ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តហុីយ៉ាន់ដាយចុះពីលើស្ពានអាកាសស្ទឹងមានជ័យក្នុងល្បឿនលឿននិងមិនប្រយ័ត្នបានជ្រុលទៅបុកខឿន និងបុករះបង្កាន់ដៃស្ពានព្រមទាំងបង្គោលភ្លើង១ដើមបណ្ដាលឱ្យបាក់រាបដល់ដីរងការខូចខាតយ៉ាងដំណំ ឯរថយន្តបង្កកល់លើខឿនទៅមុខលែងរួច។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៨ និង១០នាទីព្រឹកថ្ងៃអង្គារ ទី២៩ ខែមីនា ឆ្នាំ២០២២ នៅត្រង់ចំណុចលេីស្ពានអាកាសស្ទឹងមានជ័យ តាមបណ្ដោយផ្លូវលេខ២៧១ ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តម៉ាកហ៊ីយ៉ាន់ដាយ ក្បាលពណ៌ស ពាក់ស្លាកលេខភ្នំពេញ3C-3873តាមបណ្ដោយផ្លូវលេខ២៧១ពីត្បូងទៅជើងឡើងស្ពានអាកាសស្ទឹងមានជ័យក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើដោយស្ថានភាពផ្លូវកោងផងនោះរថយន្តបានជ្រុលទៅបុករះខឿននិងបង្កាន់ដៃស្ពានព្រមទាំងបង្គោលភ្លើងបំភ្លឺផ្លូវបាក់១ដើមរងការខូចខាតយ៉ាងដំណំ ហើយភ្លាមៗនោះដែរតៃកុងរថយន្តឃើញសភាពការណ៍មិនស្រួលក៏ចុះរត់គេចខ្លួនបាត់ទៅ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកធ្វេីការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំឲ្យម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយតាមច្បាប់ ៕
ដោយ ៖ ភារ៉ា ដង្កោ