ព័ត៌មានទាន់ហេតុការណ៍៖

៤ចំណុចដែលរុស្ស៊ីនឹងប្រើប្រាស់អាវុធបរមាណូ

ចែករំលែក៖

អតីតប្រធានាធិបតីរុស្ស៊ីលោកDmitry Medvedev ដែលបច្ចុប្បន្នជាអនុប្រធានគណៈកម្មការសន្តិសុខជាតិ បានលើកឡើងពីកត្តា៤ ដែលរុស្ស៊ីអាចប្រើប្រាស់អាវុធបរមាណូវាយប្រហារទៅលើគោលដៅ។

កន្លងមកប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានប្រកាសកាលពីថ្ងៃទី ២៦ខែមីនាក្នុងវេទិកានៅទីក្រុង Doha ប្រទេសកាតារថា ទីក្រុងមូស្គូគឺជាការគំរាមកំហែងដល់ពិភពលោកទាំងមូល។ លោកVolodymyr Zelensky បន្តទៀតថា «រុស្ស៊ីមានចេតនាបង្អួតអាវុធបរមាណូថាអាចកម្ទេច ប្រទេសមួយទាំងមូល នោះជាការគំរាមកំហែងដល់ពិភពលោកទាំងមូល ។
សារព័ត៌មានThe Guardian បានផ្សាយថា ប្រធានាធិបតីពូទីន បានបញ្ជាដល់កម្លាំងបរមាណូត្រៀមលក្ខណៈវាយប្រហារក្នុងពេល លោកខាងលិចជ្រៀតជ្រែកដោយយោធានៅក្នុងប្រទេសអ៊ុយក្រែន។ លោកពូទីនបានព្រមានលោកខាងលិចថានឹងទទួលលទ្ធផលអាក្រក់ប្រសិនបើជ្រៀតជ្រែកដោយយោធាជួយដល់អ៊ុយក្រែននោះ។
រុស្ស៊ីមានក្បាលគ្រាប់បរមាណូប្រមាណ៦ពាន់គ្រាប់ ក្លាយជាប្រទេសមានគ្រាប់បែកបរមាណូច្រើនជាងគេបង្អស់។ នៅថ្ងៃទី២៦ខែមីនា លោក Dmitry Medvedev បានបញ្ជាក់ថា លទ្ធភាពបរមាណូរបស់រុស្ស៊ី គឺមិនចាំបាច់រង់ចាំដល់គេវាយប្រហារដោយបរមាណូទើបធ្វើសកម្មភាពតបតវិញនោះឡើយ។
លោក Medvedev បញ្ជាក់ថាករណីដែលរុស្ស៊ីប្រើប្រាស់អាវុធបរមាណូមានដូចជា ករណីទីមួយ៖ គឺពេលរុស្ស៊ីរងការវាយប្រហារដោយមីស៊ីលបំពាក់ក្បាលគ្រាប់បរមាណូ ។ ករណីទីពីរគឺប្រើប្រាស់បរមាណូប្រឆាំងរុស្ស៊ីឬសម្ពន្ធមិត្តរបស់រុស្ស៊ី ។ ករណីទីបី គឺ ការវាយប្រហារទៅលើទីតាំងហេដ្ឋារចនាសម្ព័ន្ធរបស់រុស្ស៊ីធ្វើឱ្យរាំងស្ទះដល់សកម្មភាពនានារបស់រុស្ស៊ី និងករណីទីបួនគឺសកម្មភាពឈ្លានពានប្រឆាំងរុស្ស៊ីនិងសម្ពន្ធមិត្តរុស្ស៊ី បើទោះបីប្រើប្រាស់អាវុធធម្មតាក្តី៕ ដោយ៖ ធីរីណា

រូបថត៖TTXVN 


ចែករំលែក៖