ព័ត៌មានទាន់ហេតុការណ៍៖

លោករដ្ឋមន្រ្តី វេង សាខុន បានទទួលជួបលោកស្រី MIYAHARA Ai នាយិកាអង្គការ JICA ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅវេលាម៉ោង ១៥:និង០០នាទី ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ លោករដ្ឋមន្រ្តី វេង សាខុន បានទទួលជួបលោកស្រី MIYAHARA Ai នាយិកាអង្គការ JICA ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងក្រុមការងារបច្ចេកទេសដើម្បីពិនិត្យ និងវាយតម្លៃរួមលើវឌ្ឍនភាពនៃការអនុវត្តគម្រោងស្តីពី “Development and Dissemination of Sustainable Production System Based on Invasive Pest Management   of Cassava” នៅកម្ពុជា។ 

បន្ទាប់ពីបានស្តាប់នូវបទបង្ហាញអំពីលទ្ធផលនៃការស្រាវជ្រាវមួយស្តីពី “”ការការពារជំងឺរួញស្លឹក  ម៉ូសាអ៊ិចដំឡូងមី” ដែលសហការស្រាវជ្រាវជាមួយសកលវិទ្យាល័យជាតិបាត់ដំបង យ៉ាងលម្អិត  ដោយបណ្ឌិត KAWAKAMI Tsukasa (Project Coordinator) រួចមក លោករដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោកស្រីនាយិកា និងវាយតម្លៃខ្ពស់ក្រុមការងារបច្ចេកទេសដែលបានខិតខំស្រាវជ្រាវលើប្រធានបទសំខាន់មួយនេះ  ទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់។ លោករដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថាលទ្ធផលនៃការស្រាវជ្រាវនេះ គឺជាការរកឃើញថ្មីមួយទៀតទាក់ទងនឹងផលិតកម្មដំឡូងមី ជាពិសេសគឺជំងឺរួញស្លឹកម៉ូសាអ៊ិចដើមដំឡូងមីដែលកម្ពុជា ក៏ដូចជាប្រទេសក្នុងតំបន់បាននិងកំពុងប្រឈមនាពេលនេះ ជាក់ស្តែងកម្ពុជាមាន ១០ខេត្ត ដែលកំពុងមានបញ្ហានេះ។ 

លោករដ្ឋមន្ត្រីបានលើកឡើងថា វិធីសាស្រ្តស្រាវជ្រាវដែលក្រុមការងារបានលើកឡើងសុទ្ធតែ  ជាមេរៀនល្អៗសម្រាប់ប្រជាកសិករ និងម្ចាស់ចម្ការយកទៅសិក្សារៀនសូត្របង្កើនចំណេះដឹង និងបទពិសោធន៍ ដើម្បីយកទៅអនុវត្តជាក់ស្តែង ក្នុងនោះមានដូចជា ៖

១- តើអ្វីជាជំងឺរួញស្លឹកម៉ូសាអិចលើដំឡូងមី?

២- ភាពខុសគ្នារវាងជំងឺរួចស្លឹកម៉ូសាអិចលើដំឡូងមី និងរោគសញ្ញាបង្កឡើងដោយថ្នាំសម្លាប់ស្មៅ

៣- លក្ខណ:ខុសគ្នានៃការរីករាលដាលរបស់ជំងឺ

   ៣.១ ការរីករាលដាលតាមរយ:ការចែកចាយកំណាត់ពូជដំឡូងមី

   ៣.២ ភ្នាក់ងារចម្លងជំងឺរួញស្លឹកម៉ូសាអ៊ិចលើដំឡូងមី

៤- វិធីសាស្រ្តគ្រប់គ្រងជំងឺរួញស្លឹកម៉ូសាអ៊ិចលើដំឡូងមី និង

៥- វិធីសាស្រ្តគ្រប់គ្រងចម្ការដែលឆ្លងជំងឺ

លោករដ្ឋមន្ត្រីបានសម្តែងការគាំទ្រលើលទ្ធផលទទួលបាន ដោយឡែកចំពោះបញ្ហាដែលនៅសេសសល់ លោករដ្ឋមន្ត្រីស្នើសុំឲ្យក្រុមការងារជំនាញខាង JICA បន្តសហការស្រាវជ្រាវជា មួយអគ្គនាយកដ្ឋានកសិកម្ម ដើម្បីផលិតពូជដំឡូងមីល្អមួយ ដែលធន់នឹងជំងឺរួញស្លឹកម៉ូសាអ៊ិចលើដំឡូងមី ផ្តល់ទិន្នផលខ្ពស់ និងមានគុណភាពល្អ ដើម្បីធ្វើការផ្សព្វផ្សាយជូនដល់ប្រជា កសិករយកទៅធ្វើការដាំដុះ និងធានាបាននូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ ៕

ដោយ ៖ សិលា


ចែករំលែក៖