត់គេចខ្លួនចេញពីទីតាំងតែម្តង ។

    ក្រោយពីទទួលបានព័ត៌មាននេះភ្លាមលោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបញ្ជាឱ្យកម្លាំងចុះទៅដល់ទីតាំងកើតហេតុ និងធ្វើការត្រួតពិនិត្យនៅជុំវិញទីតាំងដើម្បីស្រាវជ្រាវកំណត់មុខសញ្ញាតាមចាប់ខ្លួនជនសង្ស័យ។

    ពេលនេះជនសង្ស័យត្រូវបានបញ្ជូនខ្លួនមកដល់សាលាដំបូងរាជធានីភ្នំពេញ ហើយកំពុងស្ថិតក្នុងដំណាក់កាលតំណាងអយ្យការបើកការស៊ើបសួរ៕

ដោយ ៖  រ៉ារ៉ា


ចែករំលែក៖