ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានទទួលជួបជាមួយ លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ ក្រសួងសុខាភិបាល បានបញ្ជាក់អោយដឹងថា, នារសៀលថ្ងៃចន្ទ ១១រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ ដោយទទួលបានការអនុញ្ញាតពី លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានទទួលជួបជាមួយ លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា អមដំណើរដោយលោកស្រី Nancy Eslick ប្រធានបេសកកម្មរបស់ទីភ្នាក់ងារសហរដ្ឋអាមេរិក ដើម្បីអភិវឌ្ឍន៍អន្តរជាតិ (USAID) និងលោកស្រីវេជ្ជបណ្ឌិត Rachel Albalak ប្រធានមជ្ឈមណ្ឌលបង្ការ និងគ្រប់គ្រងជំងឺឆ្លងសហរដ្ឋអាមេរិក (US-CDC) នៅទីស្តីការក្រសួងសុខាភិបាល។

គោលបំណងសំខាន់នៃកិច្ចប្រជុំនេះគឺ ដើម្បីសិក្សាស្វែងយល់អំពីប្រព័ន្ធសុខាភិបាលកម្ពុជា ពិភាក្សាអំពីកិច្ចសហប្រតិបត្តិការពង្រឹងសុខាភិបាល ក្នុងក្របខណ្ឌនៃកិច្ចព្រមព្រៀង ៥ឆ្នាំបន្ត (DOG)។

លោកស្រីវេជ្ជបណ្ឌិត រដ្ឋលេខាធិការ បានជម្រាបជូនគណៈប្រតិភូអំពីស្ថានភាពជំងឺកូវីដ-១៩ ព្រមទាំងយុទ្ធនាការចាំបាច់ និងសំខាន់ៗ ដែលត្រូវបានអនុវត្តនាពេលកន្លងមករហូតឈានទៅគ្រប់គ្រងការរាតត្បាត និងការបើកប្រទេសឡើងវិញក្នុងគន្លងប្រក្រតីភាពថ្មី។ លទ្ធផលសម្រេចដ៏ជាទីមោទនៈនេះ បានមកពីការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន  សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈការដាក់ចេញនូវផែនការយុទ្ធសាស្ត្រប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងផែនការស្រោចស្រពចាក់វ៉ាក់សាំងកូវីដ-១៩ តាមយុទ្ធសាស្រ្តផ្ការីក។ ជាមួយគ្នានេះក្នុងនាមក្រសួងសុខាភិបាល លោកស្រីវេជ្ជបណ្ឌិត បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនអាមេរិកដែលបានផ្តល់នូវវ៉ាក់សាំងបង្ការកូវីដ-១៩ Johnson & Johnson ចំនួនជាង ១លានដូស នាពេលកន្លងមក និង Pfizer ចំនួនជាង ២លានដូស ដែលនឹងត្រូវមកដល់នាពេលខាងមុខតាមរយៈមជ្ឈមណ្ឌលកូវ៉ាក់។ លោកស្រីបានជម្រាបជូនគណៈប្រតិភូថា ថ្មីៗនេះក្រសួងសុខាភិបាលបានដាក់ចេញនូវផែនការជម្រុញការថែទាំសុខភាពបឋម (Primary Healthcare Booster) ដោយផ្តោតលើតម្រូវការរបស់សហគមន៍ ដែលទាមទារឱ្យមានការចូលរួមពីប្រជាជន ជាមួយនឹងការគាំទ្រពីដៃគូអភិវឌ្ឍន៍។

លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានអបអរសាទរ និងកោតសរសើរនូវការខិតខំជាបន្តបន្ទាប់ និងជាប្រចាំរបស់ក្រសួងសុខាភិបាល ក្នុងការពង្រឹងប្រពន្ធសុខាភិបាល ការលើកកម្ពស់គុណភាពសុខាភិបាល ជាពិសេសការគ្រប់គ្រងការរាតត្បាតនៃជំងឺកូវីដ-១៩។ លោកបានបញ្ជាក់គោលជំហររបស់សហរដ្ឋអាមេរិក ក្នុងការបន្តគាំទ្រពង្រឹងវិសយសុខាភិបាល ព្រមទាំងពិនិត្យលទ្ធភាពសហប្រតិបត្តិការក្នុងផែនការជម្រុញការថែទាំសុខភាពបឋម (Primary Healthcare Booster) ដោយផ្តោតលើតម្រូវការរបស់សហគមន៍ដែលទើបនឹងផ្តួចផ្តើមអនុវត្តថ្មីៗនេះ ។

លោកស្រីរដ្ឋលេខាធិការ បានថ្លែងអំណរគុណដល់សហរដ្ឋអាមេរិក តាមរយៈអង្គការ USAID និងUS-CDC ដែលជានិច្ចកាលតែងតែសហការ គាំទ្រក្រសួងសុខាភិបាលក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រសុខាភិបាល ដើម្បីលើកម្ពស់សុខភាពរបស់ប្រជាជន ឈានទៅកាន់គ្របដណ្តប់សុខភាពជាសកលដោយមិនទុកចោលប្រជាជនណាម្នាក់ឡើយ ៕

ដោយ ៖ សិលា


ចែករំលែក៖