ព័ត៌មានទាន់ហេតុការណ៍៖

ដំរីស្រុកញីមួយក្បាលដែលដំរីព្រៃឈ្មោលគៀងយកទៅកាល២ឆ្នាំមុនឥឡូវកើតបានកូនមួយក្បាលហើយ

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖ ពីឆ្នាំមុនដំរីស្រុកញីមួយក្បាលនេះត្រូវបានដំរីព្រៃឈ្មោលចេញមកគៀងចូលទៅព្រៃ ឥឡូវប្រសូត្របានកូនមួយ (មណ្ឌលគិរី)។ នេះជាការប្រកាសឲ្យដឹងដោយរដ្ឋមន្ត្រីក្រសួងបរិស្ថានលោកសាយសំអាល់តាមរយៈពេលហ្វេសប៊ុករបស់លោកនៅព្រឹកថ្ងៃទី ២៩ ខែមីនាឆ្នាំ ២០២២ នេះ។

លោកកែវ សុភក៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីអោយដឹងអំពីប្រវត្តិកូនដំរីមួយក្បាលនេះថា ជីពេជ្រគឺជាកូនដំរីព្រៃញី០១ក្បាលដែលកើតចេញពីសេចក្តីស្នេហារវាងដំរីព្រៃឈ្មោល និងដំរីស្រុកញីឈ្មោះ ជីប៉ាល់។ ជីពេជ្រនាងកើតនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ដែលអាជ្ញាធរខេត្ត ក៏ដូចជាក្រុមការងារអភិរក្ស មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី និងបងប្អូនជនជាតិដើមភាគតិចព្នងនៅភូមិពូត្រុំរងចាំអស់រយ:ពេល២៣ខែ៣ថ្ងៃដែលជីពេជ្របានប្រសូត្រចេញមកជាកូនដំរីញី១ក្បាលដែលមានឪពុកជាដំរីព្រៃ និងម្តាយជាដំរីស្រុក។ 

សូមបញ្ជក់ថារឿងរ៉ាវស្នេហារវាងដំរីញីឈ្មោះជីប៉ាល់ និងដំរីព្រៃឈ្មោលមិនស្គាល់ឈ្មោះបានកើតឡើងក្នុងកំឡុងថ្ងៃទី២២ មេសា ឆ្នាំ២០២០ ដែលរហូតមកដល់ពេល នេះគឺរយៈពេលពីរឆ្នាំហើយកាលនោះមានដំរីព្រៃឈ្មោល មួយក្បាលបានដើរចេញពីព្រៃនៃដែនជម្រកសត្វព្រៃកែវសីមា ហើយបានជួបដំរីស្រុកញីឈ្មោះ ជីប៉ាល់ ។ ដោយលុងនិងសម្រស់នាងជីប៉ាល់ដំរីឈ្មោលនោះបានល្បួងលួងលោមស្នេហ៍នាងជីប៉ាល់រួចក៏បានគៀងនាងជីប៉ាល់ដែលជាដំរីស្រុកញីចូលព្រៃអស់ពីរសប្តាហ៍ជាលទ្ឋផលដំរីឈ្មោលព្រៃបានធ្វើឲនាងជីប៉ាល់មានផ្ទៃពោះហើយបានប្រសូត្របានកូនដំរីញី០១ក្បាលដែលបងប្អូនជនជាតិដើមភាគតិចព្នងនៅភូមិត្រុំបានដាក់ឈ្មោះថា ជីពេជ្រ ។

 រឿងកូនដំរីញីឈ្មោះជីពេជ្រនេះគឺជារឿងពិតដែលកើតឡើងតាំងពីថ្ងៃទី២២ មេសា ឆ្នាំ២០២០មកម្ល៉េះ។តាមទំលាមទំលាប់ប្រពៃណីរបស់បងប្អូនជនជាតិដើមភាគតិចព្នងក្នុងខេត្តមណ្ឌលគិរីកាលណាដំរីស្រុកមានកូនគេត្រូវតែសែនព្រេនដោយកាប់ក្របី គោ ជ្រូកមាន់ទា ដើម្បីសុំសេចក្តីសុខ។

លោកកែវ សុភក៌ ថ្លែងថា ក្នុងនាមមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ជានិច្ចកាលតែងតែគាំទ្រទៅលើសកម្មភាពអភិរក្ស ធនធានធម្មជាតិ វប្បធម៌ ប្រពៃណីទំលាមទំលាប់របស់បងប្អូនជនជាតិដើមភាគតិចព្នងនៅក្នុងខេត្តមណ្ឌលគិរី។

គួរបញ្ជាក់ឲ្យដឹងថា នៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ សត្វដំរីព្រៃស្ដមួយក្បាល តាមបណ្ដើរនិងកៀងសត្វដំរីស្រុកញីចំនួន៣ក្បាលរបស់អ្នកភូមិ រហូតឈានដល់ហ្មដំរី និងមនុស្សសរុប៥នាក់បានរត់ឡើងលើដើមឈើគេចពីការតាមឈ្មុសរបស់ដំរីព្រៃ១ក្បាលនេះ។ហេតុការណ៍នេះកើតឡើងតាំងពីយប់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ នៅចំណុចព្រៃខាងក្រោយផ្ទះរបស់អ្នកភូមិពូត្រុំ ក្នុងសង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ក្នុងដែនជម្រកសត្វព្រៃកែវសីមា៕

ដោយ៖ សូរិយា


ចែករំលែក៖