ព័ត៌មានទាន់ហេតុការណ៍៖

បុរស​ជា​អ្នកចម្ការម្នាក់​បាន​ស្លាប់​ និង​បុរស​ម្នាក់​ទៀត​រង​របួសធ្ងន់​ក្នុង​ករណី​ផ្ទុះ​គ្រាប់​នៅ​ស្រុក​រតន​មណ្ឌល​

ចែករំលែក៖

ខេត្ត​បាត់ដំបង​ ៖​ នៅ​វេលា​ម៉ោង​០៦​និង​៣០​នាទី​ព្រឹក​ ថ្ងៃ​២៦​ ខែមីនា​ ឆ្នាំ​២០២២​ ត្រង់​ចំណុច​លើ​ខ្នងភ្នំ​ស​ ស្ថិត​នៅ​ភូមិ​រស្មី​សង្ហារ​ ឃុំ​រស្មី​សង្ហារ​ ស្រុក​រតន​មណ្ឌល​ ខេត្តបាត់ដំបង​ មាន​ករណី​ផ្ទុះ​គ្រាប់​ដែល​កប់​នៅ​ក្នុង​ដី​ ខណៈ​ ពលរដ្ឋ​ជា​អ្នកចម្ការ០២​នាក់​កំពុង​ជីកដី​បំណង​គាស់​យក​គល់ឈើ​មួយ​នៅ​ទីនោះ​ បាន​បណ្តាល​ឱ្យ​បុរស​ម្នាក់​ឈ្មោះ​ ផាង​ ភ័​ណ្ឌ​ ហៅ​ទូច​ អាយុ​២៧​ឆ្នាំ​ រស់នៅ​ភូមិ​ដង្កោ​ទាប​ សង្កាត់​ទួល​តា​ឯក​ ក្រុង​បាត់ដំបង​ ខេត្តបាត់ដំបង​ របួស​ដាច់​ជើង​ខាងឆ្វេង​ស្លាប់​នៅ​កន្លែង​កើតហេតុ​ និង​បុរស​ម្នាក់​ទៀត​ឈ្មោះ​ ឆាយ​ កុសល់​ អាយុ​ ៣៥​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​អន្លង់​វិល​ ឃុំ​អន្លង់​វិល​ ស្រុក​សង្កែ​ ខេត្តបាត់ដំបង​ រង​របួស​ចំ​ភ្នែក​ទាំង​សងខាង​ត្រូវ​នាំ​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ ។

​លោក​វរសេនីយ៍ឯក​ សន​ និល​ អធិការ​នគរបាល​ស្រុក​រតន​មណ្ឌល​ បញ្ជាក់​ថា​ បុរស​ទាំង​ពីរ​នាក់​រស់នៅ​ក្រៅ​មូលដ្ឋាន​នេះ​ ហើយ​កន្លង​ទៅ​ពួក​គាត់​មក​ស្នាក់​បណ្តោះអាសន្ន​ធ្វើ​ចម្ការនៅ​មូលដ្ឋាន​ខាងលើ​ ។​

​លោក​បន្ត​ថា​ នៅ​ថ្ងៃ​កើតហេតុ​នេះ​គាត់​ទាំង​ពីរ​នាក់​ស្វែងរក​គល់ឈើ​ចាស់ៗ​ដើម្បី​ជីក​យក​ទៅ​ប្រើប្រាស់​ ឬ​យក​ទៅ​លក់ដូរ​ចិញ្ចឹមជីវិត​ ខណៈ​ពួក​គាត់​កំពុង​ជីក​គល់ឈើ​នៅ​ចំណុច​នោះ​បាន​ប៉ះ​ចំ​គ្រាប់​មីន​កប់​ក្នុង​ដី​ទើប​បង្ក​ជា​ករណី​ផ្ទុះ​បែប​នេះ​។​

លោក​អធិការ​បន្ត​ថា​ បន្ទាប់​ពី​កើតហេតុ​ភ្លាម​សមត្ថកិច្ច​មូលដ្ឋាន​ អាជ្ញាធរ​ពាក់ព័ន្ធ​រួម​ទាំង​កងកម្លាំង​នគរបាលបាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ជួយ​នាំ​ជន​រង​គ្រោះ​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ ។​

លោក​វរសេនីយ៍ឯក​ សន​ និល​ បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​ ចំណុច​ភ្នំ​ស​ក្នុងភូមិ​រស្មី​សង្ហារ​ ស្រុក​រតន​មណ្ឌល​នេះ​គឺជា​អតីត​សមរភូមិ​ប្រយុទ្ធ​ដ៏​ស្រួចស្រាល់​មួយ​ក្នុង​ចំណោម​សមរភូមិ​ជា​ច្រើន​ផ្សេងៗ​ទៀត​ ។​ នៅ​ចំណុច​កើតហេតុ​ថ្ងៃនេះ​អាច​ជា​គ្រាប់​មីន​ដែល​គេ​បង្កប់​ក្នុង​ដី​ក្បែរ​គល់ឈើ​ពី​ពេល​មុន​ ទំនងជា​ជន​រង​គ្រោះ​ជីកដី​ក្បែរ​គល់ឈើ​ប៉ះ​ចំ​គ្រាប់​មីន​ទើប​បង្ក​ឱ្យ​ផ្ទុះ​ឡើង​តែ​ម្តង​។​

លោក​បន្ថែម​ថា​នៅ​ចំណុច​កើតហេតុ​ពី​មុន​មក​ក៏​ធ្លាប់​ប្រទះ​ឃើញ​គ្រាប់​មីន​ប្រឆាំង​រថក្រោះ​រួម​ទាំង​យុទ្ធ​ភ័​ណ្ឌ​ផ្សេងៗ​ជា​ច្រើន​ទៀត​នៅ​កប់​រាយ​ប៉ាយ​នៅ​ទីនោះ​។​

សព​ជន​រង​គ្រោះ​សមត្ថកិច្ច​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ក្រោយ​ពេល​សមត្ថកិច្ច​ធ្វើ​កំណត់ហេតុ​ពិនិត្យ​រួចរាល់៕

ដោយ៖ សូរិយា


ចែករំលែក៖