ព័ត៌មានទាន់ហេតុការណ៍៖

លោករដ្ឋមន្ត្រី វេង សាខុន ដឹកនាំកម្លាំងសរុបចំនួន ៧០នាក់ និងទូកចំនួន ៧គ្រឿង បានចុះពិនិត្យស្ថានភាពបទល្មើសជលផល និងកំណត់ទីតាំងបញ្ជាការឈរជើងរបស់ក្រុមអន្តរាគមន៍ថ្នាក់ជាតិ ដើម្បីស្រាវជ្រាវ តាមដាន ត្រួតពិនិត្យជាប្រចាំនូវសកម្មភាពបទល្មើសជលផល

ចែករំលែក៖

ភ្នំពេញ ៖ នាថ្ងៃអាទិត្យ ១០រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ ដោយទទួលបានការណែនាំពី លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងពីការសម្របសម្រួលពី នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ញាការកងយោធពលខេមរភូមិន្ទ និង នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ញាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្រុមការងារអន្តរក្រសួង-ស្ថាប័នដឹកនាំដោយ លោក ណៅ ធួក រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគណ:បញ្ជាការឯកភាពខេត្តសៀមរាប ដែលមានកម្លាំងសរុបចំនួន ៧០នាក់ និងទូកចំនួន ៧គ្រឿង បានចុះពិនិត្យស្ថានភាពបទល្មើសជលផល និងកំណត់ទីតាំងបញ្ជាការឈរជើងរបស់ក្រុមអន្តរាគមន៍ថ្នាក់ជាតិ ដើម្បីស្រាវជ្រាវ តាមដាន ត្រួតពិនិត្យជាប្រចាំនូវសកម្មភាពបទល្មើសជលផល។ 

បន្ទាប់ពីការចុះពិនិត្យជាក់ស្តែង ក្រុមការងារអន្តរក្រសួង-ស្ថាប័នបានសម្រេចជ្រើសរើសទីតាំងបញ្ជាការឈរជើងរបស់ក្រុមអន្តរាគមន៍ថ្នាក់ជាតិ ស្ថិតនៅកន្លែងអភិរក្សជលផលកំពង់ភ្លុក ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង និងឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប។ សារៈសំខាន់នៃទីតាំងឈរជើងនេះគឺ អាចចល័តកម្លាំងជួយអន្តរាគមន៍ដល់ភូមិសាស្រ្តខេត្តសៀមរាប ខេត្តបាត់ដំបង និងមួយផ្នែកនៃខេត្តពោធិ៍សាត់បានយ៉ាងងាយស្រួល និងទាន់សភាពការ។ ក្នុងបេសកកម្មនេះ កម្លាំងខណ្ឌរដ្ឋបាលជលផលខេត្តសៀមរាបក៏បានរឹបអូសទូក ១គ្រឿង និងឧបករណ៍នេសាទម៉ាញ់ ១វង់ ដែលជនល្មើសបានលាក់បង្កប់ក្នុងទឹកនៅចំណុចចុងឃ្នាសផងដែរ។

សូមបញ្ជាក់ថា, ប៉ុន្មានថ្ងៃនេះ គណៈបញ្ជាការ ឯកភាពខេត្តកំពង់ឆ្នាំង បានដឹកនាំបង្ក្រាបបទល្មើសជលផល យ៉ាងស្រស្រាក់ស្រស្រាំ ប្រមូលបានឧបករណ៍ ល្មើសច្បាប់ ជាច្រើនដោយកំទេចចោល ។ 

សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាដាច់ណាត់ អោយអភិបាលខេត្តជុំវិញបឹងទន្លេសាប រដ្ឋមន្ត្រី បង្ក្រាបអោយអស់ ចំពោះបទល្មើសនេសាទ ដូច្នេះអាជ្ញាធរខេត្តកំពង់ឆ្នាំង យ៉ាងហោចណាស់ក៏ ប្រើប្រាស់កម្លាំងជិត១០០នាក់ ចុះបង្រ្កាប ទទួលបានលទ្ធផល គួរជាទីមោទនភាព តាមបទបញ្ជា នាយករដ្ឋមន្ត្រី ។ 

នៅរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ម្សិលមុិញ កម្លាំងចម្រុះបានចាប់ឃាត់ខ្លួនបានហើយ ! ឈ្មួញទិញត្រីឆក់ត្រជាក់ឈ្មោះ ហ៊ី ប៊ុនធី ជាជនជាតិវៀតណាម នៅស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។ នេះបើយោងតាមការបញ្ជាក់អោយដឹងពី លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិតសភាកម្ពុជា ។ 

លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិតសភាកម្ពុជា បានលម្អិតថា, ក្រុមចម្រុះខេត្កកំពង់ឆ្នាំង រួមមានអធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប  ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង អាជ្ញាធរខេត្ត និងព្រះរាជអាជ្ញាខេត្តបានឃាត់ខ្លួនឈ្មួញទិញត្រីឆក់ត្រជាក់ឈ្មោះ ហ៊ី ប៊ុនធី ជាជនជាតិវៀតណាម ភេទ ប្រុស អាយុ ២៧ ឆ្នាំ នៅចំណុចកោះមនោ ភូមិឆ្នុកទ្រូ  ឃុំ ឆ្នុកទ្រូ  ស្រុក បរិបូរណ៍  ខេត្តកំពង់ឆ្នាំង នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ៣និង៣០ នាទី។

លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិតសភាកម្ពុជា បានបន្តថា, ក្រុមអ្នកឆក់ត្រីទាំងនេះ នៅតែលបលួចធ្វើសកម្មភាពឆក់ត្រីនៅបឹងទន្លេសាប, តើអ្នកស្មានថាគេធ្វើលេងឬ? បើអ្នកនៅបន្តធ្វើយ៉ាងដូច្នេះទៀត នោះមានន័យថា អ្នកយកគុកធ្វើជាផ្ទះហើយ ៕

ដោយ ៖ សិលា


ចែករំលែក៖