ខេត្តព្រះសីហនុ៖ បេីតាមប្រភពព័ត៌មានពីស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឱ្យដឹងនៅថ្ងៃចន្ទ ១១រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២នេះថា៖ ក្រោមការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កាលពីយប់មិញនេះបានចាត់ឱ្យលោកវរសេនីយ៍ទោ ឌិន លីក្រូ ស្នងការរងទទួលផែនការងារ គ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងអគ្គីភ័យ បានដឹងនាំកម្លាំងការិយាល័យគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងជាតិពុល សហការណ៍ជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌ កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក កម្លាំងនគរបាលការពារអន្តរាគមន៍ បានធ្វេីការចុះឆែកឆេរអាវុធគ្រឿងផ្ទុះ និងបទល្មើសៗ នៅតាមទីតាំងសំខាន់ៗនៅក្នុងក្រុងព្រះសីហនុ។
ដោយឡែកនៅយប់ថ្ងៃដដែលនោះ កម្លាំងអន្តរាគមន៍ពិសេស សហការណ៍ជាមួយកម្លាំងអន្តរាគមន៍នាយកដ្ឋាននគរបាលបង្ក្រាបលើផ្ទៃសមុទ្រ ល្បាតពេលយប់ ក្នុងភូមិសាស្រ្តស្មុកស្មាញ និងតាមឆ្នេរ ក្នុងខេត្តព្រះសីហនុ ដើម្បីការពារ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ។
លុះនៅព្រឹកថ្ងៃចន្ទទី២៨ ខែមីនា ឆ្នាំ២០២២នេះ កម្លាំងការិយាល័យចរាចរណ៍ផ្លូវគោកខេត្ត បានឈរជើងនៅតាមគោលដៅសំខាន់ៗ និងបានចុះសម្រួលចរាចរណ៍ជូនសិស្សានុសិស្ស នៅតាមសាលារៀន ក្នុងភូមិសាស្រ្តក្រុងព្រះសីហនុផងដែរ៕
ដោយ៖សហការី