ព័ត៌មានទាន់ហេតុការណ៍៖

លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានមានប្រសាសន៍ថា “ សន្តិភាព ជាមូលដ្ឋានគ្រឹះ នៃសេចក្តីសុខចម្រើន និងការអភិឌ្ឍប្រទេសជាតិ”

ចែករំលែក៖

ខេត្តព្រៃវែង ៖ នាព្រឹកថ្ងៃសៅរ៍ ៩ រោច ខែផល្គុន ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែ មីនា ឆ្នាំ២០២២ លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជានិងជាសមាជិកអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា  អនុប្រធានក្រុមការងារចុះជួយខេត្តព្រៃវែង បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាល ជាមួយក្រុមការងារថ្នាក់ក្រោមជាតិ នៅក្រុងព្រៃវែង នៃខេត្តព្រៃវែង ។

 ពិធីនេះ មានការអញ្ជើញចូលរួមពី លោកកិត្តិនីតិកោសលបណ្ឌិត ប៉ែន បញ្ញា លោក លោកស្រី ជាតំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង ព្រមទាំង លោក លោកស្រី ជាអភិបាលស្រុក ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំ មេភូមិ និងប្រជាពលរដ្ឋនៅក្រុងព្រៃវែងចំនួន២២៥នាក់ រួមទាំងបេក្ខជនត្រៀមសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ នៃខេត្តព្រៃវែង ផងដែរ ។

លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងសម្តេច លោកជំទាវ អនុប្រធានគណបក្សប្រជាជនកម្ពុជាក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្តព្រៃវែង ដែលជានិច្ចកាលតែងតែ បានឧបត្ថម្ភគាំទ្រ ជួយជ្រោមជ្រែង និងអភិវឌ្ឍន៍មូលដ្ឋានឃុំ ក៏ដូចជាស្រុក និងខេត្តទាំងមូល។ 

ក្នុងអង្គពិធីនេះ លោកកិត្តិសេដ្ឋាបណ្ឌិត បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃអង្គសន្និបាត ដែលបានបង្ហាញអំពីស្មារតីសាមគ្គីភាព និងឯកភាពគ្នាខ្ពស់របស់សមាជិក សមាជិកាទាំងអស់ ដែលបានអញ្ជើញចូលរួមយ៉ាងផុសផុល និងបានបំពេញការងារយ៉ាងសកម្មតាមរបៀបវារៈដែលបានកំណត់ ដោយបានយកចិត្តទុកដាក់ ពិនិត្យ និងតាមដានក្តាប់លើរាល់ខ្លឹមសារសំខាន់ៗទាំងឡាយ ដែលមានអត្ថន័យដ៏ជ្រាលជ្រៅទាក់ទងទៅនឹងការដឹកនាំរបស់គណៈកម្មាធិការគណបក្សឃុំ និងការបំពេញភារកិច្ចរបស់ក្រុមប្រឹក្សាឃុំ អាណត្តិទី៤ ពិសេសការងារពង្រឹង និងពង្រីកកម្លាំងគណបក្សប្រជាជនកម្ពុជា ជាពិសេសការរួមចំណែកយ៉ាងសកម្មក្នុងការអនុវត្តកម្មវិធីនយោបាយរបស់គណបក្សឃុំ ជាមួយនឹងការរៀបចំគោលនយោបាយ ថ្មីសម្រាប់អាណត្តិទី៥ (ឆ្នាំ២០២២-២០២៧) ឱ្យស្របតាមយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល នីតិកាលទី៥ នៃរដ្ឋសភា។ 

ឆ្លៀតក្នុងឱកាសនេះដែរ លោក កិត្តិសេដ្ឋាបណ្ឌិត  បានផ្ដល់អនុសាសន៍ណែនាំដល់គណៈកម្មាធិការបក្សឃុំ សាខា អនុសាខា ក្រុមបក្ស មន្ត្រី និងសមាជិកគណបក្សគ្រប់រូប ពិសេសបេក្ខជនក្រុមប្រឹក្សាឃុំ ត្រូវប្រកាន់ខ្ជាប់នូវចំណុចគន្លឹះ មានជំហររឹងមាំខាងនយោបាយ សតិអារម្មណ៍ និងការចាត់តាំងនានា មានវិន័យ របៀបរបបធ្វើការងារត្រឹមត្រូវតាមឋានានុក្រម ចុះជាប់ជិតស្និទ្ធជាមួយប្រជាពលរដ្ឋ និងខិតខំបម្រើប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា មានសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងអនុវត្តគោលការណ៍ទទួលខុសត្រូវ ខិតខំបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យបានទាន់ពេលវេលា និងតម្លាភាព បេក្ខជនដែលត្រូវឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ ត្រូវបែងចែកកម្លាំងចុះតាមភូមិ ដើម្បីធ្វើចលនាទាក់ទាញប្រជាពលរដ្ឋឱ្យគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា យើងចាប់ពីពេលនេះតទៅ។

លោកកិត្តិសេដ្ឋាបណ្ឌិត ក៏បានលើកឡើងបន្តថា ប្រជាពលរដ្ឋជាម្ចាស់ប្រទេស និងជាអ្នកកំណត់ជោគវាសនាប្រទេសជាតិ ហើយក៏ជាអ្នកដែល បានមើលឃើញ និងដឹងឮដោយផ្ទាល់អំពីអ្វីល្អអ្វីអាក្រក់។ ក្នុងរយៈពេលជាង ៤០ ឆ្នាំកន្លងមកនេះ គណបក្សប្រជាជនកម្ពុជាបានទទួលអម្រែកភារកិច្ច និងការផ្ដល់បន្ទុកពីប្រជាពលរដ្ឋ ឱ្យដឹកនាំប្រទេស ដោយផ្ដើមចេញពីការសង្គ្រោះជាតិ សង្គ្រោះប្រជាជនឱ្យចេញផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត អមដោយការស្តារ ការកសាងជាតិចេញពីគំនរផេះផង់ និងការការពារ ការវិលត្រលប់នៃរបបខ្មែរក្រហម, ការបញ្ចប់ទាំងស្រុងនូវសង្គ្រាមផ្ទៃក្នុងដ៏រ៉ាំរ៉ៃ សម្រេចបាននូវសន្តិភាព ឯកភាពជាតិ ឯកភាពទឺកដី, និងជាក់ស្តែងក្នុងអាណត្តិភារកិច្ចឆ្នាំ២០១៨-២០២៣ នេះ គឺបានខិតខំសម្រេចបាននូវការជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋជាងមួយសែននាក់ និងការពាររាប់លាននាក់ឆ្លងផុតជ្រោះមរណៈនៃជំងឺកូវីដ-១៩។

ជាមួយគ្នានេះដែរ លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានបញ្ជាក់ថា ក្នុងន័យនេះ ក្នុងនាម សម្តេចតេជោ ប្រធានគណបក្ស សូមអរគុណចំពោះការទុកចិត្តមកលើគណបក្សប្រជាជនកម្ពុជាក្នុងរយៈកាលកន្លងមក និងសូមបន្តការគាំទ្រ ដើម្បីជាការផ្តល់ឱកាសឈានទៅបន្តបម្រើ រែកពន់ និងសម្រេចភារកិច្ចជូនជាតិ និងប្រជាជនបន្ថែមទៀត។ លោកកិត្តិសេដ្ឋាបណ្ឌិត បានមានប្រសាសន៍ថា “ សន្តិភាព ជាមូលដ្ឋានគ្រឹះ នៃសេចក្តីសុខចម្រើន និងការអភិឌ្ឍប្រទេសជាតិ” ដូចនេះ ភារកិច្ចដែលឥតកែប្រែរបស់គណបក្សប្រជាជនកម្ពុជា គឺការបម្រើ កសាង និងការពារជាតិ ប្រជាជន ដោយធ្វើយ៉ាងណាឱ្យប្រជាជនរស់នៅបានសេចក្តីសុខ និងសុភមង្គល ហើយគ្រប់ភូមិស្រុកនៅទូទាំងប្រទេស ទទួលបានការបន្តអភិវឌ្ឍរីកចម្រើនប្រកបដោយនិរន្តរភាព ។ ក្នុងឱកាសនោះដែរ លោកកិត្តិសេដ្ឋាបណ្ឌិត ក៏បានផ្តល់នូវកុំព្យូទ័រមួយឈុតស៊ីម៉ងត៍ចំនួន ៥តោន រួមទាំងថវិកាមួយចំនួន ជូនដល់គណបក្សក្រុងព្រៃវែង នៃខេត្តព្រៃវែងផងដែរ ៕

ដោយ ៖ សិលា


ចែករំលែក៖