ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលរាជធានីភ្នំពេញកំពុងរៀបចំតុបតែងភ្លើងពណ៌នៅរមណីយដ្ឋានវត្ដភ្នំ និងរមណីយដ្ឋានជាច្រើនកន្លែងទៀត ដើម្បីទទួលភ្ញៀវទេសចរចូលមកលេងកម្សាន្តក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនេះ

ចែករំលែក៖

ភ្នំពេញ៖ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំនេះនឹងប្រព្រឹត្តទៅតាមដំណើរសង្ក្រាន្ត ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង ១០:០០នាទីព្រឹក រហូតដល់ ថ្ងៃទី១៦ ខែមេសា ហើយទេព្ដាឆ្នាំថ្មីនេះ ព្រះនាមកិរិណីទេវី ។

    ជុំវិញពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីនេះអាជ្ញាធររាជធានីភ្នំពេញក៏បានត្រៀមរួចរាល់ទាំងការរៀបចំការតុបតែងរាជធានី ការធ្វើពិធីសាសនា ការរៀបចំឱ្យមានការលេងល្បែងប្រជាប្រិយគ្រប់ប្រភេទ និង កិច្ចការពាររក្សាសន្តិសុខ សុវត្ថិភាព របៀបរៀបរយសង្គម និងសណ្តាប់ធ្នាប់ឱ្យបានល្អទាំងមុនទាំងក្រោយ និងក្នុងអំឡុងពេលពិធីបុណ្យនេះ ។

     ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំខាល ចត្វាស័ក ពស.២៥៦៦ គ.ស.២០២២ ព្រះនាម កិរិណីទេវី នឹង ប្រព្រឹត្តទៅតាមដំណើរសង្ក្រាន្តនាថ្ងៃ ព្រហស្បតិ៍១៣ កើត ខែចេត្រ ត្រូវនឹង ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង ១០:០០ នាទីព្រឹកជាថ្ងៃចូលឆ្នាំថ្មី, ថ្ងៃសុក្រ ១៤ កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ ២០២២ ជាថ្ងៃ វ័នបត , ថ្ងៃ សៅរ៍ ១៥ កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ ជាថ្ងៃឡើងស័ក គម្រប់សង្ក្រាន្ត៣ថ្ងៃ ចប់ដោយបរិបូណ៌ និងចូលឆ្នាំខាល ចត្វាស័កតរៀងទៅ។

    រដ្ឋបាលរាជធានីក៏បានត្រៀមរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត និងពិធី ទទួលទេវតាឆ្នាំថ្មីនៅរមណីយដ្ឋាន វប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ។ ចំពោះមន្ទីរ ព័ត៌មានរាជធានីភ្នំពេញត្រូវចាត់តាំង បណ្តាញវិទ្យុ និងស្ថានីយវិទ្យុ – ទូរទស្សន៍ ប៉ុស្តិ៍លេខ៣ រាជធានីភ្នំពេញ ចុះធ្វើ សកម្មភាពយកព័ត៌មាន ថតរូប ថត ទូរទស្សន៍នូវរាល់សកម្មភាព ទិដ្ឋភាព ជាក់ស្ដែងនាថ្ងៃបុណ្យទាំងពិធីខាង សាសនា និងទាំងពិធីខាងប្រពៃណីជាតិ ដូចជា សកម្មភាពលេងល្បែងប្រជាប្រិយ គ្រប់ប្រភេទតាមតំបន់នីមួយៗ ហើយ ធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយជូន ប្រជាពលរដ្ឋ ទេសចរជាតិ និងអន្តរជាតិ ទស្សនា និងយល់ជ្រួតជ្រាបពីពិធីបុណ្យ ប្រពៃណីជាតិ ។

    មន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ តាមការណែនាំពីអាជ្ញាធរ រាជធានី បានរៀបចំតុបតែងលម្អបំភ្លឺភ្លើង តាមបណ្ដាសួនច្បារ និងតាមដងផ្លូវឱ្យបានព្រោងព្រាត ដំឡើងរបាកាត់ទទឹងផ្លូវ នៅមហាវិថីសំខាន់ៗដើម្បីចូលរួម អបអរសាទរពិធីបុណ្យ លាងសម្អាតតាមបណ្តាមហាវិថី និងវិថីសំខាន់ៗដើម្បីធានា រក្សាបរិស្ថាន និងសោភណភាពស្រស់ស្អាត ព្រមទាំងរៀបចំដាក់ធុងសំរាម និង បង្គន់អនាម័យចល័តនៅរមណីយដ្ឋាន វប្បធម៌ ប្រវត្តិសាស្ត្រវត្តភ្នំ និងទីតាំង សាធារណៈនានាឱ្យបានគ្រប់គ្រាន់ និង សមស្របតាមទំហំទីតាំង ។

     ស្នងការដ្ឋាននគរបាលរាជធានី ភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថ រាជធានីភ្នំពេញ និងបញ្ជាការដ្ឋាន យោធភូមិភាគពិសេស ត្រូវរៀបចំនិង អនុវត្តផែនការការពារ រក្សាសន្តិសុខ សុវត្ថិភាព របៀបរៀបរយសង្គម និង សណ្តាប់ធ្នាប់ឱ្យបានល្អទាំង មុន ក្រោយ និងអំឡុងពេលពិធីបុណ្យដើម្បីធានាឱ្យ ប្រជាពលរដ្ឋបានចូលរួមពិធីបុណ្យ ប្រកបដោយសុវត្ថិភាព និងភាពសប្បាយ រីករាយនៅគ្រប់ទីកន្លែង ។ ជាមួយគ្នានេះ ត្រូវបង្កើនការយកចិត្តទុកដាក់ និងជួយ សម្រួលចរាចរណ៍នៅតំបន់គោលដៅ ដែលមានការកកស្ទះខ្លាំង ។ ដោយឡែក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ត្រូវចាត់តាំងក្រុមពន្លត់អគ្គិភ័យ និង ត្រៀមរថយន្តពន្លត់អគ្គិភ័យឱ្យបាន គ្រប់គ្រាន់ដើម្បីប្រចាំការជួយសង្គ្រោះ បន្ទាន់នៅពេលមានបញ្ហាគ្រោះអគ្គិភ័យ ណាមួយកើតឡើងជាយថាហេតុ ៕

ដោយ ៖ សំរិត


ចែករំលែក៖