ព័ត៌មានទាន់ហេតុការណ៍៖

រុស្ស៊ីធ្វើសមយុទ្ធនៅលើកោះដែលមានវិវាទជាមួយជប៉ុន

ចែករំលែក៖

កាលពីថ្ងៃទី២៥ខែមីនា រុស្ស៊ីបានចាប់ផ្តើមធ្វើសមយុទ្ធនៅលើបណ្តាកោះ ក្នុងនោះមានកោះកំពុងតែមានវិវាទជាមួយជប៉ុនផងដែរ។ តាមសារព័ត៌មាន ក្យូដូ ការធ្វើសមយុទ្ធដោយមានការចូលរួមពីកម្លាំងទាហានជាង៣ពាន់នាក់ និងសម្ភារសឹកជាច្រើន។ យុទ្ធសាស្ត្រនៅក្នុងសមយុទ្ធនោះ គឺទាហានរុស្ស៊ីធ្វើការវាយបកប្រឆាំងនឹងការប៉ុនប៉ងឈ្លានពានកោះទាំងឡាយរបស់រុស្ស៊ី។
សមយុទ្ធបានធ្វើឡើងបន្ទាប់ពី ជប៉ុននិងរុស្ស៊ីប្រឈមមុខតានតឹងដាក់គ្នា ដោយសារតែជប៉ុនចូលរួមដាក់ទណ្ឌកម្មរុស្ស៊ី ពាក់ព័ន្ធសង្គ្រាមនៅអ៊ុយក្រែន ។ រុស្ស៊ីក៏បានតបតវិញ ដោយផ្អាករាល់កិច្ចចរចាដើម្បីស្វែងរកសន្ធិសញ្ញាបិទបញ្ចប់សង្រ្គាមលោកលើកទី២ជាផ្លូវការ រវាងភាគីទាំងពីរ ។
សមយុទ្ធយោធាខាងលើកើតមានឡើងបន្ទាប់ពីក្រសួងការបរទេសរុស្ស៉ីក្នុងសប្តាហ៍នេះ បានប្រកាសផ្អាកកិច្ចចរចាសន្ធិសញ្ញាសន្តិភាពដើម្បីបញ្ចប់សង្រ្គាមលោកជាផ្លូវការជាមួយជប៉ុន ដោយសារការដាក់ទណ្ឌកម្មរបស់ទីក្រុងតូក្យូប្រឆាំងនឹងទីក្រុងមូស្គូ ជុំវិញវិបត្តិសង្រ្គាមនៅអ៊ុយក្រែន។
តំបន់ទីប្រជុំកោះមានជម្លោះនោះ ស្ថិតនៅចន្លោះកោះហុកកៃដូនៃប្រទេសជប៉ុន និង Kamchatka នៃប្រទេសរុស្ស៉ី។ ជប៉ុនហៅតំបន់នោះថា ដែនដីភាគខាងជើង ខណៈរុស្ស៉ីហៅថា គូរីល (Kuril)។ វិវាទដែនកោះនេះហើយដែលជាបញ្ហាចម្បងរារាំងមិនឱ្យប្រទេសទាំងពីរ សម្រេចបានសន្ធិសញ្ញាសន្តិភាពជាផ្លូវការ រហូតមកទល់បច្ចុប្បន្ន។
ជប៉ុនបានអះអាងថា អតីតសហភាពសូវៀត បានដណ្តើមកាន់កាប់ដោយខុសច្បាប់លើកោះចំនួន៤នៅទីនោះ ភ្លាមៗបន្ទាប់ពីជប៉ុនប្រកាសចុះចាញ់សង្រ្គាមលោកលើកទីពីរ កាលពីខែសីហា ឆ្នាំ១៩៤៥ ប៉ុន្តែភាគីរុស្ស៊ីបាននិយាយថាការធ្វើសកម្មភាពរបស់ខ្លួននៅលើបណ្តាកោះទាំងនោះគឺជារឿងស្របច្បាប់ ៕

ដោយ៖ ធីរីណា(រូបថត​៖Kyodo News)


ចែករំលែក៖