ខេត្តស្វាយរៀង ៖ មានការភ្ញាក់ផ្អើលទាំងយប់ដល់ក្រុមគ្រួសារនិងអ្នកភូមិនាំគ្នាប្រញាប់ប្រញាល់ជួយសង្គ្រោះលើកជនរងរងគ្រោះមកកប់ក្នុងខ្សាច់និងធ្វើចលនាបេះដូង តែជាអកុសលហួសពេលទៅហើយ ខណៈដែលបុរសម្នាក់ស្រវឹងស្រាហើយបានតខ្សែភ្លើងដាក់ម៉ូទ័របូមទឹកតែភ្លាត់ស្នៀតបណ្តាលឱ្យឆក់ខ្លួនឯង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៤៥នាទីយប់ថ្ងៃទី២៨ ខែមីនាឆ្នាំ២០២២ នៅត្រង់ចំណុចភូមិតាស្អាង ឃុំកំពង់ចម្លង ស្រុកស្វាយជ្រំ។
យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា បុរសខាងលើមានឈ្មោះកុយ ចន្ថា អាយុ៣៤ឆ្នាំ រស់នៅភូមិតាស្អាង ឃុំកំពង់ចម្លង ស្រុកស្វាយជ្រំ។
បើតាមអ្នកភូមិបានឱ្យដឹងថា មុនកើតហេតុបុរសឈ្មោះកុយ ចន្ថា បានផឹកស្រាស្រវឹងហើយក៏មានបំណងតខ្សែភ្លើងដាក់ម៉ូទ័របូមទឹក តែបានភ្លាត់ស្នៀតបណ្តាលឱ្យចរន្តអគ្គិសនីឆក់បង្កការភ្ញាក់ផ្អើលទាំងយប់ដល់ក្រុមគ្រួសារនិងអ្នកភូមិនាំគ្នាប្រញាប់ប្រញាល់ជួយសង្គ្រោះលើកយកមកកប់ក្នុងខ្សាច់ហើយធ្វើចលនាបេះដូងឱ្យ តែអកុសលហួសពេលទៅហើយ។
តាមសមត្ថកិច្ចបញ្ជាក់ថា បុរសខាងលើគឺពិតជាស្លាប់ដោយសារត្រូវខ្សែភ្លើងម៉ូទ័របូមទឹកឆក់ប្រាកដមែន គឺមិនមានស្លាកស្នាមអ្វីដែលសម្គាល់ថាជារឿងឃាតកម្មនោះឡើយ។
ក្រោយមកសមត្ថកិច្ចបានប្រគល់សពទៅឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត៕
ដោយ៖យឹម សុថាន