ព័ត៌មានទាន់ហេតុការណ៍៖

មេដឹកនាំ គីម ជុងអ៊ុន ប្រកាសបន្តសកម្មភាពអភិវឌ្ឍន៍សព្វាវុធ

ចែករំលែក៖

ប្រព័ន្ធផ្សព្វផ្សាយជាតិកូរ៉េខាងជើង បានផ្សាយនៅថ្ងៃទី ២៨ខែមីនា ដោយដកស្រង់ការប្រកាសរបស់មេដឹកនាំ គីម ជុងអ៊ុនដែលបានបញ្ជាក់ថា កូរ៉េខាងជើងនឹងបន្តអភិវឌ្ឍន៍ សមត្ថភាពវាយប្រហាររបស់កម្លាំងទាហានកូរ៉េខាងជើង ។
សារព័ត៌មានជាតិកូរ៉េខាងជើង KCNA បានផ្សាយថា មេដឹកនាំ គីម ជុងអុ៊នបានជួបជាមួយក្រុមអ្នកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងបុគ្គលិកធ្វើការនៅពេលបាញ់សាកល្បងកាំជ្រួចមីស៊ីលកាលពីថ្ងៃទី ២៤ខែមីនា ដែលជាការសាកល្បងមីស៊ីលអន្តរទ្វីបធំបំផុតរបស់ប្រទេសនេះ។
ថ្លែងនាឱកាសនោះ លោក គីម បានបញ្ជាក់ដូច្នេះថា «មានតែការអភិវឌ្ឍសមត្ថភាពវាយប្រហារដ៏មានអនុភាព, មានអំណាចយោធាដ៏លើសលប់ដែលគ្មានអ្នកបញ្ឈប់បាននោះទេទើបយើងអាចទប់ស្កាត់សង្គ្រាម, ធានាសន្តិសុខរបស់ប្រទេស និងទប់ស្កាត់រាល់ការគំរាមកំហែងពីពួកចក្រពត្តិនិយមបាន»។
ក្នុងពេលពេលចុះត្រួតពិនិត្យដោយផ្ទាល់នូវការសាកល្បងមីសុីលកាលពីថ្ងៃព្រហស្បតិ៍ លោក គីម ជុងអ៊ុន បាននិយាយថា ការបាញ់មីស៊ីល ICBM ថ្មី គឺដើម្បីជួយរារាំងសកម្មភាពយោធាណាមួយរបស់សហរដ្ឋអាមេរិក ខណៈដែលឧបទ្វីបកូរ៉េនៅតែស្ថិតក្នុងលក្ខណៈសង្គ្រាម បន្ទាប់ពីបញ្ចប់សង្គ្រាមកូរ៉េឆ្នាំ១៩៥០-១៩៥៣ ដោយមិនទាន់មានសន្ធិសញ្ញា ឬកិច្ចព្រមព្រៀងសន្តិភាពនៅឡើយទេ៕ ដោយ៖ ធីរីណា

រូបថត៖KCNA


ចែករំលែក៖