ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៌មានពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ បានចេញសេចក្តីបកស្រាយបំភ្លឺរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅនឹងគណនេយ្យហ្វេសប៊ុកមួយឈ្មោះ Seng Vuthy ដែលបានផ្ញេីសារចូលផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញមានខ្លឹមសារដូចខាងក្រោម៖
ផ្លូវចំហៀងស្ថានទូតអូស្រ្តាលី គឺចាប់ពីអាគារ The world Bridge រហូតដល់ស្ពានហង្សកោះពេជ្រ ហេតុអ្វីក៏មានឡានខ្លះចតបាន ហេីយខ្លះចតមិនបាន ខ្ញុំតែងតែឃេីញប៉ូលីសដេីរចាក់សោរឡានមួយចំនួន កំណាត់ផ្លូវនោះចាប់ពីអាគារ The bridge រហូតដល់ស្ពានហង្សខាងស្តាំដៃ គឺមិនមានស្លាកសញ្ញាហាមឈប់ ឫហាមចតទេ ។ មួយវិញទៀតខ្ញុំឃេីញឡានចតនៅមុខអាគារ The Peak ឡានគេចតក្នុងប្រអប់ចំណតរបស់អាគារខុនដូនោះ ចុះហេតុអ្វីបានជាប៉ូលីសទៅចាក់សោរឡាននោះដែរ។ ហេីយមួយទៀតក៏សុំសសេីរដល់ប៉ូលីសចរាចរណ៍ គឺគាត់សកម្មការងារណាស់ គាត់បានអនុវត្តច្បាប់ចរាចរណ៍នៅមុខអាគារណាហ្គាវេីល១ នៅវេលាម៉ោង៣យប់ ខ្ញុំតែងតែឃេីញពួកគាត់ដេីរចាក់សោរឡាន ហេីយឈរចាំរហូតដល់ម្ចាស់ឡានចុះមកដោះស្រាយ។ សូមសសេីរពួកគាត់ដែលអត់ដេកពួន សុខចិត្តមកអនុវត្តច្បាប់ចរាចរណ៍ទាំងកណ្តាលយប់។
ដូច្នេះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមធ្វើការបកស្រាយបំភ្លឺនិងបដិសេធចំពោះការចុះផ្សាយខុសពីការពិតនេះ គ្មានសមត្ថកិច្ចណាចុះចាក់សោរកង់ឡាននៅម៉ោង ៣យប់នោះទេ កន្លងមកកម្លាំងឡានស្ទួច នៃអធិការដ្ឋាននគរបាលខណ្ឌចំការមន មិនដែលចុះប្រតិបត្តិការរកយានយន្តចតល្មើសផ្លាកសញ្ញាចរាចរណ៍ពេលយប់នោះទេ និងក៏មិនមានខ្នោះចាក់កង់ឡានលេីផ្លូវមុខអគារ The bridge មុខអគារ The Peak ក៏ដូចជាមុខអគារណាហ្គាវេីលដ៍១ផងដែរ។
ចំពោះផ្លូវនៅមុខអគារ The bridge រហូតដល់ស្ពានហង្សកោះពេជ្រ ចំហៀងខាងស្តាំគឺមិនមានផ្លាកសញ្ញាហាមឈប់ ឫហាមចតនោះទេ រីឯនៅលេីផ្លូវមុខអគារណាហ្គាវេីលដ៍១ គឺមានផ្លាកសញ្ញាហាមឈប់ ឫហាមចត៕
ដោយ៖សហការី