ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តបុកម៉ូតូបណ្តាលឱ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុខណៈដែលរូបគាត់កំពុងជិះម៉ូតូតាមផ្លូវហើយត្រូវរថយន្តបើកបុកកិនបែកក្បាលនៅលើផ្លូវក្រាលកៅស៊ូត្រង់ចំណុចភូមិត្រពាំងអន្ទង់ ឃុំចាន់សែន ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីល្ងាចថ្ងៃទី២៨ខែមីនាឆ្នាំ២០២២។

   មន្ត្រីនគរបាលមូលដ្ឋានបានឱ្យដឹងថាមុនពេលកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាក HONDA C90 ពណ៌ឈាមជ្រូក  ពាក់ស្លាកលេខកំពង់ស្ពឺ 1H-6459 បើកបរដោយឈ្មោះ ភឿន ញ៉ា ភេទប្រុស អាយុ២៧ឆ្នាំ(ស្លាប់) រស់នៅភូមិស្វាយទឹកឫស្សី ឃុំមានជ័យ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ បើកបរតាមបណ្តោយផ្លូវខាងលើ លុះមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តមួយគ្រឿងមិនស្គាល់ម៉ាក និងអ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (បើកបរគេចខ្លួនបាត់) បើកក្នុងទិសដៅពីកើតទៅលិចបញ្ច្រាសគ្នាបានជ្រុលមកបុកម៉ូតូពេញទំហឹងបណ្តាលឱ្យជនរងគ្រោះបែកក្បាលស្លាប់ភ្លាមៗតែម្តង។

    ប្រភពបានបន្តទៀតថា ក្រោយកើតហេតុមន្ត្រីនគរបាលជំនាញបានធ្វើការវាស់វែង និងបានប្រគល់សពជនរងគ្រោះឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

    ចំពោះវត្ថុតាងម៉ូតូខាងលើសមត្ថកិច្ចជំនាញបានយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចាន់សែនដើម្បីធ្វើការស្រាវជ្រាវរករថយន្តបង្កយកមកអនុវត្តតាមនីតិវិធី៕

ដោយ៖ចន្ទ លីហ្សា


ចែករំលែក៖