ខេត្តបន្ទាយមានជ័យ ៖ លោកទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា អមដំណើរដោយលោក លី សារី អភិបាលរងខេត្ត តំណាងឱ្យលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោក លោកស្រី ប្រធាន.អនុប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ នេះ បានអញ្ជើញចុះត្រួតពិនិត្យ ផ្ទះអតីតយុទ្ធជនដែលរងគ្រោះដោយខ្យក់កន្រ្តាក់ នៅលើដីសម្បទានសង្គមកិច្ច មជ្ឈមណ្ឌលតេជោសន្តិភាព តំបន់ការ៉េ២(២២២២) ប្រមាណជាង ១០៧គ្រួសារ ស្ថិតក្នុងឃុំប៉ោយចារ ស្រុកភ្នំស្រុក ។ ការរងគ្រោះដោយខ្យល់កន្រ្តាក់នេះកើតឡើងកាលពីល្ងាចថ្ងៃទី២៧ ខែមីនា កន្លងមកថ្មីៗនេះ។
ក្នុងឱកាសនោះ លោកទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា មានប្រសាសន៍បញ្ជាក់ថា៖ គណៈ:កម្មការបានចាត់ចែងក្រុមជាង ដើម្បីធ្វើផ្ទះថ្មីជូនអតីតយុទ្ធជនដែលផ្ទះរបស់គាត់ប៉ះពាល់ខ្លាំង(ខូចខាតទាំងស្រុង) នោះហើយ។
លោកទេសរដ្ឋមន្រ្តីក៏បានបញ្ជាក់ផងដែរថា ជាមួយនេះយើងត្រូវធ្វើថ្មីឲ្យហើយក្នុងរយៈពេល ១ខែ ក្នុងចំនួនផ្ទះ ៣៩ខ្នង។ ដោយឡែកផ្ទះប៉ះពាល់ស្រាល គឺប្រគល់ឲ្យអាជ្ញាធរខេត្ត ស្រុក ក្រុង កងកម្លាំង និងមន្ទីរអង្គភាព ទទួលបន្ទុក ត្រូវរួមគ្នាធ្វើការជួសជុលឡើងវិញ ដោយកំណត់ឲ្យហើយមុនចូលឆ្នាំខ្មែរ ក្នុងចំនួនផ្ទះ ៦៨ខ្នង។
ដោយឡែក លោក ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ក៏បានផ្តាំផ្ញើឲ្យបងប្អូនអតីតយុទ្ធជនទាំងអស់ត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់ចំពោះអាកាសធាតុ ព្រោះរដូវនេះជារដូវដែលមានភ្លៀងធ្លាក់ រួមជាមួយនិងខ្យល់កន្រ្តាក់ផងដែរនោះ និងអាចបង្កជាយថាហេតុណាមួយកើតឡើងចំពោះបងប្អូន ហើយត្រូវតែបន្តនូវការ ការពារខ្លួនឲ្យបានខ្ពស់បំផុត ព្រមទាំងត្រូវតែធ្វើតាមការណែនាំរបស ក្រុមគ្រូពេទ្យ ពិសេស អនុវត្តតាម អនុសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា គឺវិធានការ ៣ការពារ និង ៣កុំ ឲ្យខាងតែបាន៕
ដោយ ៖ វណ្ណា