ក្រុមជម្រើសជាតិជប៉ុន និងក្រុមជម្រើសជាតិកូរ៉េខាងត្បូងបានកក់កន្លែងរបស់ពួកគេនៅក្នុងព្រឹត្តិការណ៍ Word Cup នៅឆ្នាំនេះក្នុងប្រទេសកាតាជាមួយនឹងជ័យជម្នះយ៉ាងត្រចះត្រចង់ដោយជប៉ុនបានយកឈ្នះក្រុមអូស្ត្រាលី២ទល់០ ខណៈដែលកូរ៉េខាងត្បូងយកឈ្នះអុីរ៉ង់២ទល់០ដូចគ្នាក្នុងការប្រកួតកាលពីរាត្រីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២។
គ្រាប់បាល់ចុងម៉ោង២គ្រាប់របស់កីឡាករបម្រុង Kaoru Mitoma នៅនាទីទី៨៩និងនៅនាទីទី៩០+៤ នៅទឹកដីក្រុមអូស្ត្រាលី នាទីក្រុងស៊ីដនីបានជួយឲ្យជប៉ុនមានកៅអីគ្រប់គ្រាន់ក្នុងប្រទេសកាតាដែលជាម្ចាស់ផ្ទះប្រកួតបាល់ទាត់ពិភពលោកនាឆ្នាំនេះ។
ជ័យជម្នះបានធ្វើឲ្យជប៉ុនឡើងឈរកំពូលតារាងពូល B នៃវគ្គជម្រុះប្រចាំទ្វីបអាស៊ី ដោយលើសអារ៉ាប៊ីសាអ៊ូឌីត ដែលតាមពីក្រោយដោយអូស្ត្រាលី៤ពិន្ទុ។ ឥឡូវនេះអូស្ត្រាលីប្រឈមមុខនឹងយុទ្ធនាការជម្រុះPlayoff ដើម្បីឈានទៅប្រកួត World Cup ជាលើកទី៥ជាប់ៗគ្នា។
ជាមួយនឹងការប្រកួតក្នុងពូលចំនួន២ដែលត្រូវទៅប្រកួតវគ្គ Playoff គឺក្រុមអេមីរ៉ាត់អារ៉ាប់រួមកំពុងឈរនៅលេខរៀងទី៣ ក្នុងពូលនោះមាន៣ពិន្ទុនាំមុខលីបង់។ ក្រុមឈ្នះនៃការប្រកួតនេះនឹងបន្តទៅវគ្គ play-off ជាមួយក្រុមចំណាត់ថ្នាក់ទី៥ មកពីតំបន់អាមេរិកខាងត្បូង។
ចំណែកក្រុមជម្រើសជាតិកូរ៉េខាងត្បូងវិញ ក៏បានកក់កៅអីទៅកាន់ World Cup នៅកាតាដែរ ដោយបានយកឈ្នះក្រុមជម្រើសជាតិអុីរ៉ង់ក្នុងលទ្ធផល២ទល់០ ដែលធ្វើឲ្យកូរ៉េឡើងឈរលេខ១ក្នុងពូល A មាន២៣ពិន្ទុ ខណៈដែលក្រុមអុីរ៉ង់ឈរលេខ២ មាន២២ពិន្ទុ។
ក្រុមកូរ៉េខាងត្បូងធ្វើបានល្អក្នុងទឹកដីខ្លួនឯង ដោយការប្រកួតតង់ទី១ ខ្សែប្រយុទ្ធឆ្នើមរបស់កូរ៉េខាងត្បូង Son Heung-Min រកបាន១គ្រាប់នាំមុខនៅចុងតង់ទី១ នាទីទី៤៥+១។ ចំណែក១គ្រាប់ទៀតរកបានដោយកីឡាករ Kim Young-Gwon នៅនាទីទី៦៣។
ជ័យជម្នះនេះធ្វើឲ្យក្រុមកូរ៉េបន្តកំណត់ត្រាមិនដែលចាញ់សោះក្នុងវគ្គជម្រុះ World Cup តំបន់អាស៊ីនៅឆ្នាំនេះ ដោយ៩ប្រកួតគឺឈ្នះ៧ប្រកួត និងស្មើ២ប្រកួត។ ការប្រកួតបញ្ចប់វគ្គជម្រុះតាមពូលគឺក្រុមជប៉ុននឹងត្រូវប៉ះក្រុមជម្រើសជាតិអារ៉ាប៊ីសាអ៊ូឌីតនៅថ្ងៃទី៣០ ខែមីនា ខណៈដែលកូរ៉េខាងត្បូងត្រូវប៉ះក្រុមអារ៉ាប់រួមនៅថ្ងៃទី២៩ ខែមីនាខាងមុខ ៕


ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច