ភ្នំពេញ ៖ ខណៈរសៀលថ្ងៃទី២៥ ខែមីនានេះ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា កំពុងមានវត្តមានក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា (ក.យ.គ.) នៃសហភាពសហព័ន្ធយុវជនកម្ពុជា។
សន្និបាតដែលបាននឹងកំពុងប្រព្រឹត្តទៅមួយថ្ងៃពេញគឺថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ ទទួលបានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី អនុប្រធានស.ស.យ.ក. សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលស.ស.យ.ក. គណៈកម្មាធិការកណ្តាលស.ស.យ.ក. រួមទាំងក្រុមប្រឹក្សាយុវជនគ្រឹស្ថានឧត្តមសិក្សា និងគណៈដឹកនាំចលនាយុវជនស្ម័គ្រចិត្ត ស.ស.យ.ក. ប្រចាំក្រសួង ស្ថាប័ននានាផងដែរ។
ក្នុងសុន្ទរកថាស្វាគមន៍ និងរបាយការណ៍សង្ខេបស្តីពីលទ្ធផលនៃអង្គសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ ក.យ.គ. លោក ស សុខា ប្រធានក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាបានលើកឡើងថា សមិទ្ធផលជាច្រើនត្រូវសម្រេចបាន ក្នុងឆ្នាំ២០២១ កន្លងមក ដោយក្នុងនោះមានការសម្រេចផែនការរួម ៧៥,៦៣ភាគរយ ធៀបទៅនឹងសកម្មភាពដែលបានកំណត់ក្នុងផែនការឆ្នាំ២០២១ ជាពិសេសគឺការរៀបចំរចនាសម្ព័ន្ធបានលើសផែនការដែលគ្រោងទុកថែមទៀតផង។ លោក បានបន្ថែមផងដែរថា លទ្ធផលដែលសម្រេចនេះ បានបង្ហាញពីការប្តេជ្ញាចិត្ត និងការលះបង់យ៉ាងធំធេងទោះបីជាស្ថិតក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ១៩ ក៏ដោយ។
ក្នុងពេលបន្តិចទៀតនេះ លោក ហ៊ុន ម៉ានី នឹងថ្លែងសុន្ទរកថាបិទអង្គសន្និបាត បន្ទាប់ពីសុន្ទរកថាស្វាគមន៍ និងរបាយការណ៍សង្ខេបស្តីពីលទ្ធផលនៃអង្គសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ ក.យ.គ. ដែលថ្លែងដោយលោក ស សុខា ប្រធានក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ៕
ដោយ ៖ សិលា