ភ្នំពេញ៖ បើយោងតាមប្រភពព័ត៌មានពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅថ្ងៃពុធទី៣០ ខែមីនា ឆ្នាំ២០២២នេះថា៖ ដោយមានការដឹកនាំបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌបឹងកេងកង កម្លាំងអន្តរាគមន៍ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង នៅយប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ បានចេញល្បាត ពួនស្ទាក់ ការពារសន្តិសុខ សុវត្ថិភាព ក៏ដូចជាការបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសផ្សេងៗ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌបឹងកេងកង។
ប្រភពដដែលបន្តថា កាលពីថ្ងៃទី២៩ ខែមីនាម្សិលមិញនេះដែរ លោកឧត្តមសេនីយ៍ត្រី ស៊ុម សុឃីម ស្នងការរង ទទួលផែនការងារគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងអគ្គិភ័យ បានចុះត្រួតពិនិត្យអាវុធតាមបណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាលចំណុះអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដោយមានការចូលរួមពីលោកវរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌបឹងកេងកង និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតផងដែរ។
គួរជម្រាបដែរថា ក្រុមការងារព័ត៌មាន និងប្រតិកម្មហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ តែងតែយកចិត្តទុកដាក់អំពីការខំមិនរបស់ប្រជាពលរដ្ឋ ចូលមកក្នុងផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងផ្តល់ព័ត៌មានផ្សេងៗ ជាពិសេសសកម្មភាពអ្នកជួបជុំផឹកសុី ចាក់ធុងបាស់ បង្កសម្លេងរំខានដល់អ្នកជិតខាតមិនអាចសម្រាកបាន។
ជាការឆ្លេីយតបទៅវិញភ្លាមឱ្យសមត្ថកិច្ចបណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់ចំនួន ១៤ខណ្ឌក្នុងរាជធានីភ្នំពេញ ចុះដល់ទីតាំងដើម្បីធ្វើការណែនាំអប់រំ និងបញ្ឈប់សកម្មភាពផងដែរ។
ជាមួយគ្នានេះ ស្នងការនគរបាលរាជធានីភ្នំពេញ ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមចូលរួមគោរពសិទ្ធអ្នកជិតខាង ព្រោះពេលយប់គ្រប់គ្នាត្រូវការសម្រាក ផ្ទះខ្លះមានមនុស្សចាស់ មានអ្នកជំងឺ មានកូនតូចៗ ដូច្នេះត្រូវចេះគិតពិចារណា និងយល់ដល់អ្នកជិតខាងផង !!!៕
ដោយ៖ស តារា