ព័ត៌មានទាន់ហេតុការណ៍៖

ព្រឹកស្អែកនេះ ! សម្តេចតេជោ នឹងអញ្ជើញជាអធិបតីភាពសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារមជ្ឈមណ្ឌលត្រចៀក ច្រមុះ បំពង់ក នៃមនី្ទរពេទ្យព្រះអង្គ

ចែករំលែក៖

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២២ ស្អែកនេះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានឹងអញ្ជើញជាអធិបតីភាពសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារមជ្ឈមណ្ឌលត្រចៀក ច្រមុះ បំពង់ក នៃមនី្ទរពេទ្យព្រះអង្គឌួង។

សូមបញ្ជាក់ថា, អគារមជ្ឈមណ្ឌលព្យាបាល ត្រចៀក ច្រមុះ និងបំពង់ក ដែលមានកម្ពស់៥ជាន់នៅមន្ទីរពេទ្យព្រះអង្គឌួងបានចាប់ផ្តើមសាងសង់នៅខែមីនាឆ្នាំ២០២០ និងបានគ្រោងបញ្ចប់ការ សាងសង់នៅចុងឆ្នាំ ២០២១ តែដោយសារការរាតត្បាតនៃជំងឺកូវីដ១៩ គម្រោងនេះបានពន្យាពេលទៅដើមឆ្នាំ២០២២វិញ ។ អគារនេះចំណាយថវិកាសរុបប្រមាណ ៨ លាន ដុល្លារអាមេរិកដោយនឹងត្រូវបានបំពាក់សម្ភារទំនើបបំផុតនិងចាំបាច់នានាដើម្បីពិនិត្យព្យាបាលនិងវះកាត់ធ្វើយ៉ាងណាបង្កើនគុណភាពសេវាកម្មក្នុងមន្ទីពេទ្យព្រះអង្គឌួងឱ្យល្អ ប្រសើរមួយកម្រិតទៀត។

ក្រៅពីការលើកកម្ពស់ផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវន្តសមត្ថភាពរបស់វេជ្ជបណ្ឌិតជំនាញឯកទេសនិងបុគ្គលិកទាំងអស់នឹងត្រូវបានបង្កើនសមត្ថភាពតាមរយៈកម្មវិធីបណ្តុះបណ្តាល និងការផ្ទេរចំណេះដឹងនិងចំណេះធ្វើពីវេជ្ជបណ្ឌិតជនជាតិកូរ៉េ។

កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសជាដៃគូស្នូលរបស់ KOICA ដែលទទួលបានជំនួយសម្រាប់ការអភិវឌ្ឍលើវិស័យនានា ។ នៅកម្ពុជា KOICA មានយុទ្ធសាស្រ្តភាពជា ដៃគូប្រចាំប្រទេស(CPS)ដើម្បីជួយរាជរដ្ឋាភិបាលកម្ពុជាឱ្យសម្រេចបាននូវផែការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិរបស់ខ្លួនដោយរួមបញ្ចូលយុទ្ធសាស្រ្តជាមួយផែនការយុទ្ធសាស្ដ្រ អភិវឌ្ឍន៍ជាតិរបស់កម្ពុជានិងយុទ្ធសាស្រ្តចតុកោណរបស់រដ្ឋាភិបាល ។ សម្រាប់កម្ពុជា KOICA ផ្តោតសំខាន់លើការអភិវឌ្ឍវិស័យអទិភាពចំនួន៤រួមមាន៖អភិវឌ្ឍន៍ជនបទ សុខាភិបាល អប់រំ និង ហេដ្ឋារចនាសម្ព័ន្ធ។

អគារថ្មីនៅក្នុងមនី្ទរពេទ្យព្រះអង្គឌួងដែលជាជំនួយឥតសំណង់របស់សាធារណរដ្ឋកូរ៉េតាមរយៈទីភ្នាក់ងារសហប្រតិបតិ្តការអន្តរជាតិកូរ៉េ KOICA នេះកើតចេញពីផ្លែផ្កានៃទំនាក់ ទំនងការទូតរវាងប្រទេសទាំងពីរ ។

ថ្មីៗកន្លងទៅ សម្តេចតេជោ ហ៊ុន សែន ក៏ធ្លាប់មានប្រសាសន៍ថា,  ពិតជារីករាយចំពោះការទទួលបានសមិទ្ធផលមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈនាពេលនេះ  ដែលជាមន្ទីរពេទ្យដែលបានបំពាក់នូវបរិក្ខារវេជ្ជសាស្ត្រដ៏ទំនើបជាច្រើន។ សម្តេចតេជោនាយរដ្ឋមន្ត្រីបានមានប្រសាសន៍ថា មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ កើតចេញពីចំណងមិត្តភាពនៃទំនាក់ទំនងដ៏ល្អរវាងកម្ពុជា និងចិន។ 

 សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ឱ្យក្រសួងសុខាភិបាល សិក្សាពីលទ្ធភាពក្នុងការវះកាត់ដើម្បីប្តូរក្រលៀននៅក្នុងប្រទេស ខណៈកម្ពុជាបច្ចុប្បន្នក៏មានសមត្ថភាពធ្វើបានដែរ គ្រាន់តែថាកន្លងមក យើងមិនមានការផ្សព្វផ្សាយឲ្យទូលំទូលាយ ព្រោះដោយសារតែខ្លាចមានការជួញដូរក្រលៀន ឬអវយវៈនោះ។ សម្តេចតេជោ បានមានប្រសាសន៍ថា ការបង្កើនសមត្ថភាពរបស់គ្រូពេទ្យគឺជារឿងសំខាន់ បូកនឹងការការពង្រឹងបន្ថែមទៀតនូវក្រមសីលធម៌វិជ្ជាជីវៈពេទ្យ ដើម្បីធានាការព្យាបាលមានប្រសិទ្ធភាព និងសុវត្ថិភាព។ 

ទាក់ទងទៅនឹងទំនាក់ទំនងរវាងកម្ពុជាចិន សម្តេចតេជោ បានបានមានប្រសាសន៍ថា មិត្តចិនបានប្រកាសផ្តល់ជំនួយបន្ថែមនូវវ៉ាក់សាំងបង្ការជាជំងឺកូវីដ-១៩ ចំនួន ២០លានដូសបន្ថែមទៀត ដោយ៥ លានដូស នឹងមកដល់ក្នុងពេលឆាប់ៗនេះ ដូច្នេះតាមរយៈជំនួយវ៉ាក់សាំងបន្ថែមទៀតនេះ ធ្វើឱ្យកម្ពុជាធានាបាននូវចំនួនវ៉ាក់សាំងសម្រាប់ចាក់ជូនប្រជាពលរដ្ឋការពារជំងឺកូវីដ-១៩ បានគ្រប់គ្រាន់។

នៅក្នុងឱកាសនេះផងដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី បានណែនាំដល់ក្រុមគ្រូពេទ្យឱ្យចូលរួមទាំងអស់គ្នា ក្នុងថែទាំមន្ទីរពេទ្យ និងបរិក្ខារទាំងឡាយក្នុងមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈនេះ  ដើម្បីធានាការប្រើប្រាស់បានគង់វង្សនិងយូរអង្វែង។ 

សម្ដេចតេជោ ហ៊ុន សែន ក៏បានជូនពរឲ្យក្រុមគ្រូពេទ្យ មន្ត្រីសុខាភិបាល ប្រជាពលរដ្ឋកម្ពុជាទាំងអស់ជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន ហើយក៏បានអញ្ជើញកាត់ខ្សែបូណ៌សម្ពោធដាក់ឲ្យប្រើប្រាស់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ ចាប់ពីពេលនេះតទៅ។

ដល់ព្រឹកស្អែកនេះ ! សម្តេចតេជោ នឹងអញ្ជើញជាអធិបតីភាពសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារមជ្ឈមណ្ឌលត្រចៀក ច្រមុះ បំពង់ក នៃមនី្ទរពេទ្យព្រះអង្គ ជាសមិទ្ធផលថ្មី១ទៀត  ដែលអគារនេះចំណាយថវិកាសរុបប្រមាណ ៨ លាន ដុល្លារអាមេរិកដោយនឹងត្រូវបានបំពាក់សម្ភារទំនើបបំផុតនិងចាំបាច់នានាដើម្បីពិនិត្យព្យាបាលនិងវះកាត់ធ្វើយ៉ាងណាបង្កើនគុណភាពសេវាកម្មក្នុងមន្ទីពេទ្យព្រះអង្គឌួងឱ្យល្អ ៕

ដោយ ៖ សិលា


ចែករំលែក៖