ព័ត៌មានទាន់ហេតុការណ៍៖

បង្ក្រាបក្រុមឧក្រិដ្ឋជនចំនួន​៣នាក់ ប៉ុនប៉ងដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនជិត ៦០០គីឡូក្រាមតាមផ្លូវសមុទ្រចេញទៅប្រទេសទី៣

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​នគរបាលមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន​ នៅព្រឹកថ្ងៃសៅរ៍​ទី​២៦​ ខែមីនា​ ឆ្នាំ​២០២២នេះ​បានឱ្យដឹងថា​ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀនបានបង្ក្រាបក្រុមឧក្រិដ្ឋជនចំនួន​៣នាក់ដែលប៉ុនប៉ងដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនជិត៦០០គីឡូក្រាម តាមផ្លូវសមុទ្រចេញទៅប្រទេសទី៣។ 

   ប្រភពដដែលបន្តថា​ អនុវត្តតាមបញ្ជាលោកនាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកនាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់លោកឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន កម្លាំងសមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក១)​ កាលពីយប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង២០​និង៥០នាទី ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ អុិន សុង នាយករងមន្ទីរ ,លោកវរសេនីយ៍ឯក ម៉ាក់ សេរីវឌ្ឍនា នាយករងមន្ទីរ និងលោក វរសេនីយ៍ទោ ហុង វណ្ណារិទ្ធ ចូលរួមសហការដោយកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ សម្របសម្រួលដោយលោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារង អយ្យការអមសាលាដំបូងខេត្ដព្រះសីហនុ បានធ្វើការស្រាវជ្រាវរហូតឈានទៅបង្ក្រាបក្រុមឧក្រិដ្ឋជនដឹកជញ្ជូនសារធាតុញៀនឆ្លងដែនដែលបម្រុងនាំចេញតាមផ្លូវសមុទ្រទៅប្រទេសទី៣ នៅ៤ចំណុចផ្សេងគ្នាជាបន្តបន្ទាប់។ 

ទី១៖ នៅចំណុចបន្ទប់ជួលលេខ 69Z សង្កាត់ទួលទំពូង១ ខណ្ឌចំការមន, ទី២៖ នៅចំណុចកាំកូស៊ីធី អគារA106 បន្ទប់ 305 ភូមិគង្គាផុស សង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ, ទី៣៖ ខុនដូ អិល បឹងទំពុន បន្ទប់D3-18 របស់ឈ្មោះ ZHAING TONG SIAN ស្ថិតក្នុងសង្កាត់បឹងទំពុនទី១ ខណ្ឌចំការមន, ទី៤៖ នៅចំណុច(ផ្ទះល្វែងទី៤និងទី៥) ស្ថិតក្នុងភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ ដែលជាលទ្ធផល៖ ឃាត់ខ្លួនជនសង្ស័យបានចំនួ​ន​៣នាក់គឺ៖​១-ឈ្មោះ  ZHANG TONG SIAN  ភេទប្រុស ជនជាតិចិន(តៃវ៉ាន់)ឆ្នាំកំណើតៈ១៩៦៧, ២-ឈ្មោះ JIANG MING DA ហៅ ZHOUG JI QI ភេទប្រុស ជនជាតិចិន(តៃវ៉ាន់)កើតឆ្នាំ១៩៧៣​, ៣-ឈ្មោះ WANG LU LI ភេទប្រុស ជនជាតិចិន(តៃវ៉ាន់)កើតឆ្នាំ១៩៨១ ។

    ដោយឡែក​កម្លាំងជំនាញ​ក៏បានចាប់យកវត្ថុតាង៖

១-កេតាមីន(Ketamine)  ទម្ងន់ ៥១០ គ.ក្រ២៥៦ ក្រាម 

២-មេតំហ្វេតាមីន(ICE) ទម្ងន់ ១ គ.ក្រ ៩៥៨ក្រាម

៣-អុិចស្តាស៊ី(MDMA) ទម្ងន់ ៥១គ.ក្រ ៦៥៩.៦០ក្រាម

៤-នីមេតាហ្សេប៉ាម(Nimetazepam) ទម្ងន់ ២០គ.ក្រ.៧៩០ ក្រាម

៥-FUB-AMB(Cannabinoid)(NPS) ទម្ងន់ ១១គ.ក្រ៧៥៤ក្រាម។ 

*សារធាតុញៀនសរុបទម្ងន់ ៥៩៦ គ.ក្រ. ៤១៧,៦០ក្រាម។ 

*សារធាតុគីមីផ្សំទម្ងន់២៣៥ក្រាម។ 

*សារធាតុមិនច្បាស់ទម្ងន់៦គ.ក្រ ៦៨៨ក្រាម។ 

    បច្ចុប្បន្នជនសង្ស័យព្រមទាំងវត្ថុតាងចាប់យកខាងលើ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕

ដោយ​៖សហការី​


ចែករំលែក៖