ខេត្តកំពង់ធំ ៖ ឪពុកចិត្តតិរច្ឆានម្នាក់បានយកកាំបិតបុ័ងតោមកកាប់កូនស្រីរបស់ខ្លួនដែលកំពុងដេកលង់លក់យ៉ាងសុខស្រួលបណ្តាលឱ្យស្លាប់បន្ទាប់ពីបញ្ជូនទៅមន្ទីរពេទ្យ។ ហេតុការណ៍នៃអំពើឃាតកម្មដ៏យង់ឃ្នងនេះបានកើតឡើងកាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ ២០២២ វេលាម៉ោង ២១និង៤០នាទី នៅចំណុចផ្ទះឈ្មោះទីន ហន អាយុ៥៩ឆ្នាំ ក្នុងភូមិព្នៅ ឃុំត្នោតជុំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
ជនរងគ្រោះឈ្មោះ កំសត់ ឡៃណាង ភេទស្រី អាយុ៨ខែ រស់នៅជាមួយជីដូនឈ្មោះ ចេវ ពៅ នៅភូមិកើតហេតុ។ រីឯជនសង្ស័យឈ្មោះ ហ៊ាង សត់ ភេទ ប្រុស ៣០ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ(គេចខ្លួន)។
ប្រភពពីមន្ត្រីនគរបាលមូលដ្ឋានបានឱ្យដឹងថា មុនពេលកើតហេតុជនសង្ស័យទៅធ្វើការសំណង់នៅក្បែរផ្ទះ ហើយផឹកស្រាស្រវឹងជោកជាំ។ រហូតដល់ម៉ោងប្រហែលម៉ោង៩ជាង ជនសង្ស័យបានត្រឡប់មកផ្ទះ ហើយរករឿងឪពុក-ម្ដាយ នៅពេលម្ដាយកំពុងមើលចៅ(សព)គ្រុន ដោយដាក់ចៅឱ្យដេកក្នុងមុងលើគ្រែក្រោមផ្ទះ ស្រាប់តែជនសង្ស័យយកកាំបិតបុ័ងតោស្ទុះទៅកាប់កូនរបស់ខ្លួនទាំងកំរោលត្រូវចំផ្ទៃមុខខាងឆ្វេងចំនួន០១កន្លែងបណ្ដាលឱ្យរបួសធ្ងន់។ ភ្លាមៗនោះជនសង្ស័យបានយកកាំបិតផ្គាក់ដេញកាប់ឪពុក-ម្ដាយ បងប្អូននៅក្នុងផ្ទះ តែមិនបង្កឱ្យនរណាម្នាក់រងរបួសនោះទេ។ មួយសន្ទុះក្រោយមកទើបមានប្រជាពលរដ្ឋមកជួយធ្វើអន្តរាគមន៍ ទើបជនសង្ស័យរត់គេចខ្លួនបាត់ទៅ។
ក្រោយកើតហេតុក្រុមគ្រួសារបាននាំក្មេងរងគ្រោះទៅមន្ទីរពេទ្យបង្អែកស្រុកបារាយណ៍ តែដោយសាររបួសធ្ងន់ពេកក្មេងរងគ្រោះបានស្លាប់ពេលទៅដល់មន្ទីរពេទ្យ។
បើតាមមន្ត្រីនគរបាលមូលដ្ឋានបានបញ្ជាក់អំពីមូលហេតុដែលបណ្ដាលឱ្យមានអំពើហិង្សានេះគឺដោយសារបុរសជាឪពុកស្រវឹងស្រា។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបន្តស្រាវជ្រាវតាមរកជនសង្ស័យ និងឃាត់ខ្លួនបាននៅវេលាម៉ោង៥និង ៥០នាទីព្រឹកថ្ងៃទី២៦ខែមីនា ឆ្នាំ២០២២ នៅចំណុចវាលស្រែខាងលិចវាលបឹងវៀន ភូមិព្រែកក្រោល ឃុំត្នោតជុំ ដែលមានចម្ងាយ១៥០០ម៉ែត្រពីកន្លែងកើតហេតុ។
សាកសពទារកត្រូវបានសាច់ញាតិយកមកធ្វើបុណ្យតាមប្រពៃណី។ ចំណែកឪពុកចិត្តខ្មៅដែលជាជនសង្ស័យត្រូវបានផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកបារាយណ៍កំពុងកសាងសំណុំរឿងទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំដើម្បីចាត់ការបន្តទៅតាមនីតិវិធី៕
ដោយ៖ សូរិយា